ស្រោច​ទឹក​ជូន​លោកតា លោកយាយ​ជាង​១​ពាន់​នាក់ នៅ​សង្កាត់​ត្រពាំង​ក្រសាំង​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី​

1322
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖​លោក អភិបាល​រាជធានី​ភ្នំពេញ​និង​លោកស្រី រួមជាមួយ​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​និមន្ត​ព្រះសង្ឃ​ធ្វើ ពិធីសូត្រមន្ត​ស្រោច​ទឹក​ប្រសិទ្ធិ​ពរជ័យ​មង្គល​វិបុល​សុខ ជូន​លោកតា លោកយាយ​ជាង​១១២០​នាក់ ដែល​មកពី​១៣​ភូមិ និង​៩​សហគមន៍ នៅ​សង្កាត់​ត្រពាំង​ក្រសាំង នាឱកាស​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ ដែល​នឹង​ឈានចូល​មកដល់​នៅ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​។​
​ពិធី​នេះ​បាន​ប្រព្រឹត្តឡើង​នា​រសៀល​ថ្ងៃអាទិត្យ​ទី​៨ ខែមេសា ឆ្នាំ​២០១៨​នេះ នៅ​ចំណុច​ភូមិ​សាមគ្គី សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ពិធី​ប្រព្រឹត្តឡើង​ក្រោម​អធិបតីភាព​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​និង​លោកស្រី លោក​ហែម ដា​រិ​ទ្ធិ អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយមាន​ការ អញ្ជើញ​ចូលរួម​ដោយ លោក​ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ​ពោធិ៍​សែន​ជ័យ ព្រមទាំង​មន្ត្រីក្រោមឱវាទ​ផងដែរ​។​
​ក្នុងឱកាស​នោះ​លោក ឃួ​ង ស្រេង ជាពិសេស​ដោយ​មើល​ជើ​ញ​ពី​ស្ថានភាព​ផ្លូវ ចូល​ភូមិ​សាមគ្គី សង្កាត់​ត្រពាំង​ក្រសាំង​នោះ ចាប់ពី​ចំណុច​ផ្លូវ​អូ​ដឹ​មក​ប់​ស្រូវ ដល់​រង្វង់​មូល​ជិត​ភូមិ​សាមគ្គី កំពុង​ទទួលរង​ការខូចខាត​យ៉ាងខ្លាំង​នោះ​លោក​បានសម្រេច​ជួយ​ស្ថាបនា​ផ្លូវ​បេតុង​មួយ​ខ្សែ​ឡើងវិញ​ទុកជា​ចំណងដៃ ជូន​ដល់​ប្រជាពលរដ្ឋ ហើយក៏​ជា​អំណោយ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា​ផងដែរ​។​

​នៅក្នុង​ឱកាស​នោះដែរ​ក្រៅពី​ពិធី​ស្រោច​ទឹក​ក៏មាន​ការចែក​អំណោយ​ជូន​លោកយាយ លោកតា និង​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​ក្នុង​ម្នាក់ៗ ទទួលបាន​សារុង​១ និង​ថវិកា​ចំនួន​២​ម៉ឺន​រៀល​ផងដែរ​៕