ស្លាប់​ម្នាក់​របួស​៣​នាក់ ដោយសារ​ម៉ូតូ​បុក​ម៉ូតូ​នៅ​ស្រុក​ពួក​

1420
ចែករម្លែក

ដោយ​: គូលែន / សៀមរាប​: ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​យ៉ាង​រន្ធត់ បាន​កើតឡើង​បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់​បាន​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ និង​មាន​មនុស្ស​ចំនួន​៣​នាក់​ទៀត បាន​រងរបួស​ធ្ងន់​និង​ស្រាល បន្ទាប់ពី​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ឆ្នាំ​២០០៥ ពណ៌​ក្រហម ជិះ​ឌុប​គ្នា​ក្នុង​ល្បឿន​យ៉ាង​លឿន​ទៅបុក​ជាមួយ​ម៉ូតូ​មួយគ្រឿង​ទៀត​ម៉ា​កវេ​វ​អាល់​ហ្វា ពណ៌​ខ្មៅ ដែល​ជិះ​ឌុប​គ្នា​ដែរ ហើយ​បត់​ឆ្វេង​ដោយ​មិនមាន​ការប្រុងប្រយ័ត្ន​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៨​នេះ ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​មុខ​វិទ្យាល័យ​ពួក ក្នុងភូមិ​ពួក​ចាស់ ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប​។​

​លោក​វរសេនីយ៍ឯក ទេព ពុំសែន អធិការនគរបាល​ស្រុក​ពួក បាន​និយាយថា មុនពេល​កើតហេតុ​គេ​បានឃើញ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ក្រហម ឆ្នាំ​២០០៥ ពាក់​ស្លាក​លេខ​១B ៤៥៧៥ ជិះ​ឌុប​គ្នា​២​នាក់​បាន​បើកបរ​ពី​ទិស​លិចទៅ​ទិស​កើត​ក្នុង​ល្បឿន​យ៉ាង​លឿន ។​ចំណែក​ម៉ូតូ​ម៉ា​កវេ​វ​អាល់​ហ្វា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​១AF ៥១៤៩ ជិះ​ឌុប​គ្នា​២​នាក់​ដែរ​ដោយ​បើកបរ​ពី​ទិស​កើត​ហើយ​បត់​ឆ្វេង​។​

​លោក​វរសេនីយ៍ឯក ទេព ពុំសែន បាន​បញ្ជាក់ថា លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​ម៉ូតូ​ម៉ា​កវេ​វ​អាល់​ហ្វា​បាន​បត់​ឆ្វេង​ដោយ​មិន​ប្រុងប្រយ័ត្ន ស្រប​ពេលដែល​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ដែល​កំពុងតែ​បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន​ផង​នោះ ស្រាប់តែ​បុក​គ្នា​យ៉ាង​ពេញទំហឹង​តែម្តង បណ្តាល​ឲ្យ​អ្នករួមដំណើរ​ជាមួយ​ម៉ូតូ​ម៉ា​កវេ​វ​អាល់​ហ្វា បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ និង​មនុស្ស​៣​នាក់​ទៀត បាន​រងរបួស​ធ្ងន់​និង​ស្រាល​។​

លោក​អធិការនគរបាល​ស្រុក​ពួក បាន​បន្តថា អ្នកស្លាប់​មានឈ្មោះ នៅ សម្បត្តិ ភេទ​ស្រី អាយុ​៤៦​ឆ្នាំ មុខរបរ​ជា​សន្តិសុខ​ព្រលានយន្តហោះ​សៀមរាប រស់នៅ​ភូមិ​សំរោង​យា ឃុំ​ប្រាសាទ ស្រុក​ពួក ខេត្តសៀមរាប​។​ចំណែក​អ្នករងរបួស​មានឈ្មោះ ឈឿត ចំរើន ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ បាន​រងរបួស​ធ្ងន់​(​អ្នកបើកបរ​ម៉ូតូ​វេ​វ​អាល់​ហ្វា​) មុខរបរ​ជា​សន្តិសុខ​ព្រលានយន្តហោះ​សៀមរាប រស់នៅ​ភូមិ​សំរោង​យា ឃុំ​ប្រាសាទ ស្រុក​ពួក ខេត្តសៀមរាប​, ឈ្មោះ ឡុ​ច ធិ​ង ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​កម្មក​សំណង់​បាន​រងរបួស​ធ្ងន់​(​អ្នកបើក​ម៉ូតូ​ហុងដា​ឌ្រី​ម​) រស់នៅ​ភូមិ​ត្រពាំង​ស្វាយ ឃុំ​រើ​ល ស្រុក​ពួក ខេត្តសៀមរាប​និង​ម្នាក់ទៀត​ឈ្មោះ ឡុ​ច ពៅ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ បាន​រងរបួស​ស្រាល រស់នៅ​ភូមិ​ត្រពាំង​ស្វាយ ឃុំ​រើ​ល ស្រុក​ពួក ខេត្តសៀមរាប​។​

​ក្រោយពី​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ បានធ្វើការ​វាស់វែង និង​បានប្រគល់​សាកសព​ជនរងគ្រោះ​ឲ្យ​ទៅ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​អ្នករបួស​ត្រូវបាន​សម​ត្ថ​កិច្ច​បញ្ជូនទៅ​មណ្ឌល​សុខភាព​ពួក ដើម្បី​សង្គ្រោះ​និង​ព្យាបាល​។ ចំណែក​វត្ថុតាង​មាន​ម៉ូតូ​ទាំង​២​គ្រឿង ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ពួក ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕ ល​