ស្រ្ដី​ម្នាក់​ដែល​ស្លាប់​ក្នុង​ភ្នក់ភ្លើង​ពេល​អគ្គិភ័យ​ឆេះ​ផ្ទះ​នៅ​ក្រុង​ព្រៃវែង សង្ស័យ​លើ​មូលហេតុ​ពីរ​ផ្សេងគ្នា​

1017
ចែករម្លែក

ដោយ​ : ចាន់ ថន/ ​​ព្រៃវែង ៖ ករណី​ភ្លើង​ឆាបឆេះ​ផ្ទះល្វែង​នៅ​ក្រុង​ព្រៃវែង​ដែល​បណ្ដាល​ឲ្យ​ស្ដ្រី​ម្នាក់ ស្លាប់​ក្នុង​ភ្នកភ្លើង​នោះ​ អ្នកជិតខាង​សន្និដ្ឋានថា ជា​ករណី​អត្តឃាត ព្រោះ​កន្លងមក​ស្ដ្រី​រងគ្រោះ បាន​ប្រចណ្ឌ​ប្ដី និង​មាន​ជម្លោះ​ជាមួយ​ប្ដី​របស់ខ្លួន​ជា​ញឹកញាប់ រហូត​ប្ដឹងផ្ដល់​គ្នា​ដល់​តុលាការ​ទៀតផង ព្រោះ​ទាមទា​រសុំ​ប្ដី​លែង និង​បែងចែក​ទ្រព្យសម្បត្តិ​។

​ជាមួយគ្នា​នោះ ពលរដ្ឋ​បន្តថា កន្លងមក​ស្ដ្រី​រងគ្រោះ​តែងតែ និយាយ​គំរាម​គ្រួសារ​ថា បើ​ប្ដី​នៅតែ​ដើរ​បន្ត​មាន​ស្រី​ញី​ទៀត ហើយ​រវាង​អ្នកទាំងពីរ​លែងលះគ្នា​មិន​ដាច់​ទេនោះ​ ខ្លួន​និង​បំផ្លាញ​ឲ្យ​រលាយ​ទាំងអស់​។ ការលើកឡើង​បែបនេះ វា​គួបផ្សំ​និង​ពេល​កើតហេតុ​ភ្លើង​កំពុងតែ​ឆេះ​យ៉ាង​សន្ធោរសន្ធៅលើផ្ទះ បែរជា​ស្ដ្រី​រងគ្រោះ​សំងំ​ក្នុង​បន្ទប់ រហូត​ថប់ដង្ហើម​ដាច់ខ្យល់​ស្លាប់​និង​ត្រូវ​ភ្លើង​ឆេះ​ខ្លោច​រាងកាយ​។ ពេលនោះ​ដែរ​គេ​ឃើញ​ទ្វារផ្ទះ​និង​ទ្វារ​បន្ទប់​គឺ​ចាក់សោរ​ជាប់​ទាំងអស់ ​ដែលជាហេតុ​បណ្ដាល​ឲ្យ​សមត្ថកិច្ច​និង​អ្នកជិតខាង​ជួយ​ជីវិត​ស្ដ្រី​រងគ្រោះ​មិនបាន​។​

​ដោយឡែក​លោក ឧត្ដមសេនីយ៍ទោ ស្រេង ជា ស្នងការ​ខេត្តព្រៃវែង បាន​សន្និដ្ឋានថា ករណីនេះ​មូលហេតុ​អាចមកពី​ទុស្សេ​ខ្សែភ្លើង ព្រោះ​ព្រី​ភ្លើង​ចំនួន​២​បាន​ឆេះ​ខ្លោច ពេល​មើល​សភាព​កន្លែង​ស្ដ្រី​រងគ្រោះ​ស្លាប់​គឺ​ហាក់បីដូចជា​គាត់​ស្រ​វ៉េ​ស្រ​វ៉ារត់​ដែរ​។ ​លោក​បញ្ជាក់ថា ​យើង​បាន​ស្រាវជ្រាវ​រក​មូលហេតុ​បន្តទៀត ​ដើម្បី​ឲ្យ​ដឹង​ច្បាស់ គឺ​តម្រូវ​ឲ្យមន្ត្រី​អគ្គីសនី​មក​ពិនិត្យរ​កមូ​ហេតុ ខណៈដែល​កាមេរ៉ា​សុ​វត្ថិភាព​ត្រូវ​ឆេះ​អស់​។​

