ស្រវឹងស្រា​បើករថយន្ត​កុងតឺន័រ​បុក​ចូល​ផ្ទះ​ស្លាប់​និង​រងរបួស​៧​នាក់​

1248
ចែករម្លែក
  • 212
    Shares

ដោយ​: ចាន់តូ / ភ្នំពេញ​: បុរស​ម្នាក់​ស្រវឹងស្រា​ជោកជាំ​បាន​បើករថយន្ត​កុងតឺន័រ​យ៉ាង​លឿន ហើយក៏​ងោក​មួយ​ផាំង​រ៉េ​ចង្កូត​មក​ខាងឆ្វេង​ដៃ​បុក​ចូល​ផ្ទះ​យានដ្ឋាន “​ប៊ុន ថុល​” ជួសជុល​រថយន្ត​គ្រប់​ប្រភេទ នៅ​មិនទាន់​អស់​ល្បឿន ក៏​ជ្រុល​បុក​ដល់ផ្ទះ​លក់​គ្រឿងសំណង់​គ្រប់​ប្រភេទ យ៉ី​ហោ ទ្រី​សុខុម ហៅ (​តាំង​គង់​) បណ្តាល​ឲ្យ​រង​ការខូចខាត​នៅ​រថយន្ត​ចំនួន​៣​គ្រឿង និង​មាន​ក្មេងស្រី​ម្នាក់​អាយុ​១៤​ឆ្នាំ បាន​គៀប​ជាប់​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង និង​មាន​អ្នករងរបួស​ធ្ងន់​ស្រាល​ចំនួន​៦​នាក់​ទៀត​។ នៅវេលា​ម៉ោង​១០​យប់​ថ្ងៃទី​១៦ ខែមិថុនា​ឆ្នាំ​២០១៨ នៅ​ផ្លូវជាតិ​លេខ​៣ ស្ថិតនៅ​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងត្បូង ក្នុង​សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​ក្មេងស្រី​រងគ្រោះ​(​សព​)​មានឈ្មោះ ហុក គីម​ឆាយ ភេទ​ស្រី អាយុ​១៤​ឆ្នាំ រៀន​នៅ​វិទ្យាល័យ ហ៊ុន សែន ជម្ពូ​វ័ន ថ្នាក់​ទី​៧ ស្នាក់នៅ​កន្លែងកើតហេតុ​ខាងលើ មាន​ស្រុកកំណើត​នៅ​ភូមិ ខ្ចៅ​ទី​៣ ឃុំ​ខ្ចៅ ស្រុក​កង មាស ខេត្តកំពង់ចាម​។ ចំណែក​អ្នករងរបួស​ធ្ងន់​ស្រាល​ចំនួន​៦​នាក់ ស្រី​៣​នាក់ ប្រុស​៣​នាក់​។​

​តាម​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនដំបូង​គេ​ឃើញ​បុរស​ម្នាក់​បើករថយន្ត​កុងតឺន័រ ក្បាល​ពណ៌​ស មាន​ស្លាក​លេខ ព្រះសីហនុ 4A 1183 និង​ខាង​កន្ទុយ​មាន​ស្លាក​លេខ​ព្រះសីហនុ 3A 2588 យ៉ាង​លឿន​ដោយ​ស្ថាន​ភាពស្រវឹង តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ទិសដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ ក៏​រ៉េ​ចង្កូត​មក​ខាងឆ្វេង​ដៃ​បុក​ចូល​យានដ្ឋាន​ជួសជុល​រថយន្ត និង​ជ្រុល​បុក​ចូល​ដល់ផ្ទះ​លក់​គ្រឿងសំណង់​មួយទៀត បណ្តាល​ឲ្យ​ខ្ទិច​រថយន្ត​ចំនួន​៣​គ្រឿង រថយន្ត​ទីមួយ​ម៉ាក​ម៉ា​សឺ​ដេ​ស SLK 230 ពណ៌​លឿង​មាន​ស្លាក​លេខ ភ្នំពេញ 2AI 6163 រថយន្ត​ទី​២ ម៉ាក តា​កូ​ម៉ា ពណ៌​ទឹកប្រាក់ មាន​ស្លាក​លេខ ភ្នំពេញ 2 AR1907 និង​រថយន្ត​ទី​៣ ម៉ា​កកូ​ឡា​ពណ៌​ទឹកប្រាក់​មាន​ស្លាក​លេខ ភ្នំពេញ 2M 8719 និង​ខូចខាត​សម្ភារៈ​មួយចំនួនធំ​។ សមត្ថកិច្ច​បញ្ជាក់ថា អ្នកបើកបរ​ស្រវឹងស្រា​ជោក​ក្រោយ​កើតហេតុ​ត្រូវ​ឃាត់ខ្លួន​។​

​ក្រោយពី​កើតហេតុ សមត្ថកិច្ច​ជំនាញ​ចុះមក​វាស់វែង​យក រថយន្ត​បង្ក និង​តៃកុង​ឡាន​ទៅ​រក្សារ​ទុក​រង់ចាំ​ដោះស្រាយ​គ្នា​ទៅតាម​នីតិវិធី​។ ចំណែក​សាកសព​សមត្ថ​កិច្ច​ធ្វើ​សំណុំបែបបទ​ប្រគល់​ឲ្យ​ឪពុកម្តាយ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