ស្រវឹងធ្លាក់ភ្នែក​បើករថយន្ត​បុក​អ្នក​ថ្មើរជើង​របួសធ្ងន់​ពីរ​នាក់​

585
ចែករម្លែក
  • 10
    Shares

ដោយ​: គ្រញូង / បាត់ដំបង​: បុរស​ពីរ​នាក់​បាន​រងរបួស​ធ្ងន់ធ្ងរ ដោយ​អ្នកបើកបរ​រថយន្ត​ម្នាក់​ស្រវឹងធ្លាក់ភ្នែក បាន​ជ្រុល​ទៅបុក​អ្នក​ថ្មើរជើង​ទាំងពីរ​នាក់ ពេល​កំពុង​ដើរ​តាមផ្លូវ​។ ហេតុការណ៍​នេះ កើតឡើង​កាលពី​យប់​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវ​លេខ​១៥៩C ស្ថិតក្នុង ក្រុមទី​១៥ ភូមិប​វេ​ល​១ ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល​។​

​លោក​វរសេនីយ៍ត្រី យឹម យេ​ភិរម្យ អធិការនគរបាលរ​ង​ស្រុក​ប​វេ​ល បានឱ្យដឹងថា ជនរងគ្រោះ​ទាំងពីរ​នាក់​មានឈ្មោះ ទី សុខ​ហេង ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិប​វេ​ល​១ ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល និង​ឈ្មោះ លឹម មួយ​ហួរ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិប​វេ​ល​១ ឃុំ​ប​វេ​ល​ស្រុក​ប​វេ​ល​។​ចំណែក​អ្នកបើកបរ​រថយន្ត​មានឈ្មោះ យិន ឈឹង​ខាន់ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិប​វេ​ល​១ ឃុំ​ប​វេ​ល​ស្រុក​ប​វេ​ល​។​

​សាក្សី​ដែល​បានឃើញ​ហេតុការណ៍​បាន​ប្រាប់​សមត្ថកិច្ច​ថា មុនពេល​កើតហេតុ​មាន​រថយន្ដ​១​គ្រឿង ម៉ាក​សាំ​យ៉ុង​ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ បាត់ដំបង 2B 5539 បើកបរ​ដោយ​បុរស​ម្នាក់​មាន​សភាព​ស្រវឹង​ជោកជាំ បាន​រេ​ចង្កូត​ទៅបុក​អ្នក​ថ្មើរជើង​ពីរ​នាក់ កំពុង​ដើរ​លើ​ចិញ្ចើមថ្នល់ បណ្តាលឱ្យ​របួសធ្ងន់ ហើយ​ជ្រុល​ទៅបុក​បង្គោល​ភ្លើង​បាក់​១​ដើម និង​បុក​សសរ​រោង​បាក់​១​ដើម​ទៀត​។

​ជនរងគ្រោះ​ទាំងពីរ​នាក់ ត្រូវបាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ធំ​ខេត្ត​។ ចំណែក​អ្នកបើកបរ​បាន​រត់គេច​ខ្លួន​បាត់ តែមាន​គេ​ស្គាល់ឈ្មោះ​ហើយ​។​

​រថយន្ត​បង្កហេតុ ត្រូវ​កម្លាំង​សមត្ថកិច្ច​នាំយកទៅ​រក្សា​ទុក នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ប​វេ​ល ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់ ជា​បន្ត​នៅពេល​ក្រោយ​៕ ល​