ស្រ្តីម្នាក់បីកូនតូចបម្រុងលោតទឹកសម្លាប់ខ្លួននៅលើស្ពានជ្រោយចង្វា តែមិនសម្រេច

694
ចែករម្លែក

ដោយៈចាន់តូ/ភ្នំពេញ ៖ ស្រ្តីម្នាក់ខឹងប្តីស្តីឲ្យ ក៏ដាច់ចិត្តបីកូនតូចទើបអាយុ ២ខួបជាងដើរឡើងលើស្ពានបម្រុងលោតទឹកសម្លាប់ខ្លួន កាលពីវេលាម៉ោង​១០និង៣០នាទីយប់ ថ្ងៃពុធ ទី២២ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចលើស្ពាន​មិត្តភាពកម្ពុជា ជប៉ុន (ស្ពានថ្មី) ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ស្រ្តីប៉ុនប៉ងលោតទឹកសម្លាប់ខ្លួនខាងលើមានឈ្មោះ សុ ម៉ាលីន អាយុ២៨ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងមានកូនតូចមួយ​អាយុ២ខួបជាងនៅបីនឹងដៃ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនដំបូងគេឃើញស្រ្តីម្នាក់​ខាងលើបានបីកូនតូចម្នាក់ដើរឡើងលើស្ពានក្នុងស្ថានភាពដើរបណ្ដើរយំបណ្ដើរ។ ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏បម្រុងឡើងលើបង្កាន់ដៃស្ពានលោត​ទឹកសម្លាប់ខ្លួន ស្រាប់តែពេលនោះ ក៏មានអ្នករត់កង់បីឥណ្ឌាឃើញទាន់ក៏ចាប់​ទាញចុះមកវិញ​ ហើយក៏សួរនាំទើបដឹងថាខឹងប្តី។

តាមសម្តីនារីរងគ្រោះបានរៀបរាប់ប្រាប់ថា រូបគាត់និងប្តីមុនបានលែងលះគ្នា​ដាច់ស្រេចបន្សល់ទុកកូនមួយដែលបីជាប់ និងខ្លួន​ហើយក៏ទាក់ទងប្តីក្រោយ​បានប្រហែល៥ខែជាង​​ ហើយតែងតែឈ្លោះប្រកែកគ្នាជារៀងរាល់ថ្ងៃ ដោយសារប្តីក្រោយចោទប្រកាន់រូបគាត់ថានៅទាក់ទង់ប្តីមុន។ នៅថ្ងៃកើតហេតុ​បានឈ្លោះគ្នាខ្លាំង​ រូបគាត់ក៏ដាច់ចិត្តបីកូនមក​លោត​ទឹកបែបនេះតែម្ដង។

ក្រោយពីកើតហេតុ ក៏មានខាងកង់បីដឹកស្រ្តីរងគ្រោះខាងលើ រួមទាំងអ្នក​សារព័ត៌មានបាននាំស្រ្តីរងគ្រោះទៅជួបប្តីក្រោយ ដែលនៅការដ្ឋានសំណង់ ហើយក៏បានជួយនិយាយឲ្យត្រូវគ្នាវិញ ប្តីក៏ព្រមដឹកប្រពន្ធមកផ្ទះនៅស្ទឹងមានជ័យ ក៏ព្រមរួមរស់ជាមួយគ្នាបន្ត៕B/Ha