ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ទទួលបាន​សមាជិក​គ​ណ​បក្ស​ប្រជាជន​កម្ពុជា​ថ្មី​ជាង​៥០០​នាក់​បន្ថែមទៀត​

1739
ចែករម្លែក

ដោយ​: ពៅ និមល / ភ្នំពេញ​: ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ស្រុក​ព្រៃឈរ នៅ​ព្រឹក​ថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ​២០១៨​នេះ បានរៀបចំ​ពិធី​ស្វាគមន៍​សមាជិក​ថ្មី​គណបក្ស​ប្រជាជន​កម្ពុជា​មកពី​ឃុំ​បារាយណ៍ និង​ឃុំ​ក្រូច សរុប​ចំនួន ៥៣០​នាក់ ដែល​ប្រព្រឹត្តទៅ​ក្រោម វត្តមាន​របស់លោក សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​។​

​នៅក្នុង​ប្រកាស​បញ្ចូល​សមាជិក​ថ្មី​ស្ថិតនៅ​ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម លោក ប៉ាន សូរ​ស័ក្តិ បាន លើកយក​ស្នាដៃ និង​សមិទ្ធផល​សំខាន់ៗ​របស់​រាជរដ្ឋាភិបាល និង​បាន​រំលឹក​ពី​គោលការណ៍​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ផ្តោត​សំខាន់​ប្រមូលផ្តុំ​កម្លាំង​ប្រជាជន​គ្រប់​មជ្ឈដ្ឋាន ដែលមាន​ឧ​ត្ត​ម​គតិ​ស្នេហា​ជាតិ មាតុភូមិ ស្រឡាញ់​លទ្ធិប្រជាធិបតេយ្យ និង​សន្តិភាព មិន​ប្រកាន់​ឋានៈ ជីវភាព ជនជាតិ ជំនឿ​សាសនា អតីតកាល ដើម្បី​រួមគ្នា​ការពារ​សមិទ្ធិផល សង្គមជាតិ និង​កសាង​ប្រទេស ប្រកបដោយ​ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និង​វឌ្ឍនភាព​សង្គម​។​

​ជាមួយគ្នានេះ លោក​រដ្ឋមន្ត្រី​ផ្តែផ្តាំ​ដល់​សមាជិក​-​សមាជិកា​ថ្មី របស់​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវខិតខំ​យកចិត្តទុកដាក់​ប្រតិបត្តិ​ឲ្យ​បាន​ត្រឹមត្រូវ​ទៅតាម​កម្មវិធី​នយោបាយ និង​លក្ខន្តិកៈ​របស់​គណបក្ស ហើយ​ត្រូវ​ធ្វើជា​ប្រជាជន​ល្អ និង​ជា​សមាជិក​-​សមាជិកា​គំរូ​របស់​គណបក្ស ដើម្បី​ទាក់ទាញ​ការគាំទ្រ​ពី​សាធារណជន​ទូទៅ​។ ឆ្លៀត​ក្នុងឱកាស​នោះ​លោក​បាន​បញ្ជាក់ទៀតថា យើងទាំងអស់គ្នា ជា​សមាជិក​-​សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា យើង​មាន​កាតព្វកិច្ច​សំខាន់​មួយ គឺ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា មានន័យថា «​សមាជិក​ម្នាក់ គឺ​សំឡេងឆ្នោត​មួយ​សន្លឹក​» «​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា គឺ​បោះឆ្នោត​ឲ្យ​ខ្លួនឯង​។​

​ក្រោយ​បញ្ចប់​នៃ​អង្គពិធី លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បានប្រគល់​ថវិកា​កំដរដៃ​មួយចំនួន ជូន​ដល់​សមាជិក​-​សមាជិកា​ទាំង ៥៣០​នាក់ និង​បាន​ជម្រាបជូន​អំពី​លេខ​រៀង​ថ្មី​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺ​លេខ​២០ តំណាង​ឲ្យ​សមិទ្ធផល​រយៈពេល​២០​ឆ្នាំ នៃ​នយោបាយ​ឈ្នះ​-​ឈ្នះ របស់​សម្តេច​តេ​ជា ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ជា​មគ្គទេសក៍​ឆ្នើម​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​នាំមក​នូវ​សុខសន្តិភាព ស្ថិរភាព​សង្គម ការបង្រួបបង្រួម​ជាតិ លទ្ធិប្រជាធិបតេយ្យសេរី​ពហុបក្ស និង​វឌ្ឍនភាព​គ្រប់​វិស័យ​៕