ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់ ដោយសារ​រថយន្តបុក​ជាមួយ​ម៉ូតូ អ្នកបើកបរ​រថយន្ត​បាន​រត់​គេចខ្លួនបាត់​

907
ចែករម្លែក

ដោយ​: គូលែន / សៀមរាប​: បុរស​ជា​ប្តី​បាន​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ ចំណែក​ប្រពន្ធ​បាន​រងរបួស​ធ្ងន់ ដោយសារ​រថយន្ត​ម៉ាក​ហាយ​ឡែ​ន​ឌឺ បុក​ជាមួយ​ម៉ូតូ​យ៉ាង​ពេញទំហឹង​។ ក្រោយពី​កើតហេតុ​ម្ចាស់​រថយន្ត​ហាយ​ឡែ​ន​ឌឺ ដែល​គេ​មិន​ស្គាល់​អត្តសញ្ញាណ បាន​ចុះ​រត់​គេចខ្លួនបាត់​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៧​និង​៥០​នាទី​ព្រឹក ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៨​នេះ ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិរ​ការ​កំបុត ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។​

​សមត្ថកិច្ច​នគរបាល​ស្រុក​ប្រាសាទបាគង បាន​និយាយថា មុនពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​ម៉ាក​ហា​ឡែ​ន​ឌឺ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AK 4282 បាន​បើកបរ​ពី​ទិស​កើ​តទៅ​ទិស​លិច​។ ចំណែក​ម៉ូតូ​ម៉ាក C125 ពណ៌​ខ្មៅ សេរី​២០១៤ ពាក់​ស្លាក​លេខ សៀមរាប 1Q 9712 ជិះ​ឌុប​គ្នា​ជាមួយ​ប្រពន្ធ ដោយ​បើកបរ​បញ្ច្រាសទិស​គ្នា គឺ​ពី​ទិស​លិចទៅ​ទិស​កើត​។​

​សមត្ថកិច្ច​បាន​បន្តថា លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​រថយន្ត​ហា​ឡែ​ន​ឌឺ បុក​ជាមួយ​ម៉ូតូ​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​បុរស​ជា​ប្តី​បាន​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ​តែម្តង​។ ចំណែក​ប្រពន្ធ​បាន​រងរបួស​យ៉ាង​ធ្ងន់ ហើយ​បាន​បញ្ជូនទៅ​សង្គ្រោះ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​។​

​អ្នកស្លាប់​មានឈ្មោះ មូល តែម ភេទ​ប្រុស អាយុ ៦៨​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ត្រែង សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប និង​ប្រពន្ធ​ជិះ​ពីក្រោយ​មានឈ្មោះ គឹម សា​អឿង អាយុ​៤៩​ឆ្នាំ​។​

​បច្ចុប្បន្ន​រថយន្ត​និង​ម៉ូតូ ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ប្រាសាទបាគង ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕ ល​