ស្រី យ៉ា​ឧ​ត្ត​ម​សេនីយ៍​ត្រី​ នៃរបប​លន់ នល់​

2443
ចែករម្លែក
  • 435
    Shares


ដោយៈ បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​/​ភ្នំពេញៈ​កូនប្រុស​របស់ ស្រី យ៉ា ឈ្មោះ​ស្រី ហោ​សង្វារ​បាន​និយាយ​រៀបរាប់​រឿងរ៉ាវ​របស់​ឪពុក​ខ្លួន​ថា​ខ្ញុំ​នៅតែ​ចងចាំ​ប្រយោគ​របស់​ឪពុក​ខ្ញុំ​បាន​និយាយ​ពេលដែល​ម្តាយ​របស់ខ្ញុំ​ប្រាប់​ឲ្យ​គាត់​គេចខ្លួន​ថា​“​ខ្ញុំ​ជា​ទាហាន​ម្នាក់​និង​មិន​រត់​ភៀសខ្លួន​ចោលស្រុក​ទេ​។ ប្រសិនបើ​ខ្ញុំ​ស្លាប់ ខ្ញុំ​ចង់​ស្លាប់​នៅក្នុង​ប្រទេស​កម្ពុជា​”​។ គាត់​បាន​និយាយ​ដូច្នេះ​នៅ​ថ្ងៃទី​១៥ ខែមេសា​ឆ្នាំ​១៩៧៥​។​គាត់​ប្រហែលជា​ដឹងខ្លួន​ថា​គាត់​នឹងត្រូវ​ខ្មែរក្រហម​សម្លាប់​ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ គាត់​បានសម្រេច​ចិត្ត​នៅ​ក្រុងភ្នំពេញ​។​

ឧត្តមសេនីយ៍ ស្រី យ៉ា

​មុនពេល​ចូល​បម្រើកងទ័ព​ឪពុក​របស់ខ្ញុំ​ធ្វើជា​គ្រូបង្រៀន​នៅ​ខេត្តកំពង់ចាម​។​គាត់​កាចណាស់​។​នៅពេល​មួយ​នោះ​សិស្ស​របស់គាត់​ម្នាក់​មិនចេះ​មេរៀន​ឪពុក​ខ្ញុំ​បាន​វាយ​សិស្ស​ម្នាក់នោះ​។​សិស្ស​នោះបាន​និយាយថា “​មិន​អី​ទេ នៅពេល​ខ្ញុំ​ក្លាយជា​ទាហាន ខ្ញុំ​នឹង​សងសឹក​លោកគ្រូ​ឯង​វិញ​”​។​

​ឪពុក​របស់ខ្ញុំ​មិនដែល​ញញើតញញើម ឬ​បាត់បង់​ភាពក្លាហាន​របស់គាត់​នៅក្នុង​សមរភូមិ​ឡើយ​។ នៅ​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​១៩៧០ គ្រួសារ​របស់ខ្ញុំ​ហៀបនឹង​ចេញទៅ​វិស្សមកាល​ទៅហើយ ពេលនោះ យើង​បានឮ​ព័ត៌មាន​អំពី​រដ្ឋប្រហារ​ទម្លាក់​ស​ម្តេច សីហនុ​។​
ឪពុក​របស់ខ្ញុំ​ត្រូវបាន​ហៅ​ឲ្យ​ទៅ​ច្បាំង​នៅថ្ងៃនោះ​។​បន្ទាប់មក​គាត់​ត្រូវបាន​ដំឡើង​ឋា​ន្ត​រ​ស័ក្តិ​ជា​វរសេនីយ៍ត្រី​។ លោក លន់ នល់ បានប្រគល់​ទង់​កិត្តិយស​មួយ​ជូន​ដល់​គាត់​។​

