ស្រីលង្ការ​បណ្តេញ​ជនបរទេស​ជាង​៦០០​នាក់ រួម​ទាំង​បព្វជិត​អ៊ីស្លាម​២០០​នាក់​

865
ចែករម្លែក

​រដ្ឋ​មន្ត្រី​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ទី​៥​ឧសភា​ថា​ស្រីលង្ការ​បាន​បណ្តេញ​ជន​ជាតិ​បរទេស​ជាង​៦០០​នាក់​ដោយ​រួមទាំង​បព្វជិត​អ៊ីស្លាម​ជិត​២០០​នាក់​ចាប់​តាំងពី​ការ​​វាយប្រហារ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត ដែល​ត្រូវបាន​ស្តីបន្ទោស​លើ​ក្រុម​ភេរ​វករ​ក្នុង​តំបន់​។​

​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​លោក Vajira Abeywardena បាន​និយាយថា ក្រុម​បព្វជិត​អ៊ីស្លាម​នេះ​បាន​ចូល​ក្នុង​ប្រទេស​ដោយ​ស្របច្បាប់​ប៉ុន្តែ ក្នុងពេល​មាន​ការបង្ក្រាប​ដើម្បី​​ការពារ​សន្តិសុខ​បន្ទាប់​ពី​ការវាយប្រហារ​ទាំងនោះ​មក ត្រូវបាន​រកឃើញ​ថា​ពួកគេ​បាន​ស្នាក់នៅ​ហួស​ទិដ្ឋាការ​របស់​ពួក​គេ​ដូច្នេះ​ពួកគេ​ត្រូវ​បាន​បណ្តេញចេញ​ពី​ប្រទេស​នេះ​។​

​លោក​រដ្ឋមន្ត្រី​បាន​និយាយថា “​ដោយ​ពិចារណា​លើ​ស្ថានភាព​បច្ចុប្បន្ន​នៅ​ប្រទេស​នេះ យើង​បាន​ពិនិត្យមើល​ប្រព័ន្ធ​ទិដ្ឋាការ​ឡើងវិញ​ហើយ​បាន​សំរេចចិត្ត​រឹតបន្តឹង​ចំពោះ​​ទិដ្ឋាការ​សម្រាប់​គ្រូបង្រៀន​សាសនា​។ ក្នុងចំណោម​អ្នក​ដែល​ត្រូវបាន​បញ្ជូន​ចេញ​ទាំង​នោះ​គឺ​ប្រហែល ២០០​នាក់​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​អ៊ីស្លាម​។ “

​ការវាយប្រហារ​បំផ្ទុះ​គ្រាប់បែក​ជា​ច្រើន​គ្រាប់​កាលពី​ថ្ងៃ​បុណ្យ​គ្រិស្តសាសនា​អ៊ី​ស្ទឺ​កាលពី​ខែ​មុន ដែល​បាន​សម្លាប់​មនុស្ស​២៥៧​នាក់​និង​ជិត​៥០០​នាក់​រងរបួស​នោះ​ត្រូវបាន​​ដឹកនាំ​ធ្វើ​ដោយ​បព្វជិត​សាសនា​ក្នុង​តំបន់​ម្នាក់ ដែល​ត្រូវបាន​គេ​ដឹងថា​បាន​ធ្វើដំណើរ​ទៅ​ប្រទេស​ឥណ្ឌា ហើយ​បាន​ធ្វើ​ការទាក់ទង​ជាមួយ​ក្រុម​ជ្រុលនិយម​នៅ​ទីនោះ​។​

​រដ្ឋមន្ត្រី​នេះ​មិន​បាន​បញ្ជាក់​ប្រាប់​អំពី​សញ្ជាតិ​របស់​អ្នក​ដែល​ត្រូវ​បាន​បណ្តេញចេញ​នោះ​ទេ​ប៉ុន្តែ​ប៉ូលិស​បាន​និយាយថា ជនបរទេស​ជា​ច្រើន​ដែល​បាន​ស្នាក់​នៅ​ហួស​ទិដ្ឋាការ​​ចាប់តាំងពី​ការវាយប្រហារ​នោះមក គឺ មកពី​ប្រទេស​បង់​ក្លា​ដែស​ឥណ្ឌា ម៉ាល់​ឌី​វ និង​ប៉ា​គី​ស្ថាន​៕ដោយ៖សុខា/sn

ស្រីលង្កា បង្កើន​ការ​រឹតបន្តឹង​សន្តិសុខ​ចាប់តាំងពី​ការវាយប្រហារ​ទាំងនោះ​មក