ស្លាប់​២​នាក់​របួស​២០០​នាក់​ក្នុងការ​ប៉ះទង្គិច​គ្នា​អំឡុង​ការតវ៉ា​នៅ​អ៊ីរ៉ាក់​

366
ចែករម្លែក

ក្រុមមន្ត្រី​សុខាភិបាល​បាន​និយាយថា បាតុករ​ពីរ​នាក់​ត្រូវបាន​សម្លាប់​និង​ជាង ២០០ នាក់​ទៀត​រងរបួស​កា​ល​ពីថ្ងៃ​អង្គារ​ទី​១​តុលា​ក្នុងការ​ប៉ះទង្គិច​គ្នា​ជាមួយ​កងកម្លាំង​សន្តិសុខ​ក្នុងអំឡុងពេល​បាតុកម្ម​នៅក្នុង​ទីក្រុង​បា​ដា​ដ​និង​ខេត្ត​នានា ដែល​បាន​បង្កើន​បញ្ហា​ប្រឈម​លើកដំបូង​ចំពោះ​រដ្ឋាភិបាល​ដែលមាន​អាយុ​ទើបតែ ១ ឆ្នាំ​ដ៏​ផុយស្រួយ​របស់​អ៊ីរ៉ាក់​។​

​ក្រុមបាតុករ​ជាង ១.០០០ នាក់​បាន​ចុះមក​រដ្ឋធានី​មុនពេល​កងកម្លាំង​សន្តិសុខ​បំបែកហ្វូង​បាតុករ​ដោយ​ការបាញ់​កាំភ្លើង​និង​ឧស្ម័ន​បង្ហូរទឹកភ្នែក​។​

​ក្រសួងសុខាភិបាល​បាន​និយាយ​ដោយ​មិន​ផ្តល់ព័ត៌មាន​លម្អិត​ថា ការតវ៉ា​នៅ​បា​ដា​ដ​បាន​បណ្តាលឱ្យ​ស្លាប់​មនុស្ស​ម្នាក់ និង ២០០ នាក់​រងរបួស​ក្នុងនោះ​មាន​ជន​ស៊ីវិល ១៦០ នាក់​។​

​យោងតាម​ប្រភព​វេជ្ជសាស្ត្រ​និង​ប៉ូលិស​បានឱ្យដឹងថា ពួកគេ​