ស្លាប់​ម្នាក់​ដោយ​ជិះ​ម៉ូតូ​ពេលយប់​បុក​គូទ​ឡានធំ​ចត​លើ​ថ្នល់​

1048
ចែករម្លែក

ដោយ​: គ្រញូង / បាត់ដំបង​: បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង ដោយ​ជិះ​ម៉ូតូ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ទៅបុក​គូទ​រថយន្ត​ធុន​ធំ​ម៉ាក​ហ្វុ​យ​ហ្សូ ដែល​ហេតុការណ៍​កើតឡើង​កាលពី​ម៉ោង​១១​និង​១០​នាទី យប់​ថ្ងៃ​២៤ ខែកក្កដា ឆ្នាំ​២០១៨ ត្រង់ចំណុច​អូរ​តា​មៀ​វ​ស្ថិត​ក្នុងភូមិ​ពោ​ធ៍​២ ឃុំ​គារ ស្រុក​មោងឫស្សី​។​

​លោក សោម រ៉ាវុធ មន្ត្រី​អាវុធហត្ថ​មូលដ្ឋាន​ស្រុក​មោងឫស្សី បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ដែល​ស្លាប់​នៅនឹងកន្លែង​កើតហេតុ មានឈ្មោះ សរ សុខ​ដា​រ៉ា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​កន្សៃ​បន្ទាយ ឃុំ​មោង ស្រុក​មោងឫស្សី​។ ចំណែក​តៃកុង​រថយន្ត​ធុន​ធំ​ម៉ាក​ហ្វុ​យ​ស្សូ ពណ៌​បៃតង ពាក់​ស្លាក​លេខ ភ្នំពេញ ២៤៦៦ មិន​ស្គាល់​អត្តសញ្ញាណ​បាន​(​រត់គេចខ្លួន​បាត់​)​។​

​លោក រ៉ាវុធ បានន​បញ្ជាក់ថា មុនពេល​កើតហេតុ មាន​រថយន្ត​មួយគ្រឿង​ធុន​ធំ​ម៉ាក​ហ្វុ​យ​ហ្សូ ធ្វើដំណើរ​ពី​ទិស​ភ្នំពេញ​ទៅ​បាត់ដំបង​។ ពេលមកដល់​ចំណុច​ខាងលើ រថយន្ត​នោះបាន​ខូច​ហើយ​ចត​ចោល​លើផ្លូវ​ជាតិ​លេខ​៥ ដោយ​ដាក់​សញ្ញា​សម្គាល់​ជិត​ពេក​។ ស្របពេលនោះ ស្រាប់​តែមាន​ម៉ូតូ​០១​គ្រឿង ម៉ាក​ហុងដា​ទ្រី​ម សេ​១២៥ ពណ៌​ខ្មៅ សេរី​២០១៧ ពាក់​ស្លាក​លេខ បាត់ដំបង 1X 2099 បើកបរ​ដោយ​បុរស​ម្នាក់ បាន​បុក​រថយន្ត​ពីក្រោយ​មួយ​ទំហឹង បណ្តាលឱ្យ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​តែម្តង​។​

​សាកសព​ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ រថយន្ត​និង​ម៉ូតូ ត្រូវ​ប៉ូលិស​ចរាចរណ៍​ខេត្ត យកមក​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​ខេត្ត ដើម្បី​ដោះស្រាយ​តាមច្បាប់​៕