ស្មៅ​ដំរី​

265

​ស្ថានភាព​ទូទៅ​
​ពីមុន​កសិករ​ចិញ្ចឹមសត្វ​ជា​ទំលាប់ គឺ​លែង​ឲ្យ​ស៊ី​ដោយ​សេរី ។ បច្ចុប្បន្ន​សត្វ​កើន និង​ផ្ទៃដី​ដាំ​ដុះ​ត្រូវបាន ពង្រីក​នាំ​ឲ្យ​ដី​វាល​ចំណី​សត្វ​ថយចុះ ។ កសិករ​មិនអាច​លែង​សត្វ​សេរី​បាន​ដូច​មុន​ទៀត​ទេ ។ កសិករ​ភាគច្រើន​ត្រូវ​ចំណាយពេល​ស្វែងរក​ស្មៅ និង​ចំណាយ​ថវិកា​សំរាប់​ទិញ​ស្មៅ ពេលខ្លះ​ការលំបាក​ខ្លាំង​កសិករ​បង្ខំ​ចិត្តកា​ត់​បន្ថយ​ចំនួន​សត្វ​ចិញ្ចឹម ។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ដំណាំ​ចំណី​សត្វ គឺជា​ដំណោះស្រាយ​សាមញ្ញ និង​សមស្រប​មួយ​សម្រាប់​កសិករ ។​

​តើ​ដំណាំ​ចំណី​សត្វ​ជា​អ្វី​?
​គឺជា​ពពួក​ស្មៅ ពពួក​លេ​ហ្គី​ម​វា និង​ពពួក​រុក្ខជាតិ​លេ​ហ្គី​ម ឬ ចុ​ល្ល​ព្រឹក្ស​ដែល​គេ​ដាំ​ថែទាំ ស្រោច​ទឹក បោចស្មៅ​ចង្រៃ សម្រាប់​ប្រើប្រាស់​ជា​ចំណី​សត្វ ។ ពពួក​ដំណាំ​ចំណី​សត្វ​ទាំងនេះ ភាគច្រើន​ត្រូវបាន នាំចូល​មកពី​បរទេស ហើយ​ដែល​ត្រូវបាន​ឆ្លងកាត់​ការវាយតម្លៃ​ដោយមាន​ការចូលរួម​ពី​កសិករ អ្នក​ផ្សព្វផ្សាយ និង​អ្នកស្រាវជ្រាវ​ដែលមាន​បទពិសោធន៍ លើ​ផ្នែក​នេះ​លើ​លក្ខណៈ​របស់​ដំណាំ​ចំណី សត្វ ដែល​សមស្រប​សម្រាប់​ដាំ​នៅ​តំបន់​ត្រូ​ពិ​ក ។ ដំណាំ​ចំណី​សត្វ​ដែល​ណែនាំ​ឲ្យ​កសិករ​ដាំ​គឺជា ប្រភេទ​ចំណី ដែលមាន​ការ​ដុះ​លូតលាស់​លឿន ទិន្នផល​ខ្ពស់ និង​សមស្រប​ទៅនឹង​លក្ខណៈ​សណ្ឋាន​ដី អាកាសធាតុ​ប្រទេស​កម្ពុជា និង​សំបូរ​ទៅដោយ​សារធាតុចិញ្ចឹម ។​

គុណប្រយោជន៍​នៃ​ដំណាំ​ចំណី​សត្វ​
– បង្កើន​ជីជាតិ​ដី​តាមរយៈ​ប្រភេទ​ដំណាំ​ចំណី​សត្វ និង​ជី​លាមក​សត្វ​កើនឡើង​
– ផ្ដល់​ដល់​សត្វ​នូវ​បរិមាណ និង​គុណភាព​ចំណី​តាម​កំរិត​អាហារូបត្ថម្ភ​
– ដំណាំ​ចំណី​សត្វ មួយចំនួន​អាចជួយ​គ្រប់គ្រង​បរិស្ថាន​បានល្អ​ប្រសើរ (​ជា​គម្រប​ដី ការពារ​ដី​ហូរ​ច្រោះ បង្កើន​ជីវជាតិ​ដី និង​បំផ្លាញ​ស្មៅ​ចង្រៃ​)
– ចំណេញ​ពេលវេលា និង​ថវិកា​ចំណាយ​ក្នុងការ​ស្វែងរក ឬ​ទិញ​ស្មៅ​សំរាប់​សត្វ​
– ជួយ​កសិករ ផ្លាស់ប្ដូរ​ពី​ការចិញ្ចឹម​សត្វ​បែប​យថាផល​
– មក​មានការ​គ្រប់គ្រង​ល្អ ។​

