ស្រី​ម្នាក់​ទៀតហើយ​ចេញមក​អះអាង​រឿង​លើ​គ្រែ​ជាមួយ​ត្រាំ​

1333
ចែករម្លែក

​តារា​ទស្សនា​វ​ដ្តី​Playboy​ដែល​និយាយថា​នាង​មាន​ទំនាក់ទំនង​ស្នេហា​រយៈពេល​មួយខែ​ជាមួយ​ប្រធានាធិបតី​ត្រាំ​កាល​ពីមួយ​ទសវត្សរ៍​​មុន​លោក​ត្រាំ​ក្លាយជា​ប្រធានាធិបតី​នោះ បាន​ប្រាប់​សារព័ត៌មាន​CNN​ថា លោក​ត្រាំ​បាន​ព្យាយាម​ចំណាយលុយ​ដើម្បី​បាន​ដេក​ជា​​មួយ​នាង​។​

​នាង​ការេ​ន ម៉ាក់​ដូ​ហ្ក​ល​(Karen McDougal )​ចង់​ទម្លាយ​កិច្ចព្រមព្រៀង​បិទមាត់​តំលៃ​១៥០.០០០​មួយ​ដែល​នាង​បានធ្វើ​នៅ​ឆ្នាំ​២០១៦​ជាមួយ​ក្រុមហ៊ុន​American Media Inc ដើម្បី​កុំអោយ​នាង​បញ្ចេញ​ទំនាក់ទំនង​នេះ​។​

​ម៉ាក់​ដូ​ហ្ក​ល បាន​ប្រាប់​CNN​ថា​«​ក្រោយពី​ពួកយើង​មាន​ភាពស្និទ្ធស្នាល គាត់​បាន​ព្យាយាម​ចំណាយលុយ​លើ​ខ្ញុំ ហើយ​ខ្ញុំ​មិនបាន​ទទួល​វា​​ទេ​។​ខ្ញុំ​បាន​សម្លឹង​ទៅ​គាត់​ហើយ​បាន​និយាយថា “​នោះ​មិនមែន​ខ្ញុំ​ទេ​។​ខ្ញុំ​មិនមែនជា​មនុស្ស​ប្រភេទ​នោះទេ​”​។​គាត់​មាន​មើល​មក​ខ្ញុំ​និង​បាន​​និយាយថា “​អូ អ្នកជា​មនុស្ស​ពិសេស​ណាស់​”»​។​

​នាង​បន្ត​អោយដឹងទៀតថា ខណៈ​នាង​មិនមាន​គំរោង​ជួប​លោក​ត្រាំ​ជាថ្មី នាង​និង​ត្រាំ​បានបញ្ចប់​ការចំណាយ​ពេល​នៅ​ជាមួយគ្នា និង​រក្សា​​ទំនាក់ទំនង​តាម​ទូរស័ព្ទ តែ​«​មាន​ទំនាក់ទំនង​ជាក់ស្តែង​នៅពេលនោះ ពួកយើង​ទាំងពីរ​មាន​អារម្មណ៍​ណាស់​»​។​

​អ្នក​ទាំង​ពីរបាន​ជួបគ្នា​នៅ​ឆ្នាំ​២០០៦ ភ្លាមៗ​ក្រោយ​ភរិយា​របស់​ត្រាំ​នាង​មេ​ឡា​នៀ កើត​បានកូន​ប្រុស បា​រ៉ុ​ន​តែ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុម​​ហ៊ុន​American Media Inc ត្រូវបាន​ធ្វើឡើង​នៅ​ឆ្នាំ​២០១៦​ប៉ុណ្ណោះ នៅពេល​ត្រាំ​ឈរឈ្មោះ​សម្រាប់​តំណែង​ប្រធានាធិបតី​។​

​រឿង​របស់​ម៉ាក់​ដូ​ហ្ក​ល រំលេច​ការចោទប្រកាន់​អំពី​ការ​លួចលាក់​ស្នេហា​មួយទៀត​របស់​ត្រាំ​ជាមួយ​តារាភាពយន្ត​អាសអាភាស​នាង ស្ទេ​ផានី​​គ្លី​ហ្វ​ដ ដែល​គេ​ស្គាល​ថា​នាង ស្ត​មមី ដា​ញែ​ល ក្នុងអំឡុងពេល​ដូចខាងលើ​។​

​ឥឡូវ នាង​ដា​ញែ​ល កំពុង​ប្តឹង​សុំ​បញ្ចប់​កិច្ចព្រមព្រៀង​បិទមាត់​អំពី​ទំនាក់ទំនង​ស្នេហា​របស់​នាង​ជាមួយ​ត្រាំ ដែល​បាន​ចុះហត្ថលេខា​នៅ​​ឆ្នាំ​២០១៦ ចំពោះ​អ្វីដែល​នាង​អះអាងថា​នាង​ត្រូវបាន​មេធាវី​របស់​ត្រាំ​បង់ប្រាក់​អោយ​១៣០.០០០​ដុល្លារ​ជា​ថ្នូរ​នឹង​ការបិទ​មាត់​៕​ដោយ​៖​វាសនា