ស្រូវពូជ​សែន​ក្រអូប​ចំនួន​១០​តោន ត្រូវបាន​នាំយកទៅ​ចែកជូន​ដល់​ប្រជាពលរដ្ឋនៅក្នុង​ស្រុក​ប​រិ​បូ​រណ៍​

749
ចែករម្លែក

​ដោយ​: សន សក្តា​
​កំពង់ឆ្នាំង​:
ស្រូវពូជ​សែន​ក្រអូប​ចំនួន​១០​តោន ត្រូវបាន​សម្តេចចៅហ្វា​វាំង​គង់​សំអុល ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​ព្រះបរមរាជវាំង នាំយកទៅ​ចែកជូន ប្រជាកសិករ​ចំនួន​៣៨៨​គ្រួសារ មកពី​ឃុំ​ចំនួន​៧ នៅក្នុង​ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង នា​ព្រឹក​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៩ ។​

​នៅក្នុង​ពិធី​ចែក​ស្រូវពូជ​នាពេលនោះ​សម្តេចចៅហ្វា​វាំ​គង់ សំអុល បាន​ប្រាប់​ទៅ​ប្រជាកសិករ​អំពី​បច្ចេកទេស នៃ​ការដាំដុះ​ដំណាំ​ស្រូវ​ទទួលបាន​ទិន្នផល​ខ្ពស់​និង​ជម្រុញ​អោយ​ប្រជាកសិករ​រូតរះ ក្នុងការ​ភ្ជួរ​រាស់ ដក​ស្ទួ​ង អោយបាន​ទាន់​រដូវ​កាល ពីព្រោះ​នៅពេលនេះ​ភ្លៀង​បានចាប់ផ្តើម​ធ្លាក់​ជា​បន្តបន្ទាប់​ហើយ​។​

​លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រ​ម៉ាញ់​និង​នេសាទ​ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹងថា ឆ្នាំនេះ​ខេត្តកំពង់ឆ្នាំង​មាន​ផែន​ការធ្វើ​ស្រូវវស្សា​លើ​ផ្ទៃដី​ចំនួន​១២១,៨០០​ហិកតា ក្នុងនោះ ស្រូវស្រាល ៧,២៩១​ហិកតា ស្រូវកណ្តាល​១៩,៦៥២​ហិកតា ស្រូវធ្ងន់​២៤,១៦៣​ហិកតា និង​ស្រូវ​ឡើង​ទឹក​ចំនួន​២២៤​ហិកតា​។

​លោក ងិន ហ៊ុន បាន​ឲ្យ​ដឹង​ទៀតថា គិត​ចាប់ពី​ដើមរដូវ​មកដល់នឹង​ថ្ងៃទី​១១​មិថុនា​នេះ ប្រជាកសិករ​សម្រេច​ធ្វើបាន​ចំនួន​៥១,៣៣០​ហិកតា ស្មើនឹង​៤២.១៤​ភាគរយ​នៃ​ផែនការ​។​

​សូមបញ្ជាក់ថា ការបែងចែក​ស្រូ​វូ​ពូជ​នេះ គឺ​ចែក​ទៅតាម​ទំហំ​ផ្ទៃដី​ដែល​កសិករ​មាន ហើយ​ប្រជាកសិករ​ចំនួន​៣៨៨​នាក់ ដែល​មក​ទទួល​ស្រូវពូជ សម្តេចចៅហ្វា​វាំង ក៏បាន​ឧ​ត្ថ​ម្ភ​បន្ថែម​ក្នុង​ម្នាក់ៗ​ទទួលបាន​សា​រ៉ុង​១ និង​ថវិកា​ចំនួន​២​ម៉ឺន​រៀល​៕ ល​