ស្រីលង្កា​ចាប់ខ្លួន​៤០​នាក់ ខណៈ​ចំនួន​មនុស្ស​ស្លាប់​ពី​ការ​បំផ្ទុះ​គ្រាប់​កើន​ដល់​៣១១​នាក់​

468
ចែករម្លែក

​ខណៈ​ការប្រកាស​ដាក់​ប្រទេស​ក្នុងស្ថានភាព​គ្រាអាសន្ន​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​អង្គារ​ទី​២៣​មេសា​ដោយ​ផ្តល់​អំណាច​ពេល​សង្គ្រាម​ដល់​កងទ័ព​ស្រីលង្ការ ប៉ូលិស​បាន​ចាប់ខ្លួន​ជន​​សង្ស័យ​៤០​នាក់ រួមមាន​អ្នកបើក​រថយន្ត​ដែល​ប្រើ​ដោយ​ពួក​អ្នក​វាយប្រហារ​ដោយ​គ្រាប់បែក​អត្តឃាត​កាលពី​ថ្ងៃអាទិត្យ និង​ម្ចាស់ផ្ទះ​មួយ​ដែល​ពួកគេ​បាន​ស្នាក់នៅ​។​

​ប្រធានាធិបតី ស្រីលង្ការ​បាន​ផ្តល់អោយ​យោធា​នូវ​អំណាច​ចាប់ចង​និង​ឃាត់ខ្លួន​ជនសង្ស័យ ជា​អំណាច​ដែល​ធ្លាប់​ត្រូវបាន​ប្រើ​ក្នុងអំឡុង​សង្គ្រាមស៊ីវិល​២៦​ឆ្នាំ ដែល​ត្រូវបាន​ដក​​ចេញ​វិញ​កាលពី​ឆ្នាំ​២០០៩​។​

​អ្នកនាំពាក្យ​ប៉ូលិស​បាន​និយាយថា ចំនួន​មនុស្ស​ស្លាប់​គិត​មក​ត្រឹម​ព្រឹក​ថ្ងៃ​អង្គារ​មាន​ចំនួន​៣១១​នាក់​។​

​នៅ​ថ្ងៃ​អង្គារ​នេះ​ខណៈ​ដែល ប្រធានាធិបតី លោក​ម៉ា​យ​ធ្រី​ប៉ា​ឡា ស៊ី​រី​សេណា បានប្រកាស​ការ​កាន់​មរណទុក្ខ​មួយថ្ងៃ អាជ្ញាធរ​ស្រីលង្ការ​មាន​ផែនការ​ពន្យល់​ប្រាប់​អ្នកការទូត​បរទេស​​និង​ទទួល​ជំនួយ​ពី​ក្រុម​FBI​អាមេរិក​ព្រមទាំង​បណ្តា​ទីភ្នាក់ងារ​ចារកម្ម​បរទេស ក្រោយ​ពី​ពួក​មន្ត្រី​កាលពី​ថ្ងៃ​ចន្ទ​បាន​បង្ហើប​ថា ខ្លួន​បាន​ទទួល​ការព្រមាន​តាំងពី​មួយ​សប្តាហ៍​​មុន​អំពី​ការវាយប្រហារ​ដែល​អាច​កើតមាន​ពី​ក្រុម​អ៊ីស្លាម​រ៉ាឌីកាល់​មួយ​។​

​ការវាយប្រហារ​៦​ក្នុងពេល​ស្ទើរ​ដំណាលគ្នា​លើ​ព្រះវិហារ​គ្រិស្ត​ចំនួន​៣​និង​សណ្ឋាគារ​ប្រណិត​៣ រួម​ទាំង​ការផ្ទុះ​ពាក់ព័ន្ធ​ចំនួន​៣​កាលពី​យប់​ថ្ងៃអាទិត្យ ជា​អំពើ​ហិង្សា​សម្លាប់​មនុស្ស​​ច្រើន​បំផុត​នៅលើ​កោះ​នៅ​អាស៊ី​ខាងត្បូង​នេះ​បើ​ធៀប​នឹង​អំពើ​ហិង្សា​នានា​ក្នុងអំឡុងពេល​១​ទសវត្សរ៍​មក​នេះ​។​

