ស្លាប់​១២​នាក់​នៅពេល​ប្រជាជន​អាមេរិក​ជាង​២០០​លាន​នាក់​ជួប​អាកាសធាតុ​ត្រជាក់​ដូច​តំបន់​ប៉ូល​

740
ចែករម្លែក
  • 139
    Shares

​ខ្យល់​ត្រជាក់ស្រេង​មកពី​ប៉ូល​បាន​នាំអោយ​សីតុណ្ហភាព​នៅ​តំបន់​Midwest ធ្លាក់ចុះ​ដល់​កំរិត​គ្រោះថ្នាក់​និង​ប្រកាស​អាសន្នកាល​ពីថ្ងៃ​ពុធ​ទី​៣០-៣១​មករា និង​បង្ក​ការស្លាប់​​មនុស្ស​យ៉ាងតិច​៣​នាក់​ទៀត ខណៈ​ការបញ្ជូន​សំបុត្រ​ត្រូវបាន​ផ្អាក​និង​បង្ខំ​អោយ​មនុស្ស​រាប់លាន​នាក់​នៅ​សម្ងំ​ក្នុងផ្ទះ​។​

​សាលារៀន​ក៏​បិទទ្វារ​កាលពី​ថ្ងៃ​ពុធ​និង​ព្រ​ហ​ស្ប​ត៍ទី​៣១​មករា នៅ​ទូទាំង​តំបន់​Midwest​រួមមាន​ទីក្រុង​ស៊ីកា​ហ្គោ ដែល​សីតុណ្ហភាព​ចុះ​ដល់​ដក​៣២​អង្សា​សេ​(-32C)​គឺ​ត្រជាក់​​ជាង​ផ្នែក​ខ្លះ​នៃ​សមុទ្រ​ទឹកកក​អង់តាក់ទិក​ទៀតផង​។​

​អាជ្ញាធរ​រដ្ឋ​មី​ស៊ី​ហ្គែ​ន បាន​និយាយថា​រាល់​ការិយាល័យ​រដ្ឋ​បិទទ្វារ​កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត៍​។​

គ្រោះថ្នាក់រថយន្តនៅអាមេរិកដោយសារអាកាសធាតុ

យ៉ាងហោចណាស់​មនុស្ស​១២​នាក់​បាន​ស្លាប់​ពាក់ព័ន្ធ​នឹង​អាកាសធាតុ​មហា​ត្រជាក់​នេះ​ចាប់តាំងពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​មក​នៅ​រដ្ឋ មី​ស៊ី​ហ្គែ​ន រដ្ឋ​អ៊ី​លីណ​យ​,​អាយ​អូ​វ៉ា​,​អ៊ិន​ឌី​​យ៉ាណា​,​វី​ស្កុន​ស៊ីន​និង​មីន​ណេ​សូ​តា​។​

​ប៉ូលិស​រដ្ឋ​អ៊ី​លីណ​យ បាន​សង្គ្រោះ​មនុស្ស​២១​នាក់​ដែល​ជាប់​ក្នុង​រថយន្តក្រុង​ដែល​ខូច​ក្នុង​អាការ​ធាតុ​ត្រជាក់​ក្រោម​សូន្យ ក្រោយពី​ប្រេងម៉ាស៊ូត​ប្រែក្លាយជា​កក​ខាប់​​ដូច​ចាហួយ​នៅក្នុង​ម៉ាស៊ីន​។​

​នៅ​ក្រុង​ដេ​ត្រ​យ បុរស​វ័យ​៧០​ឆ្នាំ​ម្នាក់​ត្រូវបាន​ប្រទះឃើញ​ស្លាប់​លើផ្លូវ​។​និស្សិត​ម្នាក់​ក៏ត្រូវ​បាន​គេ​ឃើញ​ស្លាប់​នៅក្រៅ​អាគារ​នៃ​សកល​វិទ្យាល័យ​កាលពី​ថ្ងៃ​ពុធ និង​ត្រូវ​​គេ​ជឿថា​ស្លាប់​ដោយសារ​ត្រជាក់​។​

​បណ្តា​ដង​វិធី​នៃ​ក្រុង​ស៊ីកា​ហ្គោ ស្ទើរតែ​គ្មាន​ចរាចរណ៍​និង​មនុស្ស​ខណៈ​សីតុណ្ហភាព​ចុះ​ដល់​ដក​២៨​អង្សា​សេ​។​ជើងហោះហើរ​រាប់ពាន់​ក៏ត្រូវ​បាន​លុបចោល​ផងដែរ​កាល​​ពីថ្ងៃ​ពុធ​ទាំង​ចេញ​និង​ចូល​អាកាសយានដ្ឋាន​ក្នុង​ក្រុង​ស៊ីកា​ហ្គោ​។​

​សីតុណ្ហភាព​ចុះ​ដល់​ដក​៤១​អង្សា​សេ​(-41)​នៅ​មីន​ណេ​សូ​តា និង​ដក​៣៥​អង្សា​(-35C)​នៅ​ណត ដា​កូតា កាលពី​ថ្ងៃ​ពុធ​។​

​អាកាសធាតុ​ត្រជាក់​មិន​ដែន​ធ្លាប់​ជួប​ក្នុង​មួយ​ជំនាន់​មនុស្ស​នៅ​អាមេរិក​នេះ​ប៉ះពាល់​ការរស់នៅ​របស់​ពលរ​ដ្ឋ​អាមេរិក​ប្រមាណ​២៥០​លាន​នាក់​និង​៩០​លាន​នាក់​ជួប​ភាព​​ត្រជាក់​ដក​១៧​អង្សា​សេ​ឬ​ក្រោម​នេះ​៕ដោយ៖វាសនា