ស្លាប់ពីរនាក់ក្នុងប្រទេសហ្គីណេនៅការចាប់ផ្តើមបាតុកម្មទ្រង់ទ្រាយធំប្រឆាំងរដ្ឋាភិបាល

121
ចែករម្លែក

យុវជនពីរនាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសហ្គីណេកាលពីថ្ងៃចន្ទទី១៣មករានៅឯការចាប់ផ្តើមនៃការតវ៉ាដោយបើកចំហប្រឆាំងនឹងការប៉ុនប៉ងសង្ស័យរបស់ប្រធានាធិបតី អាល់ហ្វា ខុនដេ (Alpha Conde) ដើម្បីបន្តការគ្រប់គ្រងរបស់គាត់។

ប្រទេសអាហ្រ្វិកខាងលិចមួយនេះត្រូវបានអង្រួនដោយការធ្វើបាតុកម្មតូចៗចាប់តាំងពីពាក់កណ្តាលខែតុលាជុំវិញក្តីបារម្ភថាលោកខុនដេមានចេតនាប្រើកំណែទម្រង់រដ្ឋធម្មនុញ្ញដែលបានគ្រោងទុកដើម្បីស្វែងរកអាណតិ្តទី ៣ ក្នុងតំណែង។

យ៉ាងហោចណាស់ ជនស៊ីវិល ២០ នាក់និងកងអាវុធហត្ថម្នាក់ត្រូវបានសម្លាប់ចាប់តាំងពីការចាប់ផ្តើមនៃការតវ៉ា ដែលបានទាក់ទាញមនុស្សរាប់សែននាក់ឱ្យចូលរួម ខណៈមនុស្សជាច្រើននាក់ត្រូវបានចាប់ខ្លួន។

អ្នកកាសែត AFP ម្នាក់បាននិយាយថា ការប្រវាយប្រតប់គ្នាបានកើតឡើងកាលពីថ្ងៃចន្ទនៅតំបន់ខូហ្សាស្ថិតនៅជាយរដ្ឋធានីកូណាគ្រីរវាងយុវជននិងប៉ូលិស។

និស្សិតឈ្មោះ អែហាដ ម៉ាម៉ាឌូ សូ អាយុ ២១ ឆ្នាំ ត្រូវបានសម្លាប់នៅក្នុងភាពចលាចល នេះយោងតាមឪពុកមារបស់គាត់ដែលសុំមិនបញ្ចេញឈ្មោះ។

ក្រសួងសន្តិសុខបានបញ្ជាក់ពីការស្លាប់របស់សូ ហើយបាននិយាយថាការស៊ើបអង្កេតត្រូវបានធ្វើឡើង។

ក្រសួងក៏បានបញ្ជាក់ពីការស្លាប់របស់បាតុករម្នាក់ទៀតនៅទីក្រុងឡាបេ ស្ថិតនៅភាគខាងជើងផងដែរ។

ប្រភពពីមន្ទីពេទ្យបានប្រាប់ AFP ថា បាតុករអាយុ ១៨ ឆ្នាំរូបនោះត្រូវបានបាញ់ចំក្បាល ដោយបន្ថែមថា ការសម្លាប់នេះបានជំរុញឱ្យក្រុមបាតុករវាយប្រហារលើអគារតុលាការ និង ការិយាល័យក្នុងតំបន់នៃគណបក្សសមាជប្រជាជនហ្គីណេ (RPG) របស់លោកខុនដេ។

បន្ទាប់ពីការធ្វើបាតុកម្មអស់រយៈពេលជាច្រើនខែមក រណសិរ្សជាតិការពាររដ្ឋធម្មនុញ្ញ (FNDC) ដែលជាសម្ព័ន្ធមិត្តរបស់បក្សប្រឆាំង បានបង្កើនសកម្មភាពខ្លាំងកាលពីសប្តាហ៍មុន ហើយបានអំពាវនាវឱ្យមានបាតុកម្មទ្រង់ទ្រាយធំនិងបើកចំហ។

លោកខុនដេអាយុ ៨១ ឆ្នាំមិនបានបញ្ជាក់ហើយក៏មិនបានបដិសេធនោះដែរចំពោះការអះអាងថាលោកបានដាក់សេចក្តីព្រាងរដ្ឋធម្មនុញ្ញកាលពីខែមុនក្នុងគោលបំណងរក្សាតំណែងជាប្រធានាធិបតីសម្រាប់អាណត្តិទី ៣។

រដ្ឋធម្មនុញ្ញបច្ចុប្បន្ននៅក្នុងអតីតអាណានិគមបារាំងមួយនេះចែងថា អាណត្តិប្រធានាធិបតីមានតែពីរប៉ុណ្ណោះ។

កាលពីថ្ងៃអាទិត្យរដ្ឋាភិបាលបានចោទប្រកាន់មេដឹកនាំប្រឆាំងថាបានប៉ុនប៉ងធ្វើឱ្យហ្គីណេធ្លាក់ទៅក្នុងភាពច្របូកច្របល់។ FNDC បានអំពាវនាវឱ្យមានការតវ៉ាដោយសន្តិវិធី។

រដ្ឋមន្រ្តីក្រសួងសន្តិសុខហ្គីណេលោក អាល់បឺត ដាម៉ាន់តាង ខាម៉ារ៉ា ក៏បាននិយាយកាលពីថ្ងៃចន្ទដែរថា លោកមាន “កម្លាំង វិធី និង សមត្ថភាព” ដើម្បីធ្វើអន្តរាគមន៍នៅពេលចាំបាច់៕ ដោយ៖ កញ្ញាដាលីស

បាតុករ២នាក់ស្លាប់ក្នុងពេលបាតុកម្មទ្រង់ទ្រាយធំនិងដោយបើកចំហបានចាប់ផ្តើមកាលពីថ្ងៃចន្ទ