ស្រមោល​អតីតកាលៈ កម្ពុជា​ឆ្នាំ​សូន្យ​

2001
ចែករម្លែក

​មាន​អ្នកប្រវត្តិសាស្ត្រ​ជាតិ​និង អន្តរជាតិ​ជាច្រើន​បាន​ចងក្រង​ប្រវត្តិ រឿងរ៉ាវ​ពិត​របស់​កម្ពុជា តាមរយៈ សំណេរ​របស់ខ្លួន ។ ក្នុងនោះ​ខ្ញុំ​ចាប់ អារម្មណ៍​នឹង​ការស្រាវជ្រាវ​ជាមួយ​ការសន្និដ្ឋាន​សង្គម​កម្ពុ​ជា របស់លោក Francoise Ponchaud ជនជាតិ​បារាំង ដែល​បាន​សរសេរ​សៀវភៅ​”​កម្ពុជា ឆ្នាំ សូន្យ​” នៅ​ខែតុលា​ឆ្នាំ​១៩៧៦​និង​ខែ កុម្ភៈ​ឆ្នាំ​២០០៦ ។​
​ ​
​ខ្ញុំ​សូម​សង្ខេប​ខ្លឹមសារ​ខ្លី​និង​ជា ចំណុច​សំខាន់ៗ​
​ដំបូង​លោក Francoise Ponchaud យល់ថា ”​មេដឹកនាំ​ខ្មែរ ក្រហម​សុទ្ធតែ​បាន​រៀនសូត្រ​យ៉ាងខ្ពស់ នៅ​ប្រទេស​បារាំង រួមមាន​លោក ជួន​- ម៉ុម លោក ខៀវ សំផន លោក​សា​ឡុ​ត ស (​ប៉ុល ពត​)​លោក អៀង សារី លោក ហ៊ូ យន់ ជាដើម ។ ពិតណាស់​អស់លោក សុទ្ធតែជា​បញ្ញវន្ត​មាន​ប្រាជ្ញា ប្រាកដ​ណាស់​អស់ លោក​មាន​គោល​បំណងល្អ ចង់​កសាង​ប្រទេស​តាមរបៀប​ថ្មី​ឱ្យបាន សេចក្តីសុខសាន្ត​មិនខានឡើយ​”!​។​
​ ​
​ពួកគេ​មានបំណង​ជម្រះ ”​សង្គមចាស់​ឱ្យអស់​អំពើពុករលួយ​គំនិត សួនតួនិយម បក្ខពួកនិយម អ​នា​ធិ​ប តេ​យ្យ​និយម អយុត្តិធម៌​សង្គម តែ​ពួកគេ បែរជា​បង្កើត​សមូហភាព​បង្ខិតបង្ខំ​គ្រប់ វិស័យ គ្រប់ពេលវេលា និង​បានសម្លាប់ មនុស្ស​យ៉ាងច្រើន​ដើម្បី​លត់​ដំ​របៀប រស់នៅ​ថ្មី​!”​។​

​សហគមន៍​អន្តរជាតិ​ចេះតែ​ស្រែក ប្រកាស​ពី​សិទ្ធិមនុស្ស​ប៉ុន្តែ​រយៈពេល ”៣​ឆ្នាំ ៨​ខែ​២០​ថ្ងៃ​” ពួកគេ​ធ្វើ ព្រងើយ ធ្វើ មិនដឹងមិនឮ ហើយ​មាន​អ្នក ខ្លះ​ដល់​ការ យល់ស្រប​ជាមួយ​មេដឹកនាំ​របប​កម្ពុជា ប្រជាធិបតេយ្យ​នោះ​ទៀតផង សិច​!​។​
​ ​
​ជាមួយនេះដែរ ខ្ញុំ​តែង​ចាប់ អារម្មណ៍​ខ្លាំង​ទៅនឹង​សកម្មភាព​និង ទស្សនៈ​របស់លោក​ខៀវ សំផន ក្នុងការ អូសទាញ​កម្លាំង​គាំទ្រ​ពី​កសិករ​ដោយ កំណត់​ទស្សនៈ​តស៊ូ​វណ្ណៈ ”​កសិករ​ជា ទាសករ​លើដី​ស្រែ​ខ្លួនឯង​” ។ ទស្សនៈ នេះ​ជា​យុទ្ធសាស្ត្រ​ដុះ​កំហឹង​កសិករ ហើយ​ទស្សនៈ​របស់​ពួកគេ​ពេលនោះ សំអាង​លើ​តម្លៃ​ជី ទឹក ដី ខ្ចីបុល​លុយ មានការ​ប្រាក់​ថ្លៃ ចំណីអាហារ​មាន​ថ្លៃ ខ្ពស់ ។ រីឯ​តម្លៃ​កសិផល​លក់បាន​តម្លៃ​ទាប​ដែល​ធ្វើឱ្យ កសិករ​ជួប​ការលំបាក មួយចំនួន ។ បូកផ្សំ​នឹង​សង្គ្រាម​ជាមួយ​ស្ថានភាព​ប៉ិនប្រសប់ អូសទាញ​បែប មនោគមន៍វិជ្ជា សង្គ្រាម​សតិអារម្មណ៍ ចិត្តសាស្ត្រ ការតស៊ូ​វណ្ណៈ​កសិករ កម្មករ ផង​នោះ​កម្លាំង​គាំទ្រ​ខាង កម្មករ​និង កសិករ​ដ៏​ក្លៀវក្លា​ខ្លាំង​ឡើង​!!

