ស្លាប់​ម្នាក់​របួសធ្ងន់​បីនាក់​ដោយសារ​រថយន្ត​បុក​ម៉ូតូ​

837
ចែករម្លែក

​ដោយ​: បូកគោ / កំពត​: កុមារី​ម្នាក់​បាន​ស្លាប់ ចំណែក​បីនាក់​ទៀត​រងរបួស​ធ្ងន់ បញ្ជូន​ទៅកាន់​បរទេស​វៀតណាម ដោយសារ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត និង​ម៉ូតូ កាលពី​យប់​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០១៨ ស្ថិត​ក្នុងភូមិ​១​ឧសភា សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត​។ សមត្ថកិច្ច​តាម​ឃាត់​បាន​អ្នកបើកបរ​រថយន្ត បន្ទាប់ពី​ព្យាយាម​បើក​រត់​ចម្ងាយ​ប្រមាណ​ជាង​ពីរ​គីឡូម៉ែត្រ​ពី​ទី​កើតហេតុ​។​

​លោក ស៊ូ វណ្ណាត នាយផ្នែក​នគរ​បាលច​រា​ចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​ខេត្តកំពត បាន​ប្រាប់​រស្មី​កម្ពុជា​ឱ្យដឹងថា ជនរងគ្រោះ​ទាំង​បួន​នាក់ រួមមាន​: ១.​ឈ្មោះ វុទ្ធី រ៉ាត់​សូ​នី​តា ភេទ​ស្រី អាយុ ៤​ឆ្នាំ ស្លាប់​, ២.​ឈ្មោះ​សាង បូរី ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ​, ៣.​ឈ្មោះ​ចាន់ រចនា ភេទ​ស្រី អាយុ ៣៧​ឆ្នាំ​, ឈ្មោះ​វុទ្ធី រ៉ាត់​បញ្ញា​ស័ក ភេទ ប្រុស អាយុ​៦​ឆ្នាំ​។ ក្រុមគ្រួសារ​នេះ មាន​ទីលំនៅ​ភូមិ​១​ឧសភា សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត ខេត្តកំពត​។ ចំណែក​អ្នកបើកបរ​រថយន្ត​ឈ្មោះ នៅ ឌី​ណា ភេទ​ប្រុស អាយុ ៣០​ឆ្នាំ រស់នៅ​ភូមិ​ទួល​មាស ឃុំ​អា​រិ​យក្ស​ត្រ ស្រុក​ល្វាឯម ខេត្តកណ្តាល​។

​លោកនាយ​ផ្នែក​បាន​រៀបរាប់ថា កាលពី​វេលា​ម៉ោង​ប្រហែល​៩​យប់​ថ្ងៃទី​៣ ខែឧសភា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង នៅតាម​បណ្តោយ​ផ្លូវ​ឆ្នេរ​ព្រែក​កំពង់បាយ ត្រង់ចំណុច​មុខ​សាខា​កាកបាទក្រហម​ខេត្តកំពត ស្ថិត​ក្នុងភូមិ​១​ឧសភា សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត​ដោយ​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ បុក​ម៉ូតូ​ពេញទំហឹង ពេល​កំពុងបើក​បរប​ញ្ច្រា​សទិស​គ្នា​។ ភ្លាមៗ រថយន្ត​មិនបាន​បញ្ឈប់​ទេ ដោយ​បង្កើនល្បឿន​រត់គេច​រហូត​ដល់​ទឹកដី​ភូមិ​អណ្តូង​ខ្មែរ សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត​ក៏​បុក​បង្កាន់ដៃស្ពាន​បណ្តាលឱ្យ​ក្រឡាប់ ទើប​សមត្ថកិច្ច​តាម​ឃាត់ខ្លួន​អ្នកបើក​បរបាន​។ ចំណែក​អ្នកដំណើរ​តាម​ម៉ូតូ​ទាំង​បួន​នាក់ បាន​រងរបួស​ធ្ងន់ ទើប​ក្រុមគ្រួសារ និង​សមត្ថកិច្ច​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ តែ​អកុសល កុមារី​អាយុ​៤​ឆ្នាំ​នោះបាន​ស្លាប់ ដោយ​ក្រុមគ្រូពេទ្យ​មិនអាច​ជួយសង្គ្រោះ​ទាន់​៕ ល​