​គួ​រម្លឹកថា នៅ​ចំណុច​ភូមិ​លេខ​៤ សង្កាត់​កំពង់លាវ ក្រុង​ព្រៃវែង ខេត្តព្រៃវែង កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃទី​៣ ខែមេសា ឆ្នាំ ២០១៨ មាន​​អគ្គីភ័យ​បាន​ឆាបឆេះ មាន​ទំហំ ទទឹង​៥.២​ម៉ែត្រ​បណ្ដោយ១៥​ម៉ែត្រ មាន​ម្ចាស់​ឈ្មោះ អន គ្រី​ម ភេទ​ប្រុស​អាយុ៤៨ឆ្នាំ មុខ​របរជាង​ជួសជុល​រថយន្ត ពេល​រូបគាត់​និង​កូន​២​នាក់​បាន​ចេញទៅ​ឆេង​ម៉េង​នៅឯ​ខេត្តកំពង់ចាម​អស់​ ទើប​បណ្ដាល​ឲ្យ​ស្ដ្រី​ជា​ប្រពន្ធ ឈ្មោះ ញឹម ទៀង អាយុ​៤៧​ឆ្នាំ ​ដែល​នៅចាំ​ផ្ទះ​ម្នាក់ឯង ស្លាប់​ពេល​ភ្លើង​ឆាបឆេះ ក្នុង​បន្ទប់​ផ្ទះកើតហេតុ និង​ខូចខាត​សម្ភារៈ​ក្នុងផ្ទះ​ស្ទើ​រទាំងស្រុង​។

​ខណៈ​កម្លាំង​នគរបាល​ក្រុង និង កម្លាំង​ស្នងការ​ខេត្ត​បាន​សហ​ការ​គ្នា ជួយសង្គ្រោះ អន្តរា​គមន៍ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គិភ័យ​ចំនួន​៤​គ្រឿង ប្រើ​ទឹក​អស់​៨​រថយន្ត ទើប​មិន​បណ្ដាល​ឲ្យ​ឆេះ​ឆ្លង​ដល់ផ្ទះ​ដែល​នៅជាប់​គ្នា​។​

​ទោះយ៉ាងណា​នៅពេល​កម្លាំង​កំពុង​អន្តរា​គមន៍ ស្រាប់តែ​ផ្ទះ​ទាំង​៣​ជាន់បាន​ជាប់​សោរ​ទាំងអស់ ទើប​សមត្ថកិច្ច​វ៉ៃ​ទ្វារ​ ដើម្បី​បាញ់​ទឹក​ពន្លត់​កុំ​ឲ្យ​ឆ្លង​ឆេះ​ដល់ផ្ទះ​ផ្សេងៗ​។​​ ជាមួយគ្នា​នោះ​ស្ដ្រី​រងគ្រោះ​បាន​ស្លាប់​នៅក្នុង​បន្ទប់​បាត់ទៅហើយ​។​ ​អគ្គីភ័យ​នេះ​បាន​រលត់ទៅវិញ​នៅ​ម៉ោង​ប្រមាណ​១១​ថ្ងៃត្រង់ ​ក្នុង​ថ្ងៃទី​០៣​ខែមេសា​ឆ្នាំ​២០១៨​។

​សូមបញ្ជាក់ថា នៅពេល​កើតហេតុ រថយន្ត​ពន្លត់អគ្គីភ័យ​ទាំង​៤​គ្រឿង​ខាងលើ គឺ​កំពុងបើក​ជុំវិញ​ក្រុង​ដើម្បី​ហាត់​សម ក្នុង​គោលបំណង​ការពារ​សុ​វត្តិភាព​អគ្គីភ័យ​ក្នុង​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ លុះដល់​ផ្ទះកើតហេតុ​ត្រូវ​ភ្លើង​ឆេះ រថយន្ត​ក៍មក​លឿន​និង​បាញ់​ទឹក​ពន្លត់​មិន​ឲ្យ​ឆេះ​ឆ្លង​ដល់ផ្ទះ​ផ្សេង​៕​B