ស្រវឹងស្រា​បើករថយន្ត​ទៅបុក​ម៉ូតូ បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់ ក្រោយពេល​បញ្ជូនទៅ​មន្ទីរពេទ្យ​

947
ចែករម្លែក
  • 96
    Shares

ដោយ​: ចាន់​តូច / ភ្នំពេញ​: បុរស​ម្នាក់​ស្រវឹងស្រា​បើករថយន្ត​ម៉ាក​សឺ​ដេ​ស​ស្លាក​លេខ​នគរបាល ជ្រុល​ចង្កូត​ទៅបុក​ម៉ូតូ​មួយគ្រឿង ជិះ​ដោយ​យុវជន​ម្នាក់​ពេញទំហឹង បណ្តាល​ឲ្យ​ដួល​បោក​និង​ថ្នល់​ស្លាប់ ក្រោយពេល​បញ្ជូនទៅ​សង្គ្រោះ​។ កាលពី​វេលា​ម៉ោង ១០​និង​៣០​នាទី​យប់​ថ្ងៃ​សៅរ៍ ទី​១១ ខែសីហា ឆ្នាំ​២០១៨ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​៣៣៦​កែង​និង​ផ្លូវ​២៥៥ ក្នុង​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

​សព​ជនរងគ្រោះ​មានឈ្មោះ គួច សុ​ផានិត ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​វិស្វករ ស្នាក់នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​

​តាម​ប្រភពព័ត៌មាន​ពី​កន្លែង​កើត​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ​គេ ឃើញ​បុរស​ម្នាក់​ស្រវឹងស្រា​ជោក​បើករថយន្ត​មួយគ្រឿង​ម៉ាក​សឺ​ដេ​ស S-320 ពណ៌​ស្ករ ពាក់​ស្លាក​លេខ នគរបាល 2-7730 តាម​បណ្តោយ​ផ្លូវ​៣៣៦ ទិសដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ បាន​រេ​ចង្កូត​មក​ខាង​ឆ្វង​ដៃ​ជ្រុល​បុក​ម៉ូតូ​ហ្សូ​ម័​រ​អ៊ិ​ច​មួយគ្រឿង ពណ៌​ខ្មៅ​លាយ​លឿង ពាក់​ស្លាក​លេខ ភ្នំពេញ 1DF 2984 ជិះ​ដោយ​យុវជន​ម្នាក់​បញ្ច្រាស​ទិសដៅ​គ្នា​ពី​កើ​តទៅ​លិច​ពេញទំហឹង បណ្តាល​ឲ្យ​ជនរងគ្រោះ​ដួល​បោក​និង​ថ្នល់​រងរបួស​ធ្ងន់ ត្រូវបាន​រថយន្ត​សង្គ្រោះបន្ទាន់​គ្លីនិក​ឯកជន ដឹក​យកទៅ​សង្គ្រោះ​ភ្លាមៗ តែ​ដោយ​ជនរងគ្រោះ​រងរបួស​ធ្ងន់​ពេក បាន​ដាច់ខ្យល់​ស្លាប់​នៅ​ពាក់​កណ្តាលផ្លូវ​។ ចំណែក​ម្ចាស់​រថយន្ត​បង្ក ត្រូវបាន​សមត្ថកិច្ច​មូល​ដ្ឋា​ន ឃាត់ខ្លួន​បាន​ភ្លាមៗ នៅនឹងកន្លែង​កើ​ហេតុ​។​

​ក្រោយ​កើតហេតុ ម្ចាស់​រថយន្ត​បង្ក​ត្រូវបាន​សមត្ថកិច្ច​នាំខ្លួន​មក​អធិការដ្ឋាន​ខណ្ឌទួលគោក ទុក​ប្រគល់​ឲ្យ​សមត្ថកិច្ច​ជំនាញ​។ ចំណែក​រថយន្ត​និង​ម៉ូតូ សមត្ថកិច្ច​ជំនាញ​ធ្វើការ​វាស់វែង​យកទៅ​រក្សាទុក នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​គ្នា​ទៅតាម​ផ្លូវច្បាប់​។ ដោយឡែក​សព​ជនរងគ្រោះ ត្រូវបាន​សមត្ថកិច្ច​ប្រគល់ជូន​សាច់ញាតិ យក​ធ្វើបុណ្យ​នៅ​គេហដ្ឋាន​តាម​ប្រពៃណី​៕ ល​