ស្រូវវស្សា​រាប់រយ​ហិកតា​ក្នុង​ខេត្តស្វាយរៀង​ប្រឈម​នឹង​បញ្ហា​កង្វះ​ទឹក​,​មន្ទីរ​ធនធានទឹក​ខេត្ត បាន​បញ្ជូន​គ្រឿងចក្រ និង​ម៉ាស៊ីនបូមទឹក​ចូល​អន្តរាគមន៍​

1366
ចែករម្លែក

(​ស្វាយរៀង​) ៖ ស្រូវ​រាប់រយ​ហិកតា របស់​ប្រជាកសិករ​នៅ​ខេត្តស្វាយរៀង ត្រូវ​ប្រឈម នឹង​កង្វះ​ទឹក ខណៈ​ភ្លៀង​លែង​បង្អុរ​ជាច្រើន​ថ្ងៃ ហើយ​ទឹកស្រះ ត្រពាំង និង​ប្រឡាយ​មួយចំនួន បាន​រីងស្ងួត​ជា​បណ្តើរៗ​បន្ទាប់ពី​ក្រុម​កសិករ​បាន​បូមទឹក​យកទៅ​សង្គ្រោះ​ស្រូវ​។​
​ ​
​ស្រូវ​រដូវវស្សា​រាប់រ​យ​ហិកតា​ឋិត​នៅក្នុង​ឃុំ​កំពង់ចំឡង ចំបក់ និង​ឃុំ​គ្រួស ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង​កំពុង​ប្រឈម​នឹង​កង្វះ​ទឹក​​ជាច្រើន​ថ្ងៃ​មកហើយ និង​អាច​អាច​ប្រឈម​នឹង​ការខូចខាត ទាំងស្រុង​នៅ​ដំណាច់​ខែសីហា នេះ បើ​ភ្លៀង​នៅតែ​មិន​បង្អុរ​ធ្លាក់​ខណៈ​​ប្រឡាយ ស្រះ និង​ត្រពាំង បាន​រីងស្ងួត​ជា​បណ្តើរៗ​ដោយសារ​ការបូមទឹក​យកទៅ​សង្គ្រោះ​ស្រូវ​។​
​ ​
​ប្រជាកសិករ បាន​លើក​ឡោះ​ង​ថា ស្រូវ​នៅក្នុង​ភូមិ​របស់គាត់ និង​ភូមិ​ជិតៗ​គាត់ រាប់សិប​ហិកតា ត្រូវបាន​ប្រឈម​ខ្លាំង​នឹង​កង្វះ​ទឹក ក្រោយពី​ពួកគាត់​បាន ភ្ជួរ​រាស់ សាប ព្រោះ ដក ស្ទូង រួចរាល់ ទោះជា​ពួកគាត់​បានធ្វើការ​ការ​បូមទឹក​ពី​ស្រះ ត្រពាំង ប្រឡាយ​យកមក​​ធ្វើការ​សង្គ្រោះ​យ៉ាងណាក្តី ក៏​មិនអាច​សង្គ្រោះបាន​យូរថ្ងៃ​ដែរ ពីព្រោះ​ទំហំ​នៃ​ការរាំងស្ងួត​អូសបន្លាយ​យូរថ្ងៃ​ពេក​។​
​ ​
​កសិករ​ក្នុង​ឃុំ​ចំបក់ បាន​ឲ្យ​ដឹង​ដែរ​ថា នៅ​ប៉ុន្មាន​ខែ​នេះ ក្នុង​ឃុំ​ទាំងមូល​បាន​រង​នូវ​កង្វះ​ទឹក​សម្រាប់​ចិញ្ចឹម​សំណាប សន្ទូង​ច្រើន​ថ្ងៃ​មក​​ហើយ តែមាន​អ្នកខ្លះ​មានលទ្ធភាព បាន​បូមទឹក​ពី​ប្រឡាយ អណ្តូងទឹក ដើម្បី​នាំ​ទឹក​មក​សង្គ្រោះ​ស្រូវ ដោយ​ចំណាយ​អស់ប្រាក់​ជាច្រើន​។​
​ ​
