ស្លាប់​១៩​នាក់​របួស​១១៩​នាក់ ខណៈ​ការឡោមព័ទ្ធ​នៅ​រដ្ឋធានី​របស់​សូ​ម៉ាលី​បានបញ្ចប់​

384
ចែករម្លែក
  • 39
    Shares

​កងកម្លាំង​សន្ដិសុខ​កាលពី​ថ្ងៃ​សុក្រ​ទី​១​មីនា​បានបញ្ចប់​ការឡោមព័ទ្ធ​ដោយ​ក្រុម​បះបោរ​អាល់​សា​បាប (Al-Shabaab) គឺ​ជិត​២៤​ម៉ោង បន្ទាប់ពី​ពួក​ជី​ហាដ​និយម​បាន​បើក​ការវាយប្រហារ​នៅ​រដ្ឋធានី​ម៉ូ​ហ្គា​ឌី​ស្យូ ដែល​បណ្តាលឱ្យ​មនុស្ស​ស្លាប់​យ៉ាងតិច ១៩ នាក់​។​

​លោក អ៊ី​ស្មា​អ៊ី​ល មូ​កតា ស្នងការ​ប៉ូលិស​សង្កាត់​ហា​ម៉ា​ចា​ចាប បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ថា “​ខ្មាន់កាំភ្លើង​ភេរ​វករ​ចុងក្រោយ​ត្រូវបាន​សម្លាប់​បន្ទាប់ពី​កម្លាំង​សន្តិសុខ​បាន​បំផ្លាញ​បន្ទប់​មួយ​ដែល​រូបគេ​កំពុង​លាក់ខ្លួន ហើយ​ការហ៊ុមព័ទ្ធ​ត្រូវបាន​បញ្ចប់​។ កងកម្លាំង​សន្តិសុខ​កំពុងតែ​បោសសម្អាត​តំបន់​នេះ​”​។​

​ការវាយប្រហារ​នេះ​បានចាប់ផ្តើម​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នៅ​ម៉ោង​ប្រហែល ១៨:០០ នៅពេលដែល​ជន​សកម្មប្រយុទ្ធ​ម្នាក់​របស់​ក្រុម​អាល់​សា​បាប​នៅក្នុង​រថយន្ត​បាន​បំផ្ទុះ​ខ្លួនឯង ដែល​បណ្តាលឱ្យ​មានការ​ផ្ទុះ​ដ៏​ធំ​មួយ ដោយ​ធ្វើឱ្យ​ខ្ទេច​ផ្នែក​ខាងមុខ​របស់​សណ្ឋាគារ​ធំៗ​មួយចំនួន​និង​បណ្តាលឱ្យ​រថយន្ត​ជាច្រើន​ត្រូវ​ឆាបឆេះ​នៅលើ​ផ្លូវ​ដ៏​មមាញឹក​។​

​បន្ទាប់មក​ពួក​អ្នក​ប្រយុទ្ធ​ផ្សេងទៀត​បាន​សម្រុក​ចូលក្នុង​អគារ​មួយ ដែលមាន​ភោជនីយដ្ឋាន​មួយ​នៅ​ក្នុងនោះ និង​ជា​កន្លែង​ដែល​ពួកវា​ត្រូវបាន​ឡោមព័ទ្ធ​ជុំជិត​ដោយ​ប៉ូលិស​យ៉ាង​ឆាប់រហ័ស​។​

​ការបាញ់​គ្នា​រប៉េះរប៉ោះ​បាន​បន្ត​ពេញ​មួយ​យប់​ថ្ងៃ​ព្រហស្បតិ៍​និង​ឈាន​ចូលដល់​ថ្ងៃ​សុក្រ​។​

​ក្រុមគ្រូពេទ្យ​បាន​ទាញ​សាកសព​៥​នាក់​ចេញពី​បំណែក​រថយន្ត​ភ្លាមៗ​បន្ទាប់ពី​ការផ្ទុះ​នោះ​ប៉ុន្តែ​ការទាញយក​សាក​សពដ​ទៃទៀត​ត្រូវបាន​រារាំង​អស់​ជាច្រើន​ម៉ោង ដោយសារ​ការប្រយុទ្ធ​គ្នា​។​

​លោក​អាប់​ឌី បា​រ៉េ ជីប​រី​ល អតីត​សមាជិកសភា​សូ​ម៉ាលី​បាន​និយាយថា “​អ្នក​ដែល​ស្លាប់​រួមមាន​ក្មេងៗ ជន​វាយប្រហារ​របស់​សា​បាប ដែល​យើង​បានឃើញ គឺមាន​តែ​ពីរ​នាក់​ប៉ុណ្ណោះ​”​។​

​នៅ​រសៀល​ថ្ងៃ​សុក្រ​ក្រុមមន្ត្រី​បាន​និយាយថា​ចំនួន​អ្នកស្លាប់​បាន​កើនឡើង​យ៉ាងខ្លាំង​គឺ ១៩ នាក់ និង អ្នករបួស ១១៩ នាក់​ទៀត​ត្រូវបាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ធំៗ​ចំនួន​៣​នៅក្នុង​រដ្ឋធានី​៕ ដោយ៖ កញ្ញាដាលីស