ស្លាប់​ស្ត្រី​ម្នាក់ និង​ម្នាក់ទៀត របួសធ្ងន់ ដោយ​ត្រូវ​រថយន្តបុក នៅពេល​កំពុង​អង្គុយ សក​ក្រឡាន នៅ​ម្ខាង​ផ្លូវ

1151
ចែករម្លែក

​ដោយ​៖​គូលែន​/
​សៀមរាបៈ ស្ត្រី​ម្នាក់ ដែលមាន​ផ្ទៃពោះ​៥​ខែ បាន​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ និង​ស្ត្រី​ម្នាក់ទៀត បាន​រងរបួស​ធ្ងន់ ខណៈពេលដែល​ពួកគេ កំពុង​អង្គុយ​សក​ក្រឡាន នៅ​ម្ខាង​ផ្លូវ ហើយ​រថយន្ត​ដឹក​ទឹកកក មួយគ្រឿង បាន​ជ្រុល​ចង្កូត ទៅបុក​ទាំង​កម្រោល ហើយ​រថយន្ត បាន​ជ្រុល​ធ្លាក់​ទៅ​ម្ខាង​ផ្លូវ​។ ហេតុការណ៍​នេះ បានកើត​ឡើង នៅវេលា​ម៉ោង ១:៣០ រសៀល ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៨ ស្ថិតនៅតាម​បណ្តោយ ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​ខ្ចាស់ ឃុំ​ខ្ចាស់ ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។
​ ​
​លោក​វរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនគរបាល ស្រុក​សូទ្រនិគម បាន​និយាយថា ជនរងគ្រោះ ឈ្មោះ គឿ​យ ស្រី​ម៉ៅ អាយុ​២៣​ឆ្នាំ មាន​ផ្ទៃពោះ​៥​ខែ បាន​ស្លាប់​នៅនឹងកន្លែង​កើតហេតុ និង​ស្ត្រី​ម្នាក់ទៀត ឈ្មោះ ថូ ផ្លិ​ច អាយុ​៣៣​ឆ្នាំ រងរបួស​ធ្ងន់​។ ជនរងគ្រោះ​ទាំងពីរ​នាក់ មានមុខ​របរ លក់​ក្រឡាន ស្ថិតនៅតាម​បណ្តោយ ផ្លូវជាតិ​លេខ​៦ នៅក្នុង​ភូមិ​ខ្ចាស់ ឃុំ​ខ្ចាស់ ស្រុក​សូទ្រនិគម ខេត្តសៀមរាប ។​

​លោក​បាន​បន្តថា រថយន្ត​បង្ក បាន​បើក​ក្នុង​ល្បឿន យ៉ាង​លឿន ពី​ទិស​ខាងលិច ទៅ​កើត ហើយ​មកដល់​ចំណុចកើតហេតុ ក៏បាន​ជ្រុល​ចង្កូត ទៅបុក​ស្ត្រី ដែល​កំពុង​អង្គុយ សក​ក្រឡាន ចំនួន​២​នាក់ នៅលើ​គ្រែ​ម្ខាង​ផ្លូវ យ៉ាង​ពេញទំហឹង​តែម្តង បណ្ដាលឱ្យ​ស្ត្រី​ម្នាក់ ដែលមាន​ផ្ទៃពោះ​៥​ខែ បាន​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ និង​ស្ត្រី​ម្នាក់ទៀត បាន​រងរបួស​ធ្ងន់​។ ស្ត្រី​ដែល​របួសធ្ងន់ បាន​ត្រូវគេ​បញ្ជូន​ទៅកាន់ គ្លីនិក​ឯកជន​មួយ នៅក្នុង​ស្រុក​សូទ្រនិគម​។​

​លោក​បាន​បន្តទៀតថា ក្រោយពី​កើតហេតុ អ្នកបើកបរ​រថយន្ត ដឹក​ទឹកកក បាន​រត់​គេចខ្លួនបាត់ ដោយ​បន្សល់ទុក រថយន្ត​ផលិត នៅ​ប្រទេស​កូរ៉េ ចំណុះ​១​តោន​កន្លះ ពណ៌​ស ពាក់​ស្លាក​លេខ កំពង់ចាម 2A-2991 នៅ​កន្លែងកើតហេតុ ហើយ​ត្រូវបាន​សមត្ថកិច្ច យកមក​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល ស្រុក​សូទ្រនិគម ដើម្បី​អនុវត្ត តាម​នីតិវិធី​ច្បាប់​៕V

ស្ត្រី​ដែលមាន​ផ្ទៃពោះ​៥​ខែ បាន​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ
ស្ត្រី​ដែល​រងរបួស​ធ្ងន់ កំពុងជួយសង្គ្រោះ នៅគ្លីនិក
រថយន្តដឹកទឹកកក ដែលបង្កហេតុ