ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់ ដោយសារ​យក​ក្បាល​គ្រាប់កាំភ្លើង​ត្បាល់ មក​ដំ​ដោះ​

1060
ចែករម្លែក

ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: កសិករ​ក្នុងភូមិ​បាន​យក​ក្បាល​គ្រាប់​កាំភ្លើងត្បាល់​៦០​មី​លី​ម៉ែត្រ មក​ដំ​ដោះ​ព្រ​លួ​ញ​គន្លឹះ​សណ្តោង​គោយន្ត​កន្ត្រៃ បង្ក​ផ្ទុះបណ្តាលឲ្យមនុស្សម្នាក់​ស្លាប់និងម្នាក់ទៀត របួសធ្ងន់​។ករណីនេះកើតឡើង នៅ​ស្រុក​ព្រះនេត្រព្រះ​កាល​ម៉ោង​៩ ព្រឹក ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០១៨ នៅ​​ភូមិ​ខ្វាវ ឃុំ​បុ​ស្បូវ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។​

​មន្ត្រីនគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​បុ​ស្បូវ ប្រាប់​ឱ្យដឹងថា បុរសរងគ្រោះ​ឈ្មោះ ឈឿន សាម៉ន អាយុ​៣២​ឆ្នាំ ជា​ម្ចាស់​គោយន្ត​បាន​ស្លាប់ និង​បុរស​ម្នាក់ទៀត​រងរបួស​មឈ្មោះ វ៉ាត សា​មេ​ត អាយុ​៤៧​ឆ្នាំ ជា​អ្នកជិតខាង ជនរងគ្រោះ​រស់នៅ​ភូមិ ឃុំ​ខាងលើ​។​

​ប្រភពព័ត៌មាន​ដដែល​ឱ្យដឹងទៀតថា មុនពេល​កើតហេតុ​ជនរងគ្រោះ​ម្ចាស់​គោយន្ត បាន​ដោះ​រ៉ឺម៉ក​គោយន្ត​ចេញពី​ក្បាល​គោយន្ត ដើម្បី​ទៅ​ភ្ជួរស្រែ នៅពេលនោះ​មាន​អ្នកជិតខាង​ម្នាក់​បាន​ទៅ​ឈរ​មើល​។ ប៉ុន្តែ​នៅពេល​ដោះ​ព្រ​លួ​ញ​គន្លឹះ​រ៉ឺម៉ក​វា​មិន​ចេញ ទើប​ជនរងគ្រោះ​ក៏​យក​ម៉ូ​ទ័​រ​ឆាប​ផ្តាច់​។ បន្ទាប់មក​ជនរងគ្រោះ​ក៏​យក​ដុំ​ដែក គឺ​ក្បាល​គ្រាប់​៦០​ម​.​ម មក​ដំ​វាយ​ដើម្បី​យក​ព្រ​លួ​ញ​គន្លឹះ​គោយន្ត​នោះ​ចេញ ក៏​ផ្ទុះ​គ្រាប់​នោះ បណ្តាលឱ្យ​ម្ចាស់​គោយន្ត​ស្លាប់។ ចំណែក​អ្នកជិតខាង​ទៅ​ឈរ​មើល​ទទួលរង​របួសធ្ងន់​។ សាច់ញាតិ​ដឹកបញ្ជូន​យកទៅ​សង្គ្រោះ​ជីវិត​នៅ​មន្ទីរពេទ្យបង្អែក ស្រុក​មង្គល​បូរី​៕ ល​/មន