ស្រវឹងស្រា​ដក​កាំភ្លើង​បាញ់​មេឃ​បង្ក​ការភ្ញាក់ផ្អើល​នៅ​ខណ្ឌឫស្សីកែវ​

554
ចែករម្លែក

​ដោយ:​ចាន់តូ​/​ភ្នំពេញ ៖ មន្ត្រីនគរបាល​មួយរូប​បាន​ផ្ទុះអាវុធ​ចំនួន ១ គ្រាប់​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​នៅវេលា​ម៉ោង ១២ និង ៤០ នាទី​យប់ ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅ​ចំណុច​ជិត​វត្ត​ទួល​អស់លោក​តាម​បណ្ដោយ​ផ្លូវ 99 ក្នុង​សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។​

​មន្ត្រី នគរបាល​រូបនោះ​ដែល​ដក​កាំភ្លើងខ្លី​បាញ់​មួយ​គ្រាប់​នោះ​មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ដោយសារ​មន្ត្រីនគរបាល​រដ្ឋបាល​សង្កាត់​ឫស្សីកែវ​មិន​អនុញ្ញាត​ឲ្យ​សួរនាំ​ឡើយ​។​

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​ប្រជាពលរដ្ឋ​ម្នាក់​បានឃើញ​មន្ត្រីប៉ូលិស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ស៊ី​រ៉ូ​ស ពណ៌​ក្រហម ពាក់​ស្លាក​លេខ​នគរបាល 1.12 13 បើក​ដោយ​បុរស​ម្នាក់​ស្រវឹង​ជោកជាំ តាម​បណ្ដោយ​ផ្លូវ 99 ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ដោយ​សភាព​ស្រវឹង​ផង​នោះ ជិៈ​ម៉ូតូ រេ​ឆ្វេង រេ​ស្ដាំ ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ស្រាប់តែ​មន្ត្រីនគរបាល​រូបនោះ ឈប់​ម៉ូតូ​បាន​ដក​កាំភ្លើង ខ្លី​ពី​ចង្កេះ​បាញ់​ឡើងលើ​ចំនួន ១​គ្រាប់​ដោយ​មិនដឹង​មូលហេតុ​ បង្កឱ្យមាន​ការភ្ញាក់ផ្អើល​នឹង​ផិត​ភ័យ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​កន្លែងកើតហេតុ​ហើយ​ក៏បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​សមត្ថកិច្ច​ស​ង្កា​ត់​ឬ​ស្សី​កែវ​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ក៏បាន​ដកយក​អាវុធខ្លី ១​ដើម និង​ចាប់យក​ជនបង្ក​ដែល​បាញ់បោះ​សេរី​នោះបាន​យកមក​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឫស្សីកែវ ។ ហើយ​បាន​សួរនាំ​និង​ធ្វើ​កំណត់ហេតុ ក្នុង​រយៈពេល​ជាង ១​ម៉ោង​សមត្ថកិច្ច​បាន​ដឹក​ជនបង្ក ដែល​បាញ់បោះ​សេរី​ចំនួន​មួយ​គ្រាប់​នោះ​ទៅ​អធិការដ្ឋាន ខណ្ឌឫស្សីកែវ​ចុះ​តាម​ទ្វារក្រោយ​ដោយមាន​ការលាក់ លៀម​បិទបាំង​ពី​អ្នកសារព័ត៌មាន​មិន​ឲ្យ​ថត​ ឬក៏​យកឈ្មោះ​អត្តសញ្ញាណប័ណ្ណ​ ឬក៏​អង្គភាព​មន្ត្រី​ប៉ូលីស​នៅ ទីណា​នោះទេ ​ដោយ​នាំខ្លួន​ជនបង្ក​ជិះ​ម៉ូតូ​យ៉ាង​លឿន​ទៅ​អធិការដ្ឋាន ខណ្ឌឫស្សីកែវ​។​

​បច្ចុប្បន្ន​ជនបង្ក​ដែល​បាញ់បោះ​សេរី​នោះ និង​វត្ថុ​តាំង​បាន​បញ្ជូនទៅ​អធិការដ្ឋាន​ខណ្ឌឫស្សីកែវ​ចាត់ការ​ទៅតាម​នីតិ​វិធី​ច្បាប់​៕​B/