ស្រីលង្ការ​សុំអោយ​ផ្អាក​ការ​ទៅ​បន់ស្រន់​នៅ​វិហារ​អ៊ីស្លាម​និង​គ្រិស្ត និង​សុំ​កុំ​អោយ​ស្ត្រី​អ៊ីស្លាម​ពាក់​ស្បៃ​មុខ​

153
ចែករម្លែក

​ទាំង​ជន​អ៊ីស្លាម​និង​អ្នក​កាន់​សាសនា​គ្រិស្ត​នៅ​ស្រីលង្ការ​នៅ​ថ្ងៃ​សុក្រ​ទី​២៦​មេសា​ត្រូវបាន​ស្នើសុំ​អោយ​ធ្វើកា​រប​ន់​ស្រន់​ព្រះ​នៅក្នុង​ផ្ទះ ជំនួស​អោយ​ការ​ទៅ​បន់ស្រន់​នៅ​វិហារ​ដូច​សព្វ​​ដង​ក្រោយពី​សេវា​ស៊ើបការណ៍​រដ្ឋ​បាន​ព្រមាន​អំពី​ការវាយប្រហារ​ដោយ​បំផ្ទុះ​គ្រាប់បែក​ក្នុង​រថយន្ត​ចំ​ពេល​មាន​ការបារម្ភ​ខ្លាចក្រែង​មាន​ការវាយប្រហារ​សង​សឹក​ចំពោះ​ការសម្លាប់​​រង្គាល​ក្នុងអំឡុង​បុណ្យ​គ្រិស្តសាសនា​អ៊ី​ស្ទឺ​កាលពី​ថ្ងៃ​អាទិត្យ​មុន​។​

​ស្ថានទូត​អាមេរិក​និង​អង់គ្លេស​ក៏​បាន​ព្រមាន​ពលរដ្ឋ​ខ្លួន​ជៀសវាង​ហ្វូង​មនុស្ស​និង​កន្លែង​សក្ការៈបូជា​ដោយសារតែ​អាច​មាន​ការ​បំផ្ទុះ​គ្រាប់​នៅ​ចុង​សប្តាហ៍​នេះ​ទៀត បន្ទាប់​ពី​​អាជ្ញាធរ​បាន​និយាយថា​អាច​មាន​ការវាយប្រហារ​ភេរវកម្ម​ទៀត​នៅ​ទីតាំង​សាសនា​។​

​ក្នុងពេល​ជាមួយគ្នា ពួក​មេដឹកនាំ​សាសនា​អ៊ីស្លាម បាន​ទទូច​អោយ​ស្រី​អ៊ីស្លាម​កុំ​ពាក់រ​បាំង​ស្បៃ​មុខ​សំគាល់​អ្នក​កាន់​សាសនា​អ៊ីស្លាម​ចំពេល​មាន​កំហឹង​លើ​ក្រុម​និយម​ជ្រុល​អ៊ីស្លាម​​នៅក្នុង​ប្រទេស​ក្រោយ​ការវាយប្រហារ​សម្លាប់​ម​នុស្ស​យ៉ាង​រង្គាល​ដោយ​ក្រុម​អ៊ីស្លាម​និយម​ជ្រុល​មួយ​។​

ACJU អង្គការ​អ្នក​ចាស់ទុំ​អ៊ីស្លាម​នៅ​ស្រីលង្ការ បាន​អំពាវនាវ​កុំ​អោយ​ស្រីៗ​ពាក់រ​បាំង​ស្បៃ​មុខ​និង​កន្សែង​គ្រប​ក្បាល​ដើម្បី​កុំអោយ​ភ្នាក់ងារ​អនុវត្ត​ច្បាប់​ច្រឡំ​និង​សុវត្ថិភាព​របស់​​ខ្លួន​ផ្ទាល់​។​អង្គការ​នេះ​ក៏​ស្នើ​អោយ​អ្នក​កាន់​សាសនា​អ៊ីស្លាម​ក្នុងស្រុក​សហការ​ជាមួយ​កងកម្លាំង​សន្តិសុខ​។​

​សូមបញ្ជាក់​ថា ស្រីលង្ការ​បន្ត​ស្ថិតក្នុង​ភាព​ប្រុងប្រយ័ត្ន​ខ្ពស់​ក្រោយ​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​បន្តបន្ទាប់​កាលពី​ថ្ងៃអាទិត្យ​ដោយ​សម្លាប់​មនុស្ស​ជាង​២៥០​នាក់​និង​របួស​ប្រមាណ​៥០០​នាក់​។​មនុស្ស​ជាង​១០០​នាក់​ត្រូវបាន​ចាប់​ឃាត់ខ្លួន​ចាប់តាំងពី​ប្រទេស​បើក​ប្រតិបត្តិការ​ប្រឆាំង​ភេរវកម្ម​ធំ​បំផុត​និង​ការស៊ើបអង្កេត​លើ​ការវាយប្រហារ​នេះ​។​

​យោធា​នៅ​ក្នុងប្រទេស​នៃ​មហាសមុទ្រ​ឥណ្ឌា​នេះ​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ទាហាន​ជិត​១០.០០០​នាក់​ត្រូវបាន​ដាក់ពង្រាយ​នៅ​ទូទាំង​ប្រទេស​ដើម្បី​ឆែកឆេរ ដាក់​ប៉ុស្តិ៍​ត្រួត​​ពិនិត្យ​និង​ផ្តល់​សន្តិសុខ​នៅ​តាម​ទីតាំង​សាសនា​។​

​ការភ័យខ្លាច​អំពី​ការ​សងសឹក​លើ​សហគម​ន៍​អ៊ីស្លាម​នាំ​អោយមាន​ការជម្លៀស​ម​នុស្ស​ចេញពីផ្ទះ​របស់​គេ​ខណៈ​អ្នក​កាន់​សាសនា​គ្រិស្ត​កំពុង​កាន់​មរណទុក្ខ​។​

​ស្រីលង្ការ​មាន​ប្រជាពលរដ្ឋ​២២​លាន​នាក់ ភាគច្រើន​អ្នក​កាន់​សាសនាព្រះពុទ្ធ​និង​ក្រុម​ជនជាតិភាគតិច​រួម​មាន​គ្រិស្ត​សាសនិក​ជន អ៊ីស្លាម​និង​ហិណ្ឌូ​៕​ដោយ​៖​វាសនា​

ជន​អ៊ីស្លាម​នៅ​ទីប្រជុំជន​ណេ​ហ្គោម​បូ ក្នុងប្រទេស​ស្រីលង្ការ ត្រូវបាន​រើ​ទីលំនៅ​តាម​រថយន្តក្រុង​ទៅកាន់​ទីប្រជុំជន​មួយទៀត​ដើម្បី​សុវត្ថិភាព​កាលពី​ថ្ងៃ​២៤​មេសា​