ស្រុក​ស្ទឹងត្រង់​ ជាទី​ផ្សារ​ផលិត​កូន​ស្វាយចន្ទី​លក់​​ ចែកចាយ​ឲ្យ​បណ្តា​ខេត្ត​ភាគឥសាន​និង​ពាយ័ព្យ

126
ចែករម្លែក
ស្រុក​ស្ទឹងត្រង់​ ជាទី​ផ្សារ​ផលិត​កូន​ស្វាយចន្ទី​លក់​​ ចែកចាយ​ឲ្យ​បណ្តា​ខេត្ត​ភាគឥសាន​និង​ពាយ័ព្យ

ដោយ​: គង់​ហេង​:កំពង់ចាម​: ឃុំ​មេសរ​ជ្រៃ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម​ មា​ន កសិ​ដ្ឋា​ន​ចំនួន​ជាង ២០ កន្លែង ​មាន​សមត្ថភាព​អាច​ផលិត​បណ្តុះ​បង្កាត់​ពូជ បានជា​កូនដើម​ស្វាយចន្ទី​គ្រប់​អាយុ​ចាប់ពី ៨ ទៅ ១២ ខែ​លក់​ផ្គត់ផ្គង់​ចែកចាយ​បាន​ចំនួន​ពី ១០​ម៉ឺន ដល់ ៣០​ម៉ឺន​កូន ក្នុង​មួយថ្ងៃ​ទៅ​បណ្តា​ខេត្ត​មួយចំនួន​នៅ​ភាគ​ឥសាន និង​ភាគ​ពាយ័ព្យនៃ​ប្រទេស​កម្ពុជា​។​

លោក វន់ វ៉ា​ន្នី ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​មេសរ​ជ្រៃ​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃទី ១២ សីហា ២០១៩​ថា វេលា​នេះ​ដល់​រដូវ​ដែល​កសិករ​ជាច្រើន​គ្រួសារ​នាំគ្នា​ប្រកប​របរ​បណ្តុះ​កូន​ស្វាយចន្ទី​លក់​។ ក្នុងនោះ​ទូទាំង​ឃុំ​មាន​ភូមិ​សរុប​ចំនួន ប្រាំ មាន​ប្រជាពលរដ្ឋ​ភូមិ​អូរ​បេង និង​ភូមិ​ត្រពាំង​ឈូក គឺ​ស្ទើរតែ​គ្រប់​គ្រួ​សារបាន​ផុល​ផុស​ប្រកប​របរ​មួយ​នេះ​។​

លោក​សមាជិក​ក្រុមប្រឹក្សា​ដែល​ទទួលបន្ទុក​ខាង​កសិកម្ម​បាន​ឲ្យ​ដឹងថា ជាមួយ​នោះ​មានគ្រួសារ​បណ្តុះ​កូន​ដំណាំ​នេះ​ជា​ខ្នាតតូច​តាម​ផ្ទះ​ពី ៥០០ ទៅ ប្រាំ​ម៉ឺន កូន គឺមាន​ស្ទើរ​គ្រប់​ខ្នង​ផ្ទះ​។ ជា​ខ្នាត​មធ្យម​បែប​កសិដ្ឋាន​ពី ប្រាំ​ម៉ឺន ដល់ ៣០​ម៉ឺន​កូន និង​ខ្នាត​ធំ​ពី ៣០​ម៉ឺន ដល់ ៥០​ម៉ឺន​កូន គឺមាន​ចំនួន ២១ កសិដ្ឋាន​។ ដោយ​ដល់​រដូវ​ដាំ​ដុះ​ដំណាំ​ស្វាយចន្ទី​ពេញបន្ទុក​ក្នុង​រង្វង់​ចន្លោះ​ខែមិថុនា និង​ខែកក្កដា គឺ​អ្នក​ដាំ​ដំណាំ​ឧស្សាហ​កម្មនេះ​តាម​រថយន្ត​ពី​សរុប​ប្រហែល​ពី ១០​ម៉ឺន ទៅ ៣០​ម៉ឺន កូន​ក្នុង​មួយថ្ងៃ​នោះ​។​

លោក វ៉ា​ន្នី បាន​ឲ្យ​ដឹង​ទៀតថា អតិថិជន​ជា​អ្នក​និយម​ដាំ​ដុះ​ដំណាំ​នេះ​ភាគច្រើន​មកពី​ខាង​ភូមិភាគ​ឥសាន​ដូចជា ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង ខេត្តក្រចេះ និង​ខាង​ភូមិភាគ​ពាយព្យ​មាន​ខេត្តព្រះវិហារ​ជាដើម ។ ល ។ ដោយ​ក្នុង​កូន​ស្វាយចន្ទី​មួយ​ដើម​លក់បាន​តម្លៃ​ពី ១.០០០ ដល់ ១.១០០ រៀល​។ តម្លៃ​នេះ​បាន​ធាក់​ថយ​ច្រើនជាង​កាលពី​ប៉ុន្មាន​ឆ្នាំ​ប្រមាណ ១.០០០ រៀល​។ ដោយសារ​កាលនោះ​មាន​អ្នក​ប្រក​បរបរ​នេះ​មាន​កសិដ្ឋាន​ប្រហែល​ជាង ១០​កន្លែង​ប៉ុណ្ណោះ ហើយ​សម្បូរ​អ្នក​ដាំ​ដុះ​ដំណាំ​នេះ​នៅក្នុង​ស្រុក​ច្រើន​។​