​ដូច​លោក Francoise Ponchaud លើកឡើងថា នៅ​ថ្ងៃទី​១៨ មេសា (១៩៧៥) ប្រជាជន​នៅ​ខេត្តបាត់ដំបង មានការ​សប្បាយចិត្ត​យ៉ាងខ្លាំង​ព្រោះ​ខ្មែរក្រហម​បញ្ជា​ឱ្យ​ម្ហូបអាហារ​ចុះថ្លៃ​…​។​
​ ​
​ពិតណាស់ យើង​មិន​រស់នៅ ក្នុង​អតីតកាល​នោះទេ ។ យើង​រស់នៅ ជាមួយ​ក្តីសង្ឃឹម​និង​ភាពជឿជាក់​ក្នុង បច្ចុប្បន្ន​និង​អនាគតកាល ។ ប៉ុន្តែ​អតីត កាល​ជា​មេរៀន​និង​បទពិសោធន៍​មិនអាច​ខ្វះ​បានឡើយ ដើម្បី​តម្រង់ទិស​សម្រាប់ បច្ចុប្បន្ន​និង​អនាគតកាល​មួយ​រុងរឿង ។ ដំណើរ​ជីវិត​ជាតិ​និង​ប្រជាជន កម្ពុជា បាន​ឆ្លងកាត់​ច្រើន​សម័យកាល​ទាំង អាក្រក់​បំផុត​លើ​លោក​នេះ​ក៏​ធ្លាប់ ។ ភាពរុងរឿង​បំផុត​ក៏​ធ្លាប់​។ ជាពិសេស តាមរយៈ​វប្បធម៌​និង​វិន័យ​ដឹកនាំ​ដ៏​អង់ អាច​ក្លាហាន​មានការ​រួបរួមសាមគ្គី​ជាតិ យ៉ាងរឹងមាំ ស្តារ​ប្រទេស​និង​ប្រជាជន ចេញ​ផុតពី​កម្ពុជា ឆ្នាំ​សូន្យ​និង​បាន​ឈាន ចូលក្នុង​យុគសម័យ​បច្ចេកវិទ្យា​ទំនើប ដោយ​មោទនភាព​ខ្ពស់បំផុត ។ ប៉ុន្តែ​ក្តី ព្រួយ​បា​ម្ភ​របស់​យើងទាំងអស់គ្នា គឺ​អំពី និរន្តរភាព​នៃ​សន្តិភាព ស្ថិរភាព​សង្គម និង​ការអភិវឌ្ឍន៍​នៅតែ​ភ័យខ្លាច​ខ្លាំង នៅឡើយ ។ ដោយសារ​ការបែកបាក់​សង្គម​កំពុង តែ​បន្ត​កាប់​ពុះ​បំបែក ហើយ ឥទ្ធិពល​នៃ​ភាព​បែកបាក់​នៅតែ​តម្រង់ ទិស​មករក​សង្គម​នេះ​ក្នុង​រូបភាព​កាន់ ច្បាស់​ឡើង​ដែល​សភាពការណ៍​អាក្រក់ អាច​កើតឡើង​គ្រប់ពេល​បើ​គ្មាន​វិធាន ការរារាំង​ជាក់លាក់​នោះទេ ៕ ដោយៈ ហេង រតនា (​ប្រភព​ផេ​ក​ហ្វេ​ស​ប៊ុ​កលោក ហេង រតនា អគ្គនាយក​ស៊ីម៉ាក់​)

​ប្រជាជន​កម្ពុជា​កាលពី​សម័យ​សង្គ្រាម​(​រូប​ផេ​ក លោក ហេង រតនា​)