​ពួក​អ្នក​ស៊ើបអង្កេត​កាលពី​ថ្ងៃ​ចន្ទ​បាន​នៅ​ព្រះវិហារ​មួយ​ដែល​រង​ការ​បំផ្ទុះ​គ្រាប់​កាល​ពី​មួយ​ថ្ងៃមុន​

​ការផ្ទុះ​៣​នៅពេល​ក្រោយមក​បាន​បង្ក​ការភិតភ័យ​តែ​មិន​បង្ក​គ្រោះថ្នាក់​ទេ​ខណៈ​ប៉ូលិស​បាន​ដោះ​គ្រាប់បែក​ជាច្រើន​នៅក្នុង​រថយន្ត​មួយ​ដែល​ត្រូវ​គេ​ចត​ចោល​នៅ​ជិត​ព្រះវិហារ​។​​គ្រឿង​បំផ្ទុះ​ជាច្រើន​ត្រូវបាន​រកឃើញ​នៅ​ជិត​ចំណតរថយន្ត​ក្រុង​ក្នុង​ក្រុង​កូឡុំបូ ។​

​បណ្តា​ទីភ្នាក់ងារ​ចារកម្ម​អន្តរជាតិ​បាន​ព្រមាន​ថា ក្រុម​ដែល​គេ​ស្គាល់​តិចតួច​មួយ​ឈ្មោះថា National Thowfeek Jamaath​បានរៀបចំ​ផែនការ​វាយប្រហារ តែ​វា​ទំនងជា​មិន​បាន​​ធ្លាក់​ដល់​ការិយាល័យ​នាយករដ្ឋមន្ត្រី​រហូតដល់​ក្រោយ​ការសម្លាប់​រង្គាល​កាលពី​ថ្ងៃអាទិត្យ​។​

​មន្ត្រី​ស្រីលង្ការ​បាន​និយាយថា ជន​ត្រូវ​ចាប់ខ្លួន​ជា​ជន​ស្រីលង្ការ​ទាំងអស់ តែ​អាជ្ញាធរ​សង្ស័យថា​មានការ​ជាប់​ពាក់ព័ន្ធ​នឹង​បរទេស​។​

​ក្នុងពេល​ជាមួយគ្នា រដ្ឋមន្ត្រី​ទេសចរណ៍​ស្រីលង្ការ​បាន​និយាយថា​ជន​បរទេស​៣៩​នាក់​ស្ថិត​ចំណោម​អ្នក​ស្លាប់​ក្នុងនោះ​ឥណ្ឌា​និង​អង់គ្លេស​មាន​ពលរដ្ឋ​ខ្លួន​ស្លាប់​៨​នាក់​ក្នុង​មួយ​ប្រ​​ទេស​និង​យ៉ាង​តិច​មាន​ជនជាតិ​អាមេរិក​៤​នាក់​។​ក្រៅពីនេះ មាន​ជនជាតិ​មក​ពី​បង់​ក្លា​ដែស ចិន បារាំង ជប៉ុន ហូ​ឡង់ ដា​ណឺ​ម៉ាក ព័រទុយហ្កាល់ អា​រ៉ាប៊ីសាអូឌីត អេ​ស្ប៉ាញ តួ​ក​គី​​និង​អូស្ត្រាលី​៕​ដោយ​៖​វាសនា​

ប្រជាជន​ស្រីលង្ការ​ទូទាំងប្រទេស ស្មឹង​ស្មា​ធ​៣​នាទី ខណៈ​សព​ជនរងគ្រោះ​ត្រូវ​បាន​បញ្ចុះ​ក្នុង​រណ្តៅ​រួម​