​ខាងក្រោម​នេះ យើង​នឹង​យក​លក្ខណៈពិសេស របស់​ស្មៅ​ដំណាំ​ចំណី​សត្វ​មួយ​ប្រភេទ​ដែលមាន ឈ្មោះថា ស្មៅ​ដំរី (Elephant Grass) ។​

​ស្មៅ​ដំរី (Elephant Grass) គឺជា​ប្រភេទ​ដំណាំ​ចំណី​សត្វ មាន​ប្រភព​មកពី​ប្រទេស​អាហ្វ្រិក ដែល​នាំ​ចូលមក​ស្ថានីយ៍​ចិញ្ចឹម​គោ​ពូជ​ភ្នំ​តា​ម៉ៅ​នៅ​ឆ្នាំ ១៩៨៥ ដោយ​អង្គការ LWS ។ ជា​ស្មៅ​មាន​ដើម​ខ្ពស់​មាន​ប្រូតេអ៊ីន​ពី ១៥-១៦% អា​ស៊ូ​ត ១,៦-២,២% សារធាតុ​ស្ងួត​ដែល​អាច​រលាយ​បាន ៥០-៦៥% (​ស្មៅ​ស្ងួត​) ។ ទិន្នផល​ជា​មធ្យម​នូវ​រដូវវស្សា​ពី ២៥ ទៅ ៣០​តោន ស្មៅ​ស្រស់​/​ម្ដង​/​ហ​.​ត ។ គុណភាព​និង​ទិន្នផល​ស្មៅ​អាច​ប្រែប្រួល​ទៅតាម​ទីតាំង ភូមិសាស្ត្រ​ដី​ជីវជាតិ​របស់​ដី និង​អាយុ​របស់​ស្មៅ ។​

​បច្ចេកទេស​ដាំ​
​ក​.​ការរៀបចំ​ដី​

– ត្រូវ​ជ្រើសរើស​ដី​មិន​លិច​ទឹក ឬ មិន​ជាំ​ទឹក​ពេក​
– ត្រូវ​រៀបចំ​ដី​ឲ្យ​បាន​ស្អាត​ល្អ ដោយ​ភ្ជួរ​ដី​ឲ្យ​បាន​ជ្រៅ​ភ្ជួរ ២-៣ ដង មុនពេល​ដាំ ១៤​ថ្ងៃ​
– រាស់​បំបែក​ដី​ឲ្យ​បាន​ម៉ត់​ល្អ សំអាត​ស្មៅ​ចង្រៃ និង​ផ្ទៃដី​ធ្វើ​ឲ្យ​បាន​រាបស្មើ (​ងាយ​ដាំ​ដុះ បំប៉ន ស្រោច​ទឹក​)
– ឆូត​រង​ជា​ជួរ​ជំរៅ ២-៣ ស​.​ម ចន្លោះ​រង ០,៤​ម ដាក់​ជី​ទ្រាប់​បាត (​ជី​អាច​ម៌​គោ ឬ​ជី​កំ​ប៉ុ​ស្ត​) ។​

​ការរៀបចំ​ដី​សម្រាប់​ដាំ​ដំណាំ​ចំណី​សត្វ ។​

​ខ​.​ការដាំ ពពួក​ស្មៅ​ប្រភេទ​នេះ​ងាយស្រួល​ក្នុង​ការដាំ​ណាស់ គេ​អាច​ដាំ​ដោយ​កាត់​ដើម​របស់​វា ឬ​បំបែក​កូន ។

​ការដាំ​ដើម​: ករណីនេះ​ត្រូវ​កាត់​ដើម​វា​ជា​កង់ៗ​ដោយ​ក្នុង​មួយ​កង់ៗ​មាន​បី​ថ្នាំង ។​

​ដាំ​ដោយ​សាប​គ្រាប់​: មាន​ពី​របៀប គឺ​ដាំ​ដោយ​ព្រោះ​គ្រាប់ពូជ និង​ដាំ​ដោយ​បំបែក​កូន ។​

