ស្រីលង្ការ​ត្រូវបាន​ព្រមាន​អំពី​ការវាយប្រហារ​ជាមុន ហេតុអ្វី​មិន​អាច​ទប់ស្កាត់បាន​?

467
ចែករម្លែក

​កំណត់ហេតុ​សន្តិសុខ​សម្ងាត់​បង្ហាញ ឈ្មោះ អស​យដ្ឋា​ន លេខ​ទូរស័ព្ទ និង​ថែម​ទាំង​ម៉ោង​នៅ​ពាក់កណ្តាល​យប់​ដែល​ជនសង្ស័យ​ម្នាក់​នឹង​ទៅ​ជួប​ប្រពន្ធ​។​

​នៅ​ប៉ុន្មាន​ថ្ងៃមុន​ការ​បំផ្ទុះ​គ្រាប់បែក​ដ៏​ហិនហោច​ដែល​បាន​សម្លាប់​មនុស្ស​ជាង​៣០០​នាក់​នៅក្នុង​អំឡុង​ពេល​បុណ្យ​Easter Sunday​នៅ​ស្រីលង្ការ​កាលពី​ថ្ងៃ​២១​មេសា បណ្តា​ទី​ភ្នាក់​​ងារ​សន្តិសុខ​បាន​តាមដាន​យ៉ាង​ដិត​ដល់​ក្រុម​សម្ងាត់​មួយ​របស់​អង្គការ​National Thowfeek Jamaath ជា​អង្គការ​អ៊ីស្លាម​រ៉ាឌីកាល់​ដែល​គេ​ស្គាល់​តិចតួច​តែ​អាជ្ញាធរ​ស្រីលង្ការ​​ឥឡូវ​ទម្លាក់កំហុស​លើ​ក្រុម​នេះ​ថា​ជា​អ្នកអនុវត្ត​ការវាយប្រហារ​ភេរវកម្ម ហើយ​អាច​មាន​ជំនួយ​ពី​បរទេស​។​

​ពួកគេ​ដឹងថា​ក្រុម​នេះ​គ្រោះថ្នាក់​។​ពួកគេ​បាន​ប្រមូល​ព័ត៌មាន​ចារកម្ម​អំពី​កន្លែង​ស្នាក់នៅ​របស់​ពួក​មេដឹកនាំ​នៃ​ក្រុម​នេះ​នៅក្នុង​កំណត់ហេតុ​សន្តិសុខ​របស់ខ្លួន​កាលពី​ថ្ងៃ​១១​មេសា​​ដែល​បាន​ព្រមាន​អំពី​ការ​បំផ្ទុះ​គ្រាប់បែក​នៅ​តាម​ព្រះវិហា​កាតូលិក​។​ពួកគេ​ក៏​ត្រូវបាន​ឥណ្ឌា​ព្រមាន​ជាមុន​ថា ក្រុម​ខាងលើ​មាន​ផែនការ​វាយប្រហារ​ព្រះវិហារ​។​ពួកគេ​បាន​ដឹង​តាំង​​ពី​ខែ​មករា​ថា ពួក​អ៊ីស្លាម​រ៉ាឌីកាល់​ទំនងជា​មាន​ទំនាក់ទំនង​ជាមួយ​ក្រុម​នេះ​និង​បាន​ស្តុក​ទុក​សព្វាវុធ​និង​គ្រឿងផ្ទុះ​។​

