ស្រោច​ទឹក បន់ស្រន់ តែ​ទាល់តែ​ចេះ ទើប​ជាប់​!

308
ចែករម្លែក

សម័យ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​ការប្រឡង​បាក់​ឌុប នៅ​ឆ្នាំ​២០១៩ នេះ នឹងធ្វើ​ឡើង ២​ថ្ងៃ នៅ​ថ្ងៃ​ចន្ទ ទី​១៩ និង​ថ្ងៃ​អង្គារ ទី​២០ ខែសីហា ឆ្នាំ​២០១៩​។ នៅ​ឆ្នាំ នេះ មាន​មណ្ឌល​ប្រឡង​សរុប ២០២ មណ្ឌល ក្នុងនោះ ថ្នាក់​វិទ្យាសាស្ត្រ ៧៥ មណ្ឌល និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម ១២៧ មណ្ឌល​សរុប​មាន ៤.៧២៥ បន្ទប់ និង​មាន​បេក្ខជន សរុប ១១៩.២១៧ នាក់ ក្នុងនោះ បេ​ក្ខ​នារី​មាន​ចំនួន​ជាង​ប្រាំមួយ​ម៉ឺន​នាក់ ដោយឡែក បេក្ខជន​ពិការភាព មាន​ចំនួន​ប្រាំ​នាក់​។

​បើ​ធៀប​ឆ្នាំ​២០១៨​បេក្ខជន​ប្រឡង​នៅ​ឆ្នាំ​២០១៩​នេះ​កើនឡើង​ប្រមាណ ៥.៨៥២​នាក់ ។ សម្រាប់​មណ្ឌល​ប្រឡង នៅ​ឆ្នាំ​២០១៩ កើនឡើង ប្រាំ​មណ្ឌល បើ​ធៀប​ឆ្នាំ​២០១៨​។​
​ការប្រឡង​បាក់​ឌុប​នៅ​ឆ្នាំ​២០១៩​នេះ​នឹងមិន​មានការ​ចូលរួម​សង្កេតការណ៍​ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដូច ៥​ឆ្នាំកន្លងមក​ទេ​។ ប៉ុន្តែ​ក្រសួង​អប់រំ យុវជន និង​កីឡា​នៅតែ បន្ត​រឹតបន្តឹង និង​ពង្រឹង​ស្តង់ដារ​ប្រឡង ឲ្យ​មាន​គុណភាព តាម​គោលការណ៍ “​អ្នកចេះ គឺជា​ប់​”​។

​ចាប់តាំងពី​ចូលកាន់​តំណែង​ជា​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ក្រោយ​ការបោះ ឆ្នោត នៅ​ឆ្នាំ​២០១៣ លោក ហង់​ជួន ណា​រ៉ុ​ន បានចាប់ផ្តើម​អនុវត្ត​គោលការណ៍​រឹត បន្តឹង​ពេល​ប្រឡង​បាក់​ឌុប ចាប់តាំងពី​ឆ្នាំ​២០១៤​។ ពោលគឺ​បេក្ខជន​ទាំងអស់​ត្រូវបាន ហាម មិន​ឲ្យ​យក​សំដៅ​ឯកសារ ទូរស័ព្ទដៃ ឬ​គ្រឿង​អេឡិចត្រូនិក​ចូល​បន្ទប់​ប្រឡង ហើយ​គោរព​តាម​បទ​ប្បញ្ញត្តិ​របស់​បេក្ខជន ដើម្បី​ថែរក្សា​សណ្ដាប់ធ្នាប់​ពេល​ប្រឡង ក៏ដូចជា​ថែរក្សា​កិត្តិយស​របស់​បេក្ខជន​ខ្លួនឯង​ផ្ទាល់ និង​កិត្តិយស​នៃ​ប្រព័ន្ធ​អប់រំ​នៅ កម្ពុជា​។​

