ស្រលាញ់​ស្រី​មិនបាន​គំរាម​សម្លាប់​គេ ត្រូវ​តុលាការ​បញ្ជូនទៅ​ព្រៃ​ស !

607
ចែករម្លែក

ដោយ​៖​ឆាយា​នាថ / ភ្នំពេញ​៖​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​ឃាត់ខ្លួន​បុរស​ជនសង្ស័យ​ម្នាក់ ដែល​និយាយ​គំរាម តាម​ប្រព័ន្ធ បណ្តាញ​សង្គម​ប៉ុនប៉ង​សម្លាប់​ស្ត្រី​ម្នាក់​ដែល​បុរស​រូបនោះ​មិនអាច​តាម​ស្រលាញ់​បាន​។

​ជនសង្ស័យ ឈ្មោះ កន ដេ​ត ភេទ​ប្រុស អាយុ ២៩​ឆ្នាំ ត្រូវ​សាលាដំបូង​រាជធានី​ភ្នំពេញ បញ្ជូនទៅ​ឃុំខ្លួន​បណ្តោះអាសន្ន នៅ​ព្រៃ​ស កាលពី​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៨ ក្រោយ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​១៩ ខែវិច្ឆិកា​។

​ជនសង្ស័យ ឈ្មោះ កន ដេ​ត បាន​រង​ការ​ចោទ​ពីបទ​សង្ស័យ​គំរាម កំហែង​សម្លាប់ និង​បរិហាកេរ្តិ៍​ជា​សាធារណៈ​។ សមត្ថកិច្ច​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​រៀបរាប់​អំពី​ហេតុការណ៍​ដែល​ជាប់​ពាក់ព័ន្ធ​អោយដឹង ថា​រឿងហេតុ​បានកើត​ឡើង​ពី​ជនសង្ស័យ​ឈ្មោះ កន ដេ​ត ដែល​បាន​ឆាត​ទៅសុំ​ស្រលាញ់​ស្ត្រី​ដែលជា​ជនរងគ្រោះ​។

​ពេល​ជនរងគ្រោះ​មិន​ឆ្លើយតប ជនសង្ស័យ​នោះ បាន​សរសេរ​សារ​បង្ហោះ (comment/post) និង​បន្ត ផ្ញើ​សារ (messenger)​បន្ថែមទៀត ក្នុងន័យ​តាម​ស្រឡាញ់​ទៅ​រំខាន​ច្រើនដង​។ ជនរងគ្រោះ បាន​ប្លុក​គណនី (Block) តាម​រំខាន​សុំ​ស្រឡាញ់​នោះ ដែល​បណ្តាលអោយ​ជនសង្ស័យ​រូបនោះ​មានការ​ខឹងសម្បារ​យ៉ាង​ខ្លាំង ហើយ​បាន​និយាយ​គម្រាមថា​នឹង តាម​ព្យាបាទ​ជា​រៀងរហូត​។​

​ជនសង្ស័យ កន ដេ​ត បាន​បង្កើត​គណនី​ជាច្រើន​តាម​រំខាន និង​បាន​សរសេរ​អត្ថបទ​អសុរោះ ជេរប្រមាថ បរិហាកេរ្តិ៍​ជនរងគ្រោះ ក្រុមគ្រួសារ មិត្ត​ភ័​ក្ត​ទាំងឡាយ និង​បាន​ផ្ញើ​សារ​ជា​សម្លេង គំរាមថា នឹង​សម្លាប់​ជនរងគ្រោះ​ផងដែរ ។ អំពើ​គម្រាមកំហែង​តាម​សម្លាប់​នោះ បាន​នាំអោយ​មានការ​ប្តឹងទៅ​សមត្ថកិច្ច​ដើម្បី​ការចាត់​វិធានការណ៍​រាំង​ស្កាត់​ក្នុងការ​ការពារ​សន្តិសុខ​ផ្ទាល់ខ្លួន​៕ ល​