​កសិករ​ក្នុង​ឃុំ​នេះ បាន​ឲ្យ​ដឹងថា បើ​នៅ​ដំណាច់​ខែសីហា​នេះ ភ្លៀង​មិន​បង្អុរ​មក​ទេ ទោះ​ស្រូវ​ដែល​បាន​បូមទឹក​យកមក​សង្គ្រោះ​និង​ស្រូវ​​មួយចំនួនទៀត​ដែល​មិនបាន​បូមទឹក​យមក​សង្គ្រោះ អាច​នឹង​ខូចខាត​ទាំងស្រុង​តែម្តង​គួបផ្សំ​ទៅ នឹង​ស្មៅ​ទន្ទ្រាន​ញាំញី​បន្ថែម​។​
​ ​
​ស្រូវ​ដែល​ប្រឈម​នឹង​ការខូចខាត​ទឹក​រាប់សិប​ហិកតា នៅក្នុង​ឃុំ​ទាំងបី​ខាងលើនេះ គឺជា​ស្រូវ​ដែល​នៅ​ឆ្ងាយ​ពី​ប្រឡាយ​មេ និង​ប្រឡាយ​រង ដែល​ពុំមាន​លទ្ធភាព​បូមទឹក​យកទៅ​សង្គ្រោះបាន ឯ​ស្រូវ​ឋិត​នៅជាប់​ប្រឡាយ​មេ មិនទាន់​ប្រឈម​គួរ​ឲ្យ​ព្រួយបារម្ភ នោះទេ​តែបើ​ការ​រាំង​​ស្ងួត​បន្ត​អូស​បន្លា​យូរ គឺអាច នឹង​ខូចខាត​ដែរ ពីព្រោះ​ប្រឡាយ​មេ និង​ប្រឡាយ​រង​ទាំងនោះ​ក៏​ពឹងផ្អែក​លើទឹក​ភ្លៀង​ដែរ​។​
​ ​
​ទាក់ទិន​នឹង​បញ្ហា​នេះ លោក គឹម សាវុធ ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តស្វាយរៀង បាន​បញ្ជាក់ថា​ពិត​ជាមាន​ស្រូវ​ទទួល​​រង​ផលប៉ះពាល់​ដោយ​ការរាំងស្ងួត និង​កង្វះ​ទឹក​។​មន្ទីរ និង​អាជ្ញាធរ​មូលដ្ឋាន​នានា​បាន​ចុះ​ឃ្លាំមើល​ស្រូវ​ទាំងនោះ​រាល់ថ្ងៃ​នៅ​គ្រប់​មូល​​ដ្ឋា​ន​ដែរ តែ​ចំពោះ​ស្រូវ​នៅ​ឆ្ងាយ​ពី​ប្រឡាយ​មេ ប្រឡាយ​រង ក៏​មន្ទីរ​គ្មាន​លទ្ធភាព​ជួយ​បានដែរ គឺ​ជួយ​បានតែ​ស្រូវ​ណា​ដែល​នៅ​ជិត​ប្រឡាយ ពីព្រោះ​នៅ​ខេត្តស្វាយរៀង ប្រឡាយ​មិនទាន់មាន​គ្រប់គ្រាន់​។​

​មើលឃើញ​ដំណាំ​ស្រូវ​នៅ​តំបន់​មួយចំនួន​ក្នុងស្រុក​ស្វាយជ្រំ ប្រឈម​នឹង​ការប៉ះពាល់​ដោយសារ​ខ្វះ​ទឹក​ដូចនេះ ក្រុមការងារ​របស់​ម​ន្ទីរ​​ធនធានទឹក និង​ឧតុនិយម​ខេត្ត បាន​បញ្ជូន​គ្រឿងចក្រ និង​ម៉ាស៊ីនបូមទឹក​ចល័ត​ខ្នាត​មធ្យម​ដើម្បី​អន្តរាគមន៍​ទាញ​ទឹក​ពី​ប្រព័ន្ធ​ធារាសាស្ត្រ​វ៉ៃ​កូ ទៅ​សង្គ្រោះ​ដំណាំ​ស្រូវ​ជូន​បងប្អូន​ប្រជាកសិករ​នៅ​តំបន់​នោះ ៕​ដោយ​៖​វិបុល​-​វាសនា​