នៅ​ឆ្នាំនេះ ក៏​ដូច​រៀងរាល់ឆ្នាំ​ដែរ គឺ​នៅមុន​ថ្ងៃ​ប្រឡង បេក្ខជន​ដែល​ត្រៀមប្រឡង បាក់​ឌុប និង​អាណាព្យាបាល បាន​ទៅ​អុជ​ធូប ស្រោច​ទឹក បន់ស្រន់​តាម​វត្ត​អារាម និង ទីសក្ការៈ​នានា ដើម្បី​ឲ្យ​ប្រឡង​ជាប់​។ ប៉ុន្តែ​ជំនឿ​ស្រោច​ទឹក អុជ​ធូប​បន់ស្រន់​នេះ គ្រាន់តែ​ជួយ​ពង្រឹង​ផ្នែក​ស្មារតី និង​ផ្លូវចិត្ត​របស់​បេក្ខជន​ប៉ុណ្ណោះ​។ សំខាន់​បេក្ខជន​យើង ត្រូវខិតខំ​ប្រឹងរៀន​សូត្រ ទន្ទេញមេរៀន ឲ្យ​ចេះ​ចាំ តាំងពី​ដើមឆ្នាំ​មិនមែន​ទើបតែ​កៀក ថ្ងៃ​ប្រឡង​ទៅហើយ ទើប​ខំប្រឹង​មើល​មេរៀន ឬក៏​ខំ​ប្រឹងរក​គ្រូ ឬ​ព្រះសង្ឃ ស្រោច​ទឹក ដើម្បី​បាន​ប្រឡង​ជាប់​នោះទេ​។​

ព្រះចៅអធិការ​វត្ត ដែលជា​អ្នក​ស្រោច​ទឹក​ដល់​បេក្ខជន​ប្រឡង ក៏បាន​មាន​សង្ឃដីកា ប្រាប់​អ្នក​មក​ស្រោច​ទឹក​ថា នេះ​គ្រាន់តែ​ជា​ជំនឿ​អរូបី​យ តាំងពី​បុរាណ​ប៉ុណ្ណោះ​។ ជំនឿ នេះ នឹង​ជួយ​ពង្រឹង​ដល់​ស្មារតី​ប្អូនៗ ដែល​ត្រូវ​ប្រឡង ឲ្យ​កាន់​មាន​ទំនុកចិត្ត​កុំ​ឲ្យ​ភ័យ​តែ ប៉ុណ្ណោះ​។ ដោយឡែក លទ្ធផល​ពេល​ប្រឡង​យ៉ាងណា គឺ​អាស្រ័យ​លើ​សមត្ថភាព​របស់បេក្ខជន​ម្នាក់​ផ្ទាល់​តែម្តង​។​

សរុបមក មានតែ​បេក្ខជន​ខ្លួនឯង​ទេ ទើប​អាចជួយ​ខ្លួនឯងបាន​។ នោះ​គឺ​ទាល់តែ​ចេះ​ចាំ ហើយ​ធ្វើ​ត្រូវ​វិញ្ញាសា​ប្រឡង ទើប​ជាប់​។ មិនអាច​ប្រឡង ដោយ​អាង​ប្រ៊ី​យ៉ុង បើកចាក់ ឬ​សូកប៉ាន់ ដូច​មុន​បានឡើយ​។ ការប្រឡង​បាក់​ឌុប ៥​ឆ្នាំ​កន្លងមកនេះ ជា​ឧទាហរណ៍ រួចមកហើយ​។ សូម​ឲ្យ​បេក្ខជន​ជិត ១២​ម៉ឺន​នាក់ ទទួលបាន​លទ្ធផល​ល្អ​ក្នុងការ​ប្រឡង បាក់​ឌុប នៅ​ថ្ងៃទី​១៩-២០ ខែសីហា ឆ្នាំ​២០១៩៕ ដោយ​:​ម៉េង​ឆៃ​

#