ស្លាប់​បួន​នាក់​ក្នុងការ​វាយប្រហារ​លើ​ប៉ុស្តិ៍​យោធា​នៅ​ថៃ​ភាគខាងត្បូង​

260
ចែករម្លែក

​ក្រុម​អាជ្ញាធរ​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​២៤​កក្កដា​ថា មនុស្ស​បួន​នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​ការវាយប្រហារ​ពា​ក់​កណ្តាលយប់​ថ្ងៃ​អង្គារ​ដោយ​ពួក​បះបោរ​មូស្លីម​សង្ស័យ​ទៅលើ​ប៉ុស្តិ៍​យោធា​មួយ​នៅ​តំបន់​ញាំញី​ដោយ​អំពើហិង្សា​នៅ​ភាគខាងត្បូង​ប្រទេស​ថៃ​។​

​ការវាយប្រហារ​នេះ​បានកើត​ឡើង ខណៈដែល​កំហឹង​ពុះកញ្ជ្រោល​បាន​ផ្ទុះឡើង​ជុំវិញ​ករណី​ជនសង្ស័យ​ឧទ្ទាម​មូស្លីម​ម្នាក់​បាន​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ បន្ទាប់ពី​ចំណាយពេល​ជាច្រើន​ម៉ោង​នៅក្នុង​អង្គភាព​សួរចម្លើយ​របស់​កងទ័ព​មួយកន្លែង​ដែល​ល្បី​តែ​រឿង​អសោច​។​

​ជម្លោះ​រយៈពេល ១៥ ឆ្នាំ​នៅ​ចុង​ភាគខាងត្បូង​ប្រទេស​ថៃ​ដែល​សម្បូរ​ដោយ​ជន​មូស្លីម​ជនជាតិដើម​ម៉ាឡេស៊ី បាន​បណ្តាលឱ្យ​ស្លាប់​មនុ​ស្ស​ជាង ៧.០០០ នាក់ ប៉ុន្តែ​ពុំ​សូវ​ទទួលបាន​ការយក​ចិត្ត​ទុកដាក់​ជាស​កល​នោះទេ​។​

​ពួក​ឧទ្ទាម​ដែល​ស្វែងរក​ស្វ័យភាព​សម្រាប់ “​ចុង​ភាគខាងត្បូង​” បាន​កំពុង​ប្រយុទ្ធ​តស៊ូ​នឹង​រដ្ឋ​ថៃ​កាន់សាសនា​ព្រះពុទ្ធ​ភាគច្រើន ដែល​បានធ្វើ​អាណានិគម​លើ​តំបន់​នេះ ជាង​មួយ​សតវត្សរ៍​មកហើយ​។​

​អ្នកនាំពាក្យ​កងទ័ព​ម្នាក់​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP ថា​កាលពី​យប់​ជ្រៅ​ថ្ងៃ​អង្គារ ពួក​សកម្មប្រយុទ្ធ​បាន​វាយប្រហារ​មូលដ្ឋាន​យោធា​នៅ​ខេត្ត​ប៉ា​តានី ដោយ​គប់​គ្រាប់បែក​និង​បាញ់​កាំភ្លើងយន្ត​ជិត​មួយ​ម៉ោង​។​

​លោក​វរសេនីយ៍ឯក ថា​ណាវី សុវណ្ណារ៉ា​ត់ បាន​និយាយថា “​មនុស្ស​បួន​នាក់​ត្រូវបាន​សម្លាប់​រួមមាន​វរៈសេនីយ៍ត្រី​ម្នាក់ ប្រជា​ការពារ​ពីរ​នាក់ និង​អ្នកភូមិ​ម្នាក់​”​។​

​លោក​បាន​បន្ថែមថា​ពួក​ឧទ្ទាម​បាន​លួច​យក​កាំភ្លើងយន្ត​៥​ដើម ដុត​កង់ឡាន និង​រាយ​ដែកគោល​ស្រួចៗ​ពេញ​ថ្នល់​ដើម្បី​រារាំង​ការ​ដេញតាម​ពីក្រោយ នៅពេល​ពួកគេ​រត់គេចខ្លួន​។​

​មន្ត្រីប៉ូលិស​ប៉ា​តានី​ម្នា​ក់បាន​និយាយថា​មនុស្ស​ពីរ​នាក់​ផ្សេងទៀត​កំពុងស្ថិត​នៅក្នុង​មន្ទីរពេទ្យ​ក្នុងស្ថានភាព​ធ្ងន់ធ្ងរ​។​

​ការវាយប្រហារ​នេះ​បានកើត​ឡើង​បួន​ថ្ងៃ​បន្ទាប់ពី​ជនសង្ស័យ​ឈ្មោះ អាប់​ឌុល​ឡូ អេ​ស័​រមូ​ស័​រ (Abdulloh Esormusor) បាន​សន្លប់​ធំ បន្ទាប់ពី​ត្រូវបាន​ចាប់ខ្លួន​នៅក្រោម​ច្បាប់អាជ្ញាសឹក និង​ត្រូវបាន​នាំខ្លួន​ទៅកាន់​ជំរំ​យោធា​ល្បី​ខាង​រឿង​អសោច​នៅ​ប៉ា​តានី​៕ ដោយ៖ កញ្ញាដាលីស

មនុស្ស​៤​នាក់​ស្លាប់​ក្នុងការ​វាយប្រហារ​នៅ​ថៃ​ភាគខាងត្បូង