ស្រាយគំនុំ​ចាស់​៤​ឆ្នាំមុន ពូ​កាប់​ចិញ្ច្រាំ​ក្មួយ​សុះសាច់ រួច​រត់​គេចខ្លួនបាត់​

470
ចែករម្លែក

ដោយ​: ចាន់ថន / ព្រៃវែង​: សាហាវ​ហួស​ថ្លែង នឹកស្មាន​មិន​ដល់​ដែល​យុវជន​ម្នាក់​ត្រូវ​ពូ ប្រើ​ពូថៅ​និង​កាំបិត​កាប់​ប្រហារ​ទៅលើ​ក្មួយ​យ៉ាង​សុះសាច់ ដោយសារតែ​គំនុំ​នៅក្នុងពេល​ផឹកស៊ី​កាលពី​៤​ឆ្នាំមុន​។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​១៥​នាទី ថ្ងៃត្រង់ ថ្ងៃទី​៧​មករា នៅ​ចំណុច​វាលស្រែ​មួយកន្លែង ក្នុងភូមិ​ព្រែក​តាសរ ឃុំ​អ្នក​លឿង ស្រុក​ពាម​រក៍ ខេត្តព្រៃវែង​។

​ជនដៃដល់​ឈ្មោះ មាស សា​វ៉ាន ហៅ សុខ ភេទ​ប្រុស អាយុប្រមាណ​ជា​៣០​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ ហើយ​ត្រូវជា​ពូ​សាច់​ឆ្ងាយ​របស់​ជនរងគ្រោះ​។ ចំណែក​ជនរងគ្រោះ​ឈ្មោះ រុន ចិ​ត្រា អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​ស្រុក​ជាមួយគ្នា​។​

​ប្រភពព័ត៌មាន​ពី​ក្រុមគ្រួសារ​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា ពីមុនមក​ជនដៃដល់​និង​ជនរងគ្រោះ​ធ្លាប់​មានទំនាស់​ជាមួយគ្នា​នៅក្នុង​វង់​ផឹកស៊ី កាលពី​ឆ្នាំ​២០១៥​។ ក្រោយមក ជនដៃដល់​ធ្លាប់បាន​យក​កាំបិតផ្គាក់ ដេញ​កាប់​ជនរងគ្រោះ​ម្តង​ដែរ ប៉ុន្តែ​ជនរងគ្រោះ​រត់គេចខ្លួន​ទាន់​។ បន្ទាប់មក​ជនដៃដល់ មិន​ដែលមាន​សកម្មភាព​អ្វី​ទេ​។ លុះ​មកដល់​ថ្ងៃកើតហេតុ ពេលដែល​ជនរងគ្រោះ ទៅ​ឈរ​មើល​ម៉ាស៊ីន​ច្រូតស្រូវ ក៏ត្រូវ​ជនដៃដល់​លប​កាប់​ចិញ្ច្រាំ​បែបនេះ​តែម្តង​។​

​ក្រោយពេល​កើតហេតុ​បាន​ជាង​កន្លះ​ម៉ោង ទើប​គេ​ឃើញ​សមត្ថកិច្ច​អាវុធហត្ថ និង​នគរបាល​ស្រុក ទៅដល់​កន្លែងកើតហេតុ​។ ប៉ុន្តែ​បានត្រឹមតែ​ធ្វើ​កំណត់ហេតុ​ប៉ុណ្ណោះ ព្រោះ​ជនដៃដល់​រត់គេច​បាត់​ទៅហើយ ឯ​ជនរងគ្រោះ​ក៏​ទៅ​មន្ទីរពេទ្យ​ផុត​ហើយ​ដែរ​៕ ល​

#