​ហើយ​រយៈពេល​តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​ព្រះវិហារ​៣​និង​សណ្ឋាគារ​៣​រង​ការវាយប្រហារ សេវា​សន្តិសុខ​ស្រីលង្ការ បាន​ច្បាមចាប់​ជនសង្ស័យ​យ៉ាងតិច​២៤​នាក់ និង​រហូត​ដល់​ថ្ងៃ​អង្គារ​​នេះ​ដល់​៤០​នាក់ ដែល​នេះ​បង្ហាញថា ពួកគេ​ក៏​បាន​ដឹង​ច្បាស់​កន្លែង​ដែល​សមាជិក​ក្រុម​នេះ​ធ្វើ​សកម្មភាព​និង​លាក់ខ្លួន​។​ចុះ​ហេតុអ្វី​បាន​ជា​បណ្តា​ទីភ្នាក់ងារ​សន្តិសុខ​មិន​បាន​ចាត់​​វិធានការ​បង្ការ​អោយមាន​ប្រសិទ្ធភាព​តាម​ព័ត៌មាន​ដែល​មាន​នៅ​មុន​ការវាយប្រហារ​កើតឡើង​?​។​រឿង​នេះ​បង្ក​ជា​សំណួរ​និង​បញ្ហា​ដ៏​ធំ​សំរាប់​សេវា​សន្តិសុខ​ស្រីលង្ការ​។​

​វា​កាន់តែ​ធ្វើអោយ​ស្មុគស្មាញ​ដោយសារ​តែ​ជម្លោះ​រវាង​នាយករដ្ឋមន្ត្រី​និង​ប្រធានាធិបតី​នៃ​ប្រទេស​នេះ ជាហេតុ​ធ្វើអោយ​នាយក​រដ្ឋមន្ត្រី​អត់​ដឹង​ង៉ុង​អី​អំពី​ព័ត៌មាន​របស់​សេវា​សន្តិ​​សុខ​ដែលមាន​ក្នុង​ដៃ​ដែល​នឹង​នាំ​ដល់​ការ​បន្ទោស​គ្នា​ទៅវិញទៅមក​និង​បង្ក​បង្កើត​ជា​វិបត្តិ​រដ្ឋាភិបាល​ថ្មី​មួយ​។​

​កាលពី​ថ្ងៃ​ចន្ទ រដ្ឋមន្ត្រី​ជា​ច្រើន​បាន​រិះគន់​ប្រធានាធិបតី ម៉ា​យ​ធ្រី​ប៉ា​ឡា ស៊ី​រី​សេណា ដែល​ត្រួតត្រា​សេវា​សន្តិសុខ​របស់​ប្រទេស ថា​មិន​ចាត់ការ​ទៅតាម​ព័ត៌មាន​ចារកម្ម​ដែល​ព្រមាន​​អំពី​ការវាយប្រហារ​។​

​រ៉ា​អ៊ូ​ហ្វ ហា​គីន រដ្ឋមន្ត្រី​ផែនការ​ទីក្រុង បាន​និយាយថា​« យើង​អាម៉ាស​ណាស់​នៃ​អ្វីដែល​បានកើត​។​បើ​ឈ្មោះ​មនុស្ស​ពាក់​ព័ន្ធ​ត្រូវបាន​គេ​ដឹង​ហើយ ម្តេច​ក៏​មិន​ចាប់ខ្លួន​?»​។​

​ដោយ​នាយក​រដ្ឋមន្ត្រី​និង​ប្រធានាធិបតី​មាន​ជម្លោះ​នឹង​គ្នា​រាប់​ខែ​មក​ហើយ ដែល​បាន​នាំ​ដល់​ការជាប់គាំង​នយោបាយ​កាលពី​ឆ្នាំមុន ប្រធានាធិបតី​ទំនងជា​ផាត់​ចោល​នាយក​​រដ្ឋមន្ត្រី​ពី​ការ​រាយការណ៍​ប្រាប់​អំពី​សន្តិសុខ​សំខាន់ៗ​និង​ថា ការិយាល័យ​នាយករដ្ឋមន្ត្រី​មិន​ទទួលបាន​ការព្រមាន​អំពី​ការវាយប្រហារ​អត្តឃាត​ដែល​ជិត​នឹង​កើតឡើង​៕​ដោយ​៖​វាសនា​

ប្រធានាធិបតី​ស្រីលង្កា​និយាយ​ទៅកាន់​សារព័ត៌មាន​កាល​ពី​ថ្ងៃ​២១​មេសា​នៅ​ក្រុង​កូឡុំបូ​