ស្លាប់​រស់​ព្រោះតែ​មាត់ ហ្វេ​ស​ប៊ុ​ក​ជា​អាវុធ​មុខ​ពីរ​!

399
ចែករម្លែក

​ដោយសារតែ​ហ្វេ​ស​ប៊ុ​ក​នាំ​ឲ្យ​លោក ផែង វណ្ណៈ កាល​ពពី​ថ្ងៃទី​០២ ខែមេសា ឆ្នាំ​២០១៩ ត្រូវបាន​ឃាត់ខ្លួន បញ្ជូនទៅ​តុលាការ ពាក់ព័ន្ធ​នឹង​បទចោទប្រកាន់ “​បរិហារកេរ្តិ៍​ជា សាធារណៈ និង​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​”​។

​បទចោទប្រកាន់​ទាំងនេះ តាម​មាត្រា ៣០៥ នៃ​ក្រមព្រហ្មទណ្ឌ បានចែង​ពីបទ បរិហារកេរ្តិ៍​ជា​សាធារណៈ ដែល​បានកំណត់​ពី​ការពិន័យ​ជា​ប្រាក់ ពី ១​សែន​រៀល ទៅ ១០​លាន​រៀល​។ ដោយឡែក មាត្រា ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ បានចែង​ពីបទ ញុះញង់ ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ដែល​ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ ចន្លោះ​ពី ៦​ខែ ទៅ ២​ឆ្នាំ​។

​ក្រោយ​ការសាកសួរ និង​ចោទប្រកាន់ កាលពី​រសៀល​ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០១៩ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​បញ្ជូន​លោក ផែង វណ្ណៈ នៅ​ឃុំឃាំង​បណ្តោះអាសន្ន នៅ​កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស ដើម្បី​រង់ចាំ​បន្ត ចំណាត់ការ នៅ​ថ្ងៃទី​៣ ខែមេសា​បន្តទៀត​។

​ការចាប់ខ្លួន​និង​ចោទប្រកាន់​លោក ផែង វណ្ណៈ ជា​មន្ត្រី​យោធា និង​ជា​ម្ចាស់​ហ្វេ​ស​ប៊ុ​ក ឈ្មោះ Pheng Vannak News បន្ទាប់ពី​បុគ្គល​នេះ បាន​ផ្សាយ​តាម​ហ្វេ​ស​ប៊ុ​ក ដោយ ប្រៀបប្រដូច​ករណី​លោក ធ្វើជា​តំណាង​ឲ្យ​ក្រុម​ជនល្មើស បើកឡាន​បុក​គេ​ស្លាប់ យកលុយ​ទៅ​ចូល​បុណ្យសព​ជនរងគ្រោះ​និង​នាយក​ប្រតិបត្តិ​គេហទំព័រ​ហ្វ្រេស​ញូ​វ ( Fresh News ) ដែល​ធ្វើជា​តំណាង​សម្តេច​តេ​ជោ ហ៊ុន សែន យកលុយ​ចូល​បុណ្យ ធ្វើ​ចេតិយ​សព​លោក កែម ឡី​។​

​សំណេរ​តាម​ហ្វេ​ស​ប៊ុ​ក​ដូច្នេះ ត្រូវបាន​មេធាវី​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ចាត់ទុកថា បានបញ្ជាក់​ច្បាស់​ថា ឈ្មោះ ផែង វណ្ណៈ ពិតជា​មាន​ផែនការ​ច្បាស់លាស់ និង​ចេតនា ទុច្ចរិត​ពិតប្រាកដ ធ្វើការ​ប្រៀបធៀប ក្នុង​បំណង​ចោទប្រកាន់ និង​ទម្លាក់កំហុស​ទៅលើ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ថា ជា​ឃាតក​សម្លាប់​លោក​បណ្ឌិត កែម ឡី​។​

​កាលពី​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០១៩ លោក គី តិច មេធាវី​តំណាង​សម្តេច​តេ​ជោ​ហ៊ុន សែន បានដាក់​ពាក្យបណ្តឹង ទៅកាន់​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ ប្តឹង​លោក ផែង វណ្ណៈ ព្រមទាំង​ស្នើសុំ​ឲ្យ​តុលាការ ពិនិត្យ សម្រេច ចោទប្រកាន់ និង​ផ្តន្ទាទោស ឲ្យ​បាន​ធ្ងន់ធ្ងរ​បំផុត លើ​ឈ្មោះ ផែង វណ្ណៈ តាម​បញ្ញត្តិ​មាត្រា ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​សុំ​ឲ្យ​ធ្វើការ​ពិនិត្យ សម្រេច ឃាត់ខ្លួន ឬ​ចាប់ខ្លួន និង​ឃុំខ្លួន ឈ្មោះ ផែង វណ្ណៈ ជាបន្ទាន់ ដើម្បី​ទប់ស្កាត់ ការប្រព្រឹត្ត​អំពើ​ល្មើស​ជា​បន្ត បន្ទាប់ ដែល​អាច​នាំ​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​។

​សូមបញ្ជាក់ថា ក្រៅពី​បណ្តឹង​របស់​មេធាវី​សម្តេច​តេ​ជោ​ហ៊ុនសែន លោក​ផែង​វណ្ណៈ ក៏​កំពុង​ជាប់​បណ្តឹង​របស់លោក​ពេជ្រ​ស្រស់ នៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​បណ្តឹង ២​ទៀត នៅ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ គឺ​បណ្តឹង​មួយ​របស់ អង្គភាព Fresh News ប្តឹង​ទារ​សំណង ៥០​ម៉ឺន​ដុល្លារ និង​បណ្តឹង​មួយទៀត របស់លោក ខាន់​សុវណ្ណ ប្តឹង​លោក​ផែង​វណ្ណៈ ទាមទារ​សំណង ១​លាន ២១​ម៉ឺន​ដុល្លារ​។​

​បណ្តឹង​ប្រឆាំង​លោក ផែង វណ្ណៈ និង​ឈានដល់​ការចាប់ខ្លួន​ព្រមទាំង​ចោទប្រកាន់​នេះ ដោយសារតែ​បុគ្គល​នេះ​កន្លងមក​បាន​ផ្សាយ​ផ្ទាល់​បញ្ចេញមតិ​និង​ធ្វើ​អន្តរាគមន៍ លើ​ច្រើន​ករណី ដោយ​តាំងខ្លួន​ដូចជា​ចៅក្រម​ផង និង​ជា​សមត្ថកិច្ច​ផង​។​

​តាមពិត លោក​ផែង​វណ្ណៈ ធ្វើជា​ប៉ូលិស​នៅ​ក្រសួងមហាផ្ទៃ​។ តែ​ក្រោយមក​ក៏ត្រូវ​លុប ឈ្មោះ​ចេញ ហើយ​សព្វថ្ងៃ ជា​មន្ត្រី​យោធា​នៅ​ក្រសួងការពារជាតិ​។​

​ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ តាំងពី​ហ្វេ​ស​ប៊ុ​កមាន​ប្រជាប្រិយភាព​នៅក្នុង​ប្រទេស​យើង លោក ផែង វណ្ណៈ តែងតែ​ចេញមុខ​ផ្សាយ​ផ្ទាល់​លើ​បញ្ហា​ជាច្រើន និង​រិះគន់​លើ​បុគ្គល ជាច្រើន មន្ត្រីរាជការ និង​ក្រសួង​ស្ថាប័ន​មួយចំនួន ដោយ​គ្មាន​ក្រែងរអែង​មាត់​ឡើយ​។​

​ដូច្នេះ​លើក​នេះ របស់លោក​ផែង​វណ្ណៈ ដោយសារតែ​មាត់រអិល និង​ការប្រើ​ហ្វេ​ស​ប៊ុ​ក ប្រៀបធៀប​ជ្រុល​ពេក នាំ​ឲ្យ​ប៉ះពាល់​ដល់​ថ្នាក់ដឹកនាំ ទើបបានជា​លោក ផែង វណ្ណៈ ត្រូវ​ឃាត់ខ្លួន អនុវត្តតាម​ច្បាប់​នូវ​ទោសកំហុស​របស់ខ្លួន​។​

​ករណី​ប្រើ​ហ្វេ​ស​ប៊ុ​ក បញ្ចេញមតិ នាំ​ឲ្យ​ប៉ះពាល់​ដល់​អ្នកដទៃ ហើយ​ត្រូវបាន​ចាប់ខ្លួន ចោទប្រកាន់​និង​បញ្ជូនទៅ​ឃុំឃាំង​នៅ​ពន្ធនាគារ គឺមាន​ច្រើន​ករណី​មកហើយ នៅក្នុង​ប្រទេស​កម្ពុជា​យើង​។ ដូច្នេះ ចូរ​អ្នក​ប្រើ​ហ្វេ​ស​ប៊ុ​ក ពិសេស​យុវជន​ត្រូវមាន ការប្រុងប្រយ័ត្ន និង​ចាំ​ថា ហ្វេ​ស​ប៊ុ​ក ជា​អាវុធ​មុខ​ពីរ ដូច​ថ្នាំពេទ្យ​ដែរ​។ ពោលគឺ​វា​ជួយ អ្នកប្រើប្រាស់ តែ​វា​ក៏​អាច​សម្លាប់​អ្នកប្រើប្រាស់​បានដែរ​៕ ដោយ​:​ម៉េង​ឆៃ​