ក​.​ការដាំ​ដោយ​ព្រោះ​គ្រាប់​: ក្រោយពី​ធ្វើ​ដី​រួច យក​គ្រាប់​ទៅ​ត្រាំ​ទឹក​ឲ្យ​រីក​ល្អ រួច​រោយ​គ្រាប់ពូជ​ក្នុង ចង្អូរ​ដែល​ឆូត​រួច (​ដោយ​ដៃ ឬ​កំប៉ុង លុប​ដី ម៉ត់​លើ​បង្ហាប់​ថ្នមៗ​) ។ ក្រោយពេល​ព្រោះ​បាន ២-៣​ថ្ងៃ​មាន បើ​មាន​ភ្លៀង​ដំណុះ​ល្អ​តែបើ​ក្រោយពេល​ព្រោះ​បាន​ពី ៧-១០​ថ្ងៃ គ្មាន​ភ្លៀង​ត្រូវ​ស្រោច​ទឹក ឲ្យ​បាន​សើម​ល្អ ។​

​ខ​.​ការដាំ​ដោយ​បំបែក​កូន​: ដើម្បី​សន្សំ​កម្លាំង​ពលកម្ម​ក្នុងការ​ថែទាំ​ស្មៅ យើង​មាន​វិធីសាស្ត្រ​មួយទៀត គឺ​សាប​ពូជ​ស្មៅ​នៅលើ​ថ្នាល​តូច​មួយ​ដូច​សំណាប ។ នៅពេលដែល​កូន​ស្មៅ​ធំ​ល្មម (​អាយុ​ប្រហែល ២០-២៥​ថ្ងៃ​) ទើប​យើង​ចាប់ផ្ដើម​បំបែក​យកទៅ​ដាំ ធ្វើបែបនេះ​អាច​ឲ្យ​យើង​មានកូន​ស្មៅ​ដាំ ពី​ដើមរដូវ​ភ្លៀង ។ តាម​ការសង្កេត​ការដាំ​ដំណាំ​ចំណី​សត្វ​ពី​ផ្នែក​លូតលាស់​វា​មានការ​លូតលាស់ លឿន​ងាយស្រួល​កំចាត់​ស្មៅ​ចង្រៃ មិន​ពិបាក​រៀបចំ​ដី​ឲ្យ​បានល្អ​នោះទេ និង​ចំណេញ​ពេលវេលា​។​

​ការថែទាំ ត្រូវ​តាមដាន​ការលូតលាស់​របស់​ស្មៅ​បោចស្មៅ​ចង្រៃ ជ្រួយដី ដាក់​ជី​បន្ថែម ។ ក្រោយពេល ព្រោះ ឬ​ដាំ​បាន ២-៣ ថ្ងៃ​មាន​ភ្លៀង​ដំណុះ​ល្អ បើ​ក្រោយពេល​ព្រោះ ឬ​ដាំ​បាន ៧-១០ ថ្ងៃ គ្មាន​ភ្លៀង ត្រូវ​ស្រោច​ទឹក​ឲ្យ​បាន​សើម​ល្អ ។​

​ការប្រមូល​ផល​

​ការប្រមូល​ផល ត្រូវ​អនុវត្តតាម​គោលការណ៍​ដូចខាងក្រោម​:
– រយៈពេល​ប្រមូល​ផល​លើក​ទី ១ នៅពេល​ស្មៅ​មាន​អាយុ​ពី​៥០ ទៅ ៦០​ថ្ងៃ​
– រយៈពេល​ប្រមូល​ផល​លើក​ទី ២ នៅពេល​ស្មៅ​មាន​អាយុ ៣០-៣៥​ថ្ងៃ ។ កាត់​ដើម​កំពស់​ពី​ផ្ទៃដី ប្រមាណ ៥-១០ ស​.​ម ។​

​ចំណាំ​: មិនគួរ​ផ្ដល់​ឲ្យ​សត្វ​ស៊ី​តែ​ស្មៅ​មួយ​មុខ​ទេ ត្រូវ​លាយ​ជាមួយ​ចំបើង ឬ​ចំណី​ផ្សេងទៀត ចៀសវាង​ការ​រាគរូស ៕ ឯកសារយោង​: គម្រោង​អនុវត្ត​ប្រសើរ​លើ​ការងារ​សុខភាព និង​ផលិតកម្ម​គោ​នៅ​កម្ពុជា​