​គាត់​បាន​វាយ​ប្រយុទ្ធ​ជាមួយ​ខ្មែរក្រហម ប៉ុន្តែ​វា​ពិបាក​ខ្លាំងណាស់ ក្នុងការ​ធ្វើ​ឲ្យ​ខ្មែរក្រហម​បរាជ័យ​។ នៅ​សមរភូមិ​ពេជ្រនិល ទាំងសងខាង​បាន​បន្ត​វាយ​ប្រយុទ្ធ​គ្នា ប៉ុន្តែ​មិនមាន​អ្នកឈ្នះ ឬ​អ្នកចាញ់​ទេ​។ ឪពុក​របស់ខ្ញុំ​បាន​កាន់​កាំភ្លើង​វែង​មួយ​ដើម គាត់​មិនដែល​ធ្លាប់ប្រើ​កាំភ្លើងខ្លី​ទេ​។ រំពេច​នោះ​យោធា​ខ្មែរ ក្រហម​ម្នា​ក់បាន​បាញ់​ត្រូវ​កាំភ្លើង​វែង​គាត់​ធ្វើ​ឲ្យ​ផ្ទុះឡើង​។​ខោអាវ​របស់គាត់​បាន​ឆេះ​ប៉ុន្តែ​គាត់​បាន​ជៀស​ផុតពី​របួស​ធ្ងន់ធ្ងរ​។​អ្នកក្រោមបង្គាប់​គាត់​ជាច្រើន​នាក់​បាន​លើក​គាត់​ចូលទៅក្នុង​ឡាន​បន្ទាប់មក​បាន ដកថយ​។ នៅពេល​ភ្លាមៗ​នោះ សារព័ត៌​មានបាន​បោះពុម្ពផ្សាយ​រូបថត​គាត់​។

​ឪពុក​របស់ខ្ញុំ​បាន​អង្គុយ​ស្លៀកខោ​ខ្លី​រហែក​ឲ្យ​គេ​ថតរូប​គាត់​បន្ទាប់មក​គាត់​បាន​យក​ខោអាវ​ឆេះ​របស់គាត់​មក​ផ្ទះ​ទុកជា​វត្ថុ​អនុស្សាវរីយ៍​។​

ក្រុមគ្រួសារស្រីយ៉ា

​នៅ​ល្ងាច​ថ្ងៃទី​១៦​ខែមេសា​ឆ្នាំ​១៩៧៥​ឪពុក​ខ្ញុំ​បាន​ប្រាប់​ម្តាយ​ខ្ញុំ​ថា​កុំ​បារម្ភ​ខ្លាំងពេក​ពីព្រោះ​សង្គ្រាម​បាន​ចប់​ហើយ​។​អៀង​សារី​ធ្លាប់ជា​មិត្តភក្តិ​របស់​ឪពុក​ខ្ញុំ​និង​ជាស​ហការី​នៅពេលដែល​គាត់​បានធ្វើ​ការងារ​ជា​គ្រូបង្រៀន​។​ម្តាយ​របស់ខ្ញុំ​បាន​ប្រាប់​ឪពុក​ខ្ញុំ​ថា​គាត់​បាន​ស្តាប់ឮ​វិទ្យុផ្សាយសំឡេង​មួយ​ពី​បរទេស​និយាយថា ឈ្មោះ​ឪពុក​របស់ខ្ញុំ​មាននៅ​ក្នុង​បញ្ជី​ឧ​ត្ត​ម​សេនីយ៍​ដែល​ត្រូវ​សម្លាប់ចោល​។

ម្តាយ​ខ្ញុំ​បាន​ប្រាប់​គាត់​ឲ្យ​រត់​ភៀសខ្លួន​ប៉ុន្តែ​ឪពុក​ខ្ញុំ​ប្រកែក​។​នៅ​ព្រឹក​បន្ទាប់​យោធា​ខ្មែរក្រហមមាននៅ​គ្រប់​ទី​កន្លែង​ក្នុង​ទីក្រុង​ភ្នំពេញ​។​ទាហាន​លន់នល់​បាន​ដោះ​ឯកសណ្ឋាន​ចេញ​និង​ស្លៀកពាក់ខោអាវ​ស៊ីវិល​ជំនួស​វិញ​។ ឪពុក​ខ្ញុំ មាន​អ្នកបើកបរ​ម្នាក់ បើករថយន្ត​ជូន​គ្រួសារ​យើង​ទៅ​ក្រសួង​ព័ត៌មាន ពីព្រោះ​គាត់​បាន​គិតថា​មិនមាន​អ្នកណា​ធ្វើទុក្ខ​ទោស​យើង​ឡើយ​នៅ​ទីនោះ​។ នា​ថ្ងៃត្រង់បុរស​ម្នាក់ បាន​ចូលមក​ស្វាគមន៍​ម្តាយ​ខ្ញុំ ហៅ​ម្តាយ​ខ្ញុំ​ថា “​លោកជំទាវ​”​។ ម្តាយ​ខ្ញុំ​ប្រាប់​ខ្ញុំ​ថា គាត់​នោះ​គឺ កុយ ធួន (​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម នៅក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​) និង​ជា​អតីត​សិស្ស​របស់​ឪពុក​ខ្ញុំ​។ កុយ ធួន បាន​ប្រាប់​ឪពុក​ខ្ញុំ​ឲ្យ​ចូលទៅក្នុង​ស្ថានទូត​បារាំង​ពីព្រោះ​មិនមាន​អ្នកណា​ហ៊ាន​ឲ្យ​យើង​ចាក​ចេញពី​ទីក្រុង​ទេ ប្រសិនបើ​យើង​ស្នាក់នៅ​ទីនោះ​។​

​បន្តិចក្រោយមក​ខ្ញុំ​បានឃើញ​នាយទាហានជាន់ខ្ពស់​លន់​នល់​ម្នាក់​ក្នុង​ឯកសណ្ឋាន​ពណ៌​ស​ជិះ​នៅក្នុង​រថយន្ត​មួយ​។​ឪពុក​ខ្ញុំ​បាន​ដើរចូល​ទៅរក​គាត់​និង​បាន​ដោះ​ឯកសណ្ឋាន​របស់គាត់​ចេញរួច​បោះ​ចូលទៅក្នុង​រថយន្ត​។ បន្តបន្ទាប់ អៀង សារី បានមក​ដល់ គាត់​បាន​ចាប់​រលា​ក់ដៃ​មនុស្សជាច្រើន​។​

​ឪពុក​ខ្ញុំ​បាន​ប្រាប់​ម្តាយ​ខ្ញុំ​ឲ្យ​នាំ​កូនៗ​ទៅ​ជ្រក​ពួន​នៅក្នុង​ស្ថានទូត​បារាំង​។ ​បន្ទាប់មក​គាត់​បាន​ចាក​ចេញទៅ​ជាមួយ​កម្មាភិបាល​ជាន់ខ្ពស់​ខ្មែរក្រហម​។ នៅ​រសៀល​ម៉ោង​បួន យោធា​ខ្មែរក្រហម​បាន​ចូលទៅក្នុង​ស្ថានទូត​បារាំង​បាន​ភ្ជង់​កាំភ្លើង​តម្រង់​យើង​និង​បង្ខំ​យើង​ឲ្យត្រឡប់ទៅផ្ទះ​វិញ​។​

​ម្តាយ​ខ្ញុំ​បាន​និយាយថា “​ឈប់​គិត​អំពី​ឪពុក​ទៅ ព្រោះ​អី​គាត់​ប្រហែលជា​ស្លាប់​ហើយ​”​។​បន្ទាប់មក​គាត់ បាន​បំផ្លាញ​ឯកសណ្ឋាន​រួមជាមួយ​នឹង​ឯកសារ​របស់​ឪពុក​ខ្ញុំ​ចោល​ទាំងអស់​។​យើង​ត្រូវបាន​ជម្លៀស​ទៅ​ស្រុក​ស្អាង​នៅ​ថ្ងៃទី​១៨ ខែមេសា ដែលជា​ទីកន្លែង​របស់​សាច់ញាតិ​យើង​ជាច្រើន​នាក់​គឺជា​ក​ម្មា ភិបាល​ខ្មែរក្រហម​។​ម្តាយ​ខ្ញុំ​បាន​និយាយថា​យើង​ត្រូវតែ​ចាក​ចេញពី​ទីនេះ​ពីព្រោះ​ជីវិត​របស់​យើង​នឹងជួប​គ្រោះថ្នាក់​ក្នុងពេល​ឆាប់ៗ​នេះហើយ​។ ទីបំផុត យើង​បានធ្វើ​ដំណើរ​ឆ្ពោះទៅ​ខេត្តពោធិ៍សាត់​។

​អង្គការ​បាន​សួរនាំ​ម្តាយ​ខ្ញុំ​រាល់ពេល​អំពី​ស្រុកកំណើត​របស់គាត់​។​ម្តាយ​ខ្ញុំ​បាន​និយាយ​កុហក​អង្គការរហូត​។​ប្រាំ​មួយខែ​ក្រោយមក​យើង​បាន​រកឃើញ​កន្លែង​មួយ​ជាទី​ដែល​យើង​គិតថា​នឹង​មិនមាន​អ្នកណាម្នាក់​ស្គាល់​យើង​ឡើយ​។ យ៉ាងណាក៏ដោយ យើង​បាន​ជួប​ភរិយា​របស់​ឧ​ត្ត​ម​សេនីយ៍​ត្រី ហង្ស ប៊ុនហេង នៅ​ទីនោះ​។ យើង​មិនមាន​កន្លែង​ផ្សេង​ដែល​អាច​បន្តទៅទៀត​ទេ​។​ពីរ​បី​ថ្ងៃ​បន្ទាប់មក​អង្គការ​បាន​ចាប់​បងប្រុស​របស់ខ្ញុំ​ឈ្មោះ សៃ ណា​ទិ​ត​យក​ចេញទៅ​។​គាត់​ធ្លាប់បាន​ធ្វើជា​នាយក​សាលា​រៀន​មួយ​នៅ​ក្រុងភ្នំពេញ​។
ដោយសារតែ​គាត់​មិនបាន​កោរពុកមាត់​រប​ស់​គាត់​នៅក្នុង​របប​ខ្មែរក្រហម​ដូច្នេះ​ពេល​មើលទៅ​គាត់​ដូចជា​តារាភាពយន្ត​ម្នាក់​ឈ្មោះ ពេ​ជ សា​លឿន អ៊ីចឹង​។ អង្គការ​បានសម្លាប់​ប​ង​ប្រុស​របស់ខ្ញុំ ដោយ​គិតថា គាត់​ជា ពេ​ជ សា​លឿន និង​ជា​អនុសេនីយ៍ឯក​ម្នាក់ នៅក្នុង​របប លន់ នល់​។​

​យើង​បានរស់នៅ​ជាមួយ​ប្រជាជន​មូលដ្ឋាន ហើយ​អាច​ដាំបាយហូប​នៅពេល​យប់​បាន និង​មិនមាន បញ្ហា​អ្វី​តឹងតែង​ឡើយ​។ ប៉ុន្តែ ប្រជាជន​ថ្មី​នឹងត្រូវ​សម្លាប់ចោល ប្រសិនបើ លួច​ដំឡូង​ពីរ​បី​ដុំ​។​ថ្ងៃមួយ នោះ​បងស្រី​របស់ខ្ញុំ​ឈ្មោះ​សាលី​បាន​ឲ្យ​ស្បៃ​មុង​មួ​យមក​ខ្ញុំ​ហើយ​ខ្ញុំ​ចាប់​ត្រី​បាន​ដោយសារ​ប្រើ​ស្បៃ​មុង​នោះ​។ មាន​ក្មេង​ក្នុងភូមិ​ម្នាក់​បាន​និយាយថា ស្បៃ​មុង និង​ត្រី​ដែល​ខ្ញុំ​ចាប់​បានជា​របស់​វា​។​វា​បាន​យក រំពាត់ផ្តៅ​វាយ​ខ្ញុំ រហូត​ទាល់តែ​ភ្នែក​ខ្ញុំ​ឡើង​ជាំខ្មៅ​។​

​ថ្ងៃមួយ​ខ្ញុំ​ឈឺ​និង​បាន​សន្លប់​នៅ​វាលស្រែ​។​នៅពេលដែល​ខ្ញុំ​ដឹងខ្លួន​ឡើង​ប្រធាន​អង្គភាព​របស់ខ្ញុំ​បានបញ្ជូន​ខ្ញុំ​ទៅ​សមរភូមិ​ប្រយុទ្ធ​។ ពេល​ខ្ញុំ​ត្រឡប់មក​ភូមិ​វិញ ខ្ញុំ​មិនបាន​ឃើញ​ម្តាយ​របស់ខ្ញុំ​ទេ​។​អ្នកភូមិ​ជា ច្រើន​នាក់​បាន​និយាយប្រាប់​ខ្ញុំ​ថា​ម្តាយ​របស់ខ្ញុំ​ឈឺ​ប៉ុន្តែ​ការពិត​ម្តាយ​របស់ខ្ញុំ​ប្អូនប្រុស​របស់ខ្ញុំ​ក្មួយស្រី ពីរ​នាក់ និង​ក្មួយប្រុស​ម្នាក់​ត្រូវបាន​បាត់​ខ្លួន​។​

​សាលី​ត្រូវបាន​បញ្ជូនទៅ​ខេត្តពោធិ៍សាត់​នៅ​ឆ្នាំ​១៩៧៨​ជាទី​កន្លែង​ដែល​គាត់​បានធ្វើការ​នៅក្នុង​អង្គភាព​ស្ត្រី​មេម៉ាយ​។ អ្នកភូមិ​ខ្លះ​ដែល​នៅ​ជាមួយ​គាត់​នៅ​ទីនោះ បាន​ប្រាប់​ខ្ញុំ​ថា មុនពេល​គាត់​នាង​ស្លាប់ កម្មាភិបាល បាន​សួរ​គាត់​ថា​តើ​គាត់​ចង់​រស់នៅ​ជាមួយ​អង្គការ​ឬ​ជាមួយ​ឪពុក​របស់គាត់​?​។​ខ្ញុំមិនដឹងថា​គាត់​ឆ្លើយថា​ម៉េច​ទេ​ប៉ុន្តែ​បាន​ឮថា​គាត់​បាន​ឲ្យ​មាសសន្លឹក​ទៅ​កម្មាភិបាល​ដើម្បី​រស់

​ទោះបីជា​យ៉ាងណាក៏ដោយ អង្គការ​បានសម្លាប់​គាត់​ចោល​។ ប្តី​របស់គាត់​ឈ្មោះ មី ប៉េង​គា ជា​អ្នកបើក​យន្ត​ហោះ​ចម្បាំង​។ ឪពុក​របស់ខ្ញុំ​បាន​បញ្ជូន​គាត់​ទៅ​រៀន​នៅ​ប្រទេស​ថៃ​មុន​ឆ្នាំ​១៩៧៥​។​ឥឡូវនេះ​គាត់​រស់នៅ​សហរដ្ឋអាមេរិក​។​
​បន្ទាប់ពី​អង្គ​ការយក សាលី ចេញទៅ អង្គការ​បានចាប់ផ្តើម​សួរ​ប្អូនស្រី​ខ្ញុំ ហោ ស៊ី​ឡែ​ន នូវ​សំណួរ ដូចគ្នា​នឹង សាលី ដែរ​។ គាត់​បាន​ប្រាប់​អង្គការ​ថា​គាត់​ធ្លាប់បាន​អប់រំ​ប្រាំ​ឆ្នាំ​ជាមួយ​អង្គការ​។ ដូច្នេះ គាត់​បាន​បូជា​ខ្លួន​គាត់​ផ្ទាល់​ដើម្បី​រស់នៅ​ជាមួយ​អង្គការ​។​គាត់​កំពុង​រស់​នៅឯ​ប្រទេស​បារាំង​សព្វថ្ងៃនេះ​។​

​ខ្ញុំ​ធំធាត់​ឡើង​នៅក្នុង​របប​ខ្មែរក្រហម ប៉ុន្តែ​ខ្ញុំ​គ្មាន​ឱកាស​បាន​ចូល​សាលារៀន​ឡើយ​។ ប្រសិន បើ​ខ្ញុំបាន​រៀនសូត្រ​រឿងរ៉ាវ​មួយ​ពី​របប​នោះ ខ្ញុំ​ត្រូវតែមាន​ការអប់រំ​មួយ និង​ខិតខំ​ធ្វើ​ការងារ​៕មន