ស្រវឹង​ទឹកត្នោតជូរ ត្រូវ​រថយន្ដ​ធុន​ធំ​បើក​ក្បែរ ក៏​ដួល​បណ្ដាល​បោក​ក្បាល​នឹង​ថ្នល់ របួសធ្ងន់​

839
ចែករម្លែក

(កណ្ដាល)​៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​មួយ​កើតឡើង រវាង​រថយន្ត និង​កង់​បណ្តាល​ឲ្យ​របួសធ្ងន់ កើតឡើង​នៅ​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៧ ម៉ោង​១៨:០០​នាទី លើផ្លូវ​ជាតិ​លេខ​២១ ចំណុច​ក្រោយ​វត្ត​កំពង់​សំបួរ ស្ថិត នៅក្នុង​ភូមិ​កំពង់​សំបួរ​ក្រោម ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្ដាល​។​

​ជនរងគ្រោះ​ជិះ​កង់​ឈ្មោះ​ស្រេង គង់ ភេទ​ប្រុស អាយុ​៥០​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅៗ​ភូមិ ឃុំ កើតហេតុ​ជិះ​កង់ ពី ត្បួ​ង ទៅ ជើង (​ជ្រៃ​ធំ តាខ្មៅ​) រងរបួស​ពកថ្ងាស (​មាន​ជាតិ​ស្រវឹង​ទឹកត្នោតជូរ​) អ្នកបើកបរ​រថយន្ត​ឈ្មោះ ឃិន សា វឿន ភេទ​ប្រុស​អាយុ​៥០​ឆ្នាំ មុខរបរ​បើក​មាន​ទី​លំនៅ​ភូមិ​ពូន​ភ្នំ ឃុំ​ត្រពាំង​សាប ស្រុក​បាទី ខេត្តតាកែវ បើកបរ​រថយន្ត ម៉ាក Hyandai ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3B 5077 បើកបរ​មាន​ទិសដៅ​ពី ត្បូង​ទៅ​ជើង ស្រប​ទិស​ជាមួយគ្នា​។​

​សមត្ថកិច្ច​បានបញ្ជាក់​ថា គ្រោះថ្នាក់​ខាងលើនេះ បង្កឡើង​ដោយ​អ្នកជិះ​កង់ ពេល​កំពុង​ជិះ​កង់ មាន​ជាតិ​ស្រវឹង​ទឹកត្នោតជូរ ហើយ​ពេល​រថយន្ត​បើក​ក្បែរ​គាត់​ក៏​ដួល​កង់ បោក​ក្បាល​ទៅលើ​ផ្លូវជាតិ​តែម្ដង​។ ករណីនេះ ប្រពន្ធ​ជនរងគ្រោះ បានដាក់​ពាក្យបណ្ដឹង ឲ្យ​សមត្ថកិច្ច​យើង​ធ្វើ​ការឃាត់​រថយន្ត ដើម្បី​ដោះស្រាយ​គ្នា​។

​កម្លាំង​ប៉ុស្តិ៍ និង​កម្លាំង​ជំនាញ ចុះ​ទៅដល់​កន្លែងកើតហេតុ ហើយ​បានធ្វើ​ការឃាត់​រថយន្ត ដើម្បី​រង់ចាំ​ការដោះស្រាយ​តាម​នីតិវិធី​៕L ដោយ​៖ លីន​ណា​

#