ស្ម័គ្រចិត្ត​បរិច្ចាគ​ឈាម​ជូន​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​អាយុជីវិត​អ្នកជំងឺ​

379
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កាលពី​ព្រឹក​ថ្ងៃទី​១៦​ខែកក្កដា​ឆ្នាំ​២០១៩​នេះ​យុវជន​ស​.​ស​.​យ​.​ក​ខេត្តព្រះវិហារ​ជាច្រើនរូប​បាន​ស្ម័គ្រចិត្ត​បរិច្ចាគ​ឈាម​ជូន​មន្ទីរពេទ្យបង្អែក​១៦​មករា​ដែល​កំពុង​ជួប​បញ្ហា​ខ្វះខាត​ឈាម​ក្នុងការ​ជួយសង្គ្រោះ​ជីវិត​អ្នកជំងឺ​។​

​អញ្ជើញ​ចូលរួម​លោក​វេជ្ជបណ្ឌិត​គួ​ង​ឡូ​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តព្រះវិហារ​,​លោក​យ៉ុង​គឹម​ហ៊ាន អនុប្រធាន​ប្រចាំការ​ស​.​ស​.​យ​.​ក​ខេត្ត​តំណាង​លោក អ៊ុន ចាន់​ដា​ប្រធាន ស​.​ស​.​យ​.​ក ខេត្តព្រះវិហារ ព្រមទាំង​ថ្នាក់ដឹកនាំ​មន្ទីរពេទ្យបង្អែក​១៦ មករា និង​សមាជិក​សមាជិកា ស​.​ស​.​យ​.​ខេត្ត ព្រះវិហារ​ជា ច្រើន​រូប​ទៀត​។​

​លោក​វេជ្ជបណ្ឌិត​គួ​ង​ឡូ​បាន​ជម្រាបជូន​ថា​ការបញ្ចូល​ឈាម​ជូន​អ្នកជំងឺ​ពី​ឈាម​អ្នកស្ម័គ្រចិត្ត​ជូន​មន្ទីរពេទ្យ​នោះ​គឺមាន​សុ​វត្ថ​ភាព​ចំពោះ​អ្នកជំងឺ​ជាង​ឈាម​ដែល​ដោះដូរ​ភ្លាមៗ ឬ​ជា​ឈាម​ទិញដូរ នៅ​បណ្តាល​ប្រទេស​ក្នុង​សកលលោក​ក៏ដូចជា​ប្រទេស​ក្នុង​តំបន់​។​អ្នកជំងឺ​ដែល​ប​ញ្ចូ​ន​ឈាម​ប្រហែលជា​៩០​ភាគរយ​ជាង​ជា​ឈាម​ដែល​បានមកពី​អ្នកស្ម័គ្រចិត្ត​ផ្តល់​ឈាម​ដោយ​ឥតគិតថ្លៃ​។​ដោយឡែក​នៅ​ប្រទេស​កម្ពុជា​ចំនួន​នេះ​នៅ​ទាប​ជាង​បណ្តា​ប្រទេស​នៅក្នុង​តំបន់​ឡើយ​។​

​លោក​បាន​បន្តថា​ការផ្តល់​ឈាម​របស់​យុវជន​ស​.​ស​.​យ​.​ខេត្ត​នៅពេលនេះ​ពិតជា​បាន​ចូលរួមចំណែក​ក្នុង​ការងារ​សង្គម កាត់បន្ថយ អត្រា​មរណភាព​របស់​មាតា ពីព្រោះថា​មូលហេតុ​មរណភាព​រប​ស់មា​តា ក្នុងអំឡុងពេល​ពរ​ពោះ​សំរាល​និង​ក្រោយ​សំរាល​គឺ​មានការ​ធ្លាក់ឈាម​ក្រោយ​សំរាល​។​

​លើសពីនេះ​ទៀត​ពេលដែល​ករណី​ជំងឺគ្រុនឈាម​កំពុងតែ​មានការ​កើនឡើង​គួរឱ្យកត់សំគាល់​ដូចនេះ​មន្ទីរពេទ្យ​ប្រាកដ​ជាមាន​តម្រូវការ​ឈាម​ច្រើន​សម្រាប់​ប្រើប្រាស់​ក្នុង​ជួយសង្គ្រោះ​ជំងឺ​អ្នកជំងឺ​ជាពិសេស​គឺ​កុមារ​។​លោក​គួ​ង​ឡូ​បានបញ្ជាក់​ផងដែរ​ថា​ការផ្តល់​ឈាម​ម្តង​មាន​ចំណុះ​៣០០​មី​លី​លីត្រ​មិន​ប៉ះពាល​ដល់​សុខភាព​នោះឡើយ​។​

​ការផ្តល់​ឈាម​នេះ​ចំពោះ​បុរស​អាច​ផ្តល់​បាន​៣​ខែម្តង​ហើយ​ស្ត្រី​អាច​ផ្តល់​ឈាម​រយៈពេល​៤​ខែម្តង​។​ដោយឡែក​លោក យ៉ុង គឹម​ហ៊ាន បានឱ្យដឹងថា ថ្ងៃនេះ សមាជិក​សមាជិកា ស​.​ស​.​យ​.​ក​ចំនួន​២៨​នាក់ មក​ចូលរួម​បរិច្ចាក​ឈាម​ដោយ​ស្ម័គ្រចិត្ត​ជូន​មន្ទីរពេទ្យបង្អែក​១៦​មករា​សម្រាប់​ជួយសង្គ្រោះ​ជីវិត​អ្នកជំងឺ​។​

ជាមួយគ្នា​នោះដែរ លោក យ៉ុង គឹម​ហ៊ាន ក៏បាន​ថ្លែងអំណរគុណ​ដល់​សមាជិក សមាជិកា ស​.​ស​.​យ​.​ក ខេត្ត​ទាំងអស់ ដែល​បាន​ស្ម័គ្រចិត្ត ចូលរួម​បរិច្ចាក​ឈាម ជូន​មន្ទីរពេទ្យបង្អែក​១៦ មករា នៅពេលនេះ ហើយ​លោក​ក៍​សូម​ធ្វើការ​អំពាវនាវ​ឱ្យ​យុវជន​យើង​ទាំងអស់ ចូលរួម​បរិច្ចាក​ឈាម​ដោយ​ស្ម័គ្រចិត្ត ដើម្បី​ជួយសង្គ្រោះ​ដល់​ជនរងគ្រោះ​៕S/​