ស្រែកថា​អយុត្តិធម៌​ណាស់​ពេល​តុលាការ​ដោះលែង​មន្ត្រីនគរបាល​ម្នាក់​ដែល​បោក​លុយ​ពលរដ្ឋ​ជាង​៧​ម៉ឺន​ដុល្លារ​

473

(​តាកែវ​)៖​ជនរងគ្រោះ​ស្រែកថា​អយុត្តិធម៌​ខ្លាំងណាស់ ពេលដែល​លោក អឿង វណ្ណា អនុប្រធាន​តុលាការ​ខេត្តតាកែវ និង​ជា​ចៅក្រម​ស៊ើបសួរ សម្រេច​នៅ​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៧ ដោះលែង​មន្ត្រីនគរបាល​ថ្នាក់​អនុសេនីយ៍ឯក​ម្នាក់​ឱ្យនៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន ករណី​ឆបោក​ប្រា​ក់ជាង​៧​ម៉ឺន​ដុល្លា​អាមេរិក​។​

​ជនសង្ស័យ​រូបនេះ​ឈ្មោះ​សេង​ម៉ា​នី​ត​ត្រូវបាន​ចាប់ខ្លួន​និង​បាន​បញ្ជូន​ភ្លាមៗ​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ កាលពី​ថ្ងៃទី​១២ ខែតុលា​។ ប៉ុន្តែ​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៧​នេះ ត្រូវបាន​លោក អឿង វណ្ណា អនុប្រធាន​តុលាការ​ខេត្តតាកែវ អនុញ្ញាតឱ្យ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន បន្ទាប់ពី​ការសួរនាំ​ចប់​។​

​គួរ​បញ្ជាក់ថា មន្ត្រីនគរបាល​ថ្នាក់​អនុសេនីយ៍ឯក ផេង ម៉ា​នី​ត បាន​ឆបោក​ប្រាក់​ពី​ឈ្មោះ ជា វិបុល ឱ្យ​យកប្រាក់​ជាង​៧​ម៉ឺន​ដុល្លារ​អាមេរិក ទៅ​ទិញ​ដី​នៅ​ភូមិ​ឫស្សី​មួយ​គុម្ព ភូមិ​អូ​សា​រ៉ា​យ ស្រុក​ត្រាំកក់ ខេត្តតាកែវ កាលពី​កំឡុង​ខែឧសភា ឆ្នាំ​២០១៥ ។​

​បន្ទាប់ពី​ទទួល​ប្រា​ក់រួច ឈ្មោះ ផេង ម៉ា​នី​ត ក៏​គេចខ្លួនបាត់​រហូត ហើយ​ជនរងគ្រោះ​ឈ្មោះ ជា វិបុល ក៏បាន​យក​ភស្តុតាង ទាំងអស់​ទៅ​ដាក់ពាក្យ​បណ្តឹង នៅ​តុលាការ​ខេត្តតាកែវ​។​
​បន្ទាប់មក តុលាការខេត្ត​ក៏បាន​សម្រេច​ឱ្យ​ឃុំខ្លួន​ឈ្មោះ ផេង ម៉ា​នី​ត ពីបទ​ឆបោក​តាម​មាត្រា​៣៧៧​និង​មាត្រា​៣៧៨ នៃ​ក្រមព្រហ្មទណ្ឌ​។ ប៉ុន្តែ​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែតុលា នេះ​ក្រោយ​ព​ចាប់ខ្លួន​ជនល្មើស​បាន​មួយថ្ងៃ ស្រាប់តែ​លោក អឿង វណ្ណា ជា​អនុប្រធាន​តុលាការ​ខេត្តតាកែវ បានអនុញ្ញាត​ឱ្យនៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​វិញ​។

​ការសម្រេច​បែបនេះ ធ្វើឱ្យ​ជនរងគ្រោះ​មិន​សុខចិត្ត និង​អំពាវនាវ​ឱ្យ​លោក​ចៅក្រម​ចាត់ការ​តាមច្បាប់​ចំពោះ​ជនល្មើស​។​យ៉ាងណាក៏ដោយ​នៅ​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៧ មិនទាន់​អាច​សុំ​ការបកស្រាយ​ពី​លោក​អនុប្រធាន​តុលាការ អឿង វណ្ណា បាន​នោះទេ​៕S/​ដោយ​៖​ឆាយា​នាថ​

​ស្រែកថា​អយុត្តិធម៌​ណាស់​ពេល​តុលាការ​ដោះលែង​មន្ត្រីនគរបាល​ម្នាក់​ដែល​បោក​លុយ​ពលរដ្ឋ​ជាង​៧​ម៉ឺន​ដុល្លារ​