ស្រុកបន្ទាយស្រីមានការឆេះព្រៃអស់​ចំនួន២០ហិកតា

87
ចែករម្លែក

ដោយ:បាយ័ន/សៀមរាប ៖ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ មន្ត្រីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយ លោក ទា គឹមសុទ្ធ ជាប្រធានមន្ទីរ បានចុះសិក្សា វាយតម្លៃពីទំហំនៃការខូចខាត ដោយករណីឆេះព្រៃចម្ការក្រញូង និងកូនឈើផ្សេងៗ នៅភូមិត្រពាំងថ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី កាលពីវេលាម៉ោង១៦,០០នាទី ថ្ងៃទី២១ ខែមករា ឆ្នាំ២០២០។

ចំពោះការពន្លត់ភ្លើងឆេះព្រៃនេះផងដែរ ក៏មានការដឹកនាំ និងបញ្ជាផ្ទាល់របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន មន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ យោធភូមិទី៤ និងវិទ្យាស្ថានស្រាវជ្រាវព្រៃឈើ និងសត្វព្រៃ ដោយប្រើប្រាស់ត្រាក់ទ័រ ២គ្រឿង និងមន្ត្រីចុះអន្តាគមន៍ចុះពន្លត់ផ្ទាល់ រហូតធ្វើឲ្យភ្លើងរលត់ទាំងស្រុងនៅវេលាម៉ោង ២១៖៥៥នាទី នាថ្ងៃខែឆ្នាំដដែល។

តាមរយៈលទ្ធផលនៃការវាយតម្លៃការខូចខាតឃើញថាដីព្រៃទំហំ ២០,៣៤៤ហិកតា រងការឆាបឆេះ ហើយការឆេះនេះ គឺដោយសារជនខិលខូចបានចូលលួចដុត ដើម្បីទន្ទ្រានចម្ការព្រៃឈើ យកដីព្រៃឈើរបស់រដ្ឋធ្វើជាកម្មសិទ្ធិ។ ពាក់ព័ន្ធនឹងករណីខាងលើ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានណែនាំឲ្យសមត្ថកិច្ចជំនាញបន្តស្រាវជ្រាវរកជនបង្ក ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

ដ្ឋបាលខេត្ត នឹងរៀបចំពិធីដាំកូនឈើឡើងវិញនៅចំណុចដែលរងការឆេះនេះ និងលើកទឹកចិត្តឲ្យបានការចូលរួមដាំពីសំណាក់វិស័យឯកជន បងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិត និងសាធារណជនទូទៅ នារដូវវស្សាឆ្នាំ២០២០ខាងមុខនេះ៕B/