លោក ហ៊រ ហ៊ាង មាន​មុខរបរ​បណ្តុះ​កូន​ស្វាយចន្ទី​លក់​ម្នាក់​ក្នុង​កសិដ្ឋាន​មួយ​នៅ​ភូមិ​អូរ​បេង ឃុំ​មេសរ​ជ្រៃ​បាន​និយាយថា គ្រួសារ​លោក​បាន​ចាប់យក​របរ​នេះ​ចំនួន បី ឆ្នាំ​ហើយ ក្នុង​ផ្ទៃដី​ចំនួន ៤០ អារ​ដែល​អាច​ផ្ទុក​កូន​ស្វាយចន្ទី​សម្រាប់​លក់​ពី​ខែមេសា ដល់​ខែកក្កដា ចំនួន ១២​ម៉ឺន​កូន បន្ទាប់ពី​ចំណាយពេល​ពី​ប្រាំបី ដល់ ១២​ខែ​នោះ​។​

ម្ចាស់​កសិដ្ឋាន​ដែលមាន​វ័យ ៥២ ឆ្នាំ​រូបនេះ​បាន​ឲ្យ​ដឹង​ទៀតថា មុន​ឈានដល់​កូន​ស្វាយចន្ទី​គ្រប់​អាយុ​អាច​លក់បាន អ្នក​ផលិត​បណ្តុះ​កូន​ស្វាយចន្ទី​ចាំបាច់​ត្រូវ​ឆ្លងកាត់​ពីរ​ដំណាក់កាល ដំណាក់កាល​បណ្តុះ​គ្រាប់​រហូត​ដុះ​ពន្លក​លូតលាស់​បាន​អាយុ​ពី ៤៥ ដល់ ៦០​ថ្ងៃ គឺ​ឈានដល់​ដំណាក់​កាត់​បំបៅ​ជ្រើសរើស​ពូជ​ដែល​ធន់​នឹង​ជំងឺ និង​ទទួល​ទិន្នផល​ជា​ផ្លែ​ច្រើន​ល្អ​។ ដំណាក់កាល​ដ៏​សំខាន់​នេះ​តម្រូវ​ឲ្យ​ជួល​អ្នកមាន​បច្ចេកទេស ក្នុងតម្លៃ​មួយ​កូន​ចំនួន ២៥០​រៀល ហើយ​មើលថែ​ដោយ​ខ្លួនឯង​ដល់​គ្រប់​អាយុ​អាច​លក់បាន​នោះ​។​

លោក មុំ ដា​រ៉ា ប្រធានការិយាល័យ​កសិក​ម្ម​ស្រុក​ស្ទឹងត្រង់​បាន​ឲ្យ​ដឹង​ដែរ​ថា ទូទាំង​ស្រុក​មាន​កសិដ្ឋាន​ផលិត​បណ្តុះ​កូន​ស្វាយចន្ទី​លក់​មាន​ចំនួន​ជាង ៣០​កន្លែង ។ ឃុំ​ដែលមាន​កសិករ​ប្រកប​របរ​នេះ​ច្រើនជាងគេ គឺ​ឃុំ​មេសរ​ជ្រៃ​នេះ ហើយ​ឃុំ​ដទៃ​ផ្សេងទៀត​មាន​ពីមួយ ទៅ​ពីរ កន្លែង​ប៉ុណ្ណោះ​។ ដោយសារ​បញ្ហា​ផ្ទៃដី​តំបន់​នោះ​មាន​សក្តានុពល​ខ្លាំង​លើ​ដំណាំ​ស្វាយចន្ទី​។​
លោក​ប្រធានការិយាល័យ​បាន​បន្តថា ដោយសារ​កត្តា​ដី​អំណោយផល​នេះ គឺ​កសិដ្ឋាន​ផលិត​កូន​ស្វាយចន្ទី​ភាគច្រើន​បានជ្រើសរើស​យក​ពូជ​ឈ្មោះ​«M23» តម្រូវ​តាម​ទីផ្សារ និង​ជា​ពូជ​ផ្តល់​ទិន្នផល​ខ្ពស់​។ ដោយឡែក​នៅ​ដំណាក់កាល​ផលិត​កូន​ស្វាយចន្ទី​នេះ គឺ​កសិករ​ជា​អ្នក​ផលិត​មិនសូវ​ជួប​បញ្ហា​ប្រឈម​ជំងឺ​ទេ គឺ​កត្តា​សំខាន់​យើង​ថែរក្សា​ដោយ​សម្អាត​ស្មៅ​ក្នុង​ថ្នាល​ព្រោះ​មេរោគ​ជា​សត្វល្អិត​វា​សម្ងំ​នៅ​ទីនោះ​៕​Ha