ស្រុក​រតនៈមណ្ឌល​មាន​ល្អាង​ភ្នំ​បុរាណ​ពីរ​ដែល​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​

232
ចែករម្លែក

ដោយ​: គ្រញូង / បាត់ដំបង​: នៅក្នុង​ស្រុក​រត​មណ្ឌល​មាន​ល្អាង​ភ្នំ​បុរាណ​ពីរ ដែល​ទាក់ទាញ​ភ្ញៀវទេសចរ និង​អ្នក​បុរាណវិទ្យា ចុះ​ធ្វើ​កំណាយ​រកឃើញ​វត្ថុ​ប្រើប្រាស់​កាលពី​សម័យ​ដើម​ជាច្រើន​។​

​លោក នួន ថា អនុប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត បាន​ឲ្យ​ដឹងថា ល្អាង​ភ្នំ​បា​ដាក​មាន​ទីតាំង​នៅក្នុង​ភ្នំ​បា​ដាក​ដែលមាន​ចម្ងាយ ៥២.៦០​គីឡូម៉ែត្រ ដោយ​ចាប់ពី​សាលាខេត្ត​រហូត​ទៅ​ដល់​ល្អាង​។ យើង​អាចធ្វើ​ដំណើរ​ទៅកាន់​ភ្នំ​បា​ដា​កដោយ​ចេញពី​ទី​រួម​ខេត្តបាត់ដំបង តាមផ្លូវ​លេខ​៥៧ ទៅ​ទិស​ខាងលិច​ប្រមាណ​ជា ៣.៩​គីឡូម៉ែត្រ នឹង​ទៅដល់​វត្ត​ស្តៅ​ក្នុងស្រុក​រតនមណ្ឌល រួច​បត់​ស្តាំ​តាមផ្លូវ​ក្រាល​ក្រួស​ក្រហម​ចម្ងាយ ១៨.៧​គីឡូម៉ែត្រ និង​ទៅដល់​ភ្នំ​បា​ដាក ស្ថិតក្នុង​ភូមិ​បា​ដាក​ឃុំ​ស្តៅ ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង​។​

​លោក អ៊ុក អ៊ុ​ភី​នីស្សា​រ៉ា ប្រធាន​មន្ទីរ​ទេស​រណ៍​ខេត្ត បាន​បញ្ជាក់ថា ភ្នំ​បា​ដាក​គឺជា​ល្អាង​ភ្នំ​មួយ​ដែល​កើតមានឡើង​តាំងពី​យូរយារ​ណាស់​មកហើយ ដែល​យើង​មិនអាច​ចាត់​ថា នៅ​ឆ្នាំ​ណា​នោះទេ​។ វា​ជា​ល្អាង​ដែល​ស្ថិតនៅក្នុង​រូងភ្នំ​ដែលមាន​លក្ខណៈ​បត់បែន ទៅតាម​ស្ថានភាព​ពី​ធម្មជាតិ​របស់​វា​។​

​លោក​ប្រធាន​មន្ទីរ​បាន​បន្តថា ល្អាង​នេះ​មាន​រូង​ធំ​ទូលាយ​អាច​ឲ្យ​ភ្ញៀវ​ទេសចរណ៍​អង្គុយលេង​កំសាន្ត​យ៉ាង​សប្បាយ មាន​ខ្យល់អាកាស​បរិសុទ្ធ​ត្រជាក់​ស្រួល និង​មាន​ដើមឈើ​ធំៗ មាន​ម្លប់​ត្រឈឹងត្រឈៃ ដែល​អាច​ឲ្យ​ក្រុមគ្រួសារ​ដាក់​ម្ហូបអាហារ​ទៅ​ហូប​ជួបជុំគ្នា ក្រោម​ដើមឈើ​យ៉ាង​សប្បាយរីករាយ​ក្រោយពេល​ធ្វើកា​ងារ​ហត់​អស់​រយះពេល​មួយ​សប្តាហ៍​។ ល្អាង​នេះ​អាចដាក់​មនុស្ស​ប្រមាណ​៤០០​ទៅ​៥០​នាក់ ដែល​មកលេង​កម្សាន្ត​ក្នុងឱកាស​បុណ្យ​ធំៗ​នានា​។ ល្អាង​នេះ មាន​ពពុះ​ថ្ម និង​មាន​រន្ធ​នៅ​កណ្តាល​ល្អាង ដែល​អាច​ឲ្យ​ភ្ញៀវ​ឡើងទៅ​ដល់​កំពូលភ្នំ​។​

​ដោយឡែក​ល្អាង​មួយទៀត​មាន​ឈ្មោះថា ល្អាង​ភ្នំ ឬ​ល្អាង​ស្ពាន មាន​ទីតាំង​ស្ថិតក្នុង​ភ្នំ​ទាក់​ទ្រាំង​មាន​ចម្ងាយ​៤១.៥​គីឡូម៉ែត្រ ដោយ​គិតពី​សាលាខេត្ត​បាត់ដំបង រហូត​ទៅដល់​ល្អាង​។ យើង​អាចធ្វើ​ដំណើរ​ទៅកាន់​
​ភ្នំ​ទាក់​ទ្រាំង​ដោយ​ចេញពី​ទី​រួម​ខេត្ត​តាមផ្លូវ​លេខ​៥៧ ទៅដល់​សាលារៀន​គីឡូ​៣៨ រួច​បត់​ស្តាំ​ដែលមាន​ចម្ងាយ​៣​គីឡូម៉ែត្រ ពី​ថ្នល់ជាតិ​នឹង​ទៅដល់​ភ្នំ​ទាក់​ទ្រាំង ដែល​ស្ថិតនៅ​ក្នុងភូមិ​គីឡូ​ឃុំ​ស្តៅ​ស្រុក​រតនមណ្ឌល​។​

​លោក​ប្រធាន​មន្ទីរ​បាន​បន្តថា ល្អាង​ភ្នំ​ទាក់​ទ្រាំង​ជា​ល្អាង​ភ្នំ​មួយ​ដែល​កកើតឡើង​តាំងពី​យូរ​សតវត្សរ៍​មកហើយ​។ បច្ចុប្បន្ន​យើង​បានរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ចូលទៅក្នុង​ល្អាង​ឲ្យ​បាន​ស្អាតបាត​ដើម្បី​ទាក់ទាញ​
​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​ចូលទៅ​ទស្សនា ដើម្បី​កែប្រែ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្មុង​តំបន់​នេះ ឲ្យ​កាន់​តែ្អ​ប្រសើរឡើង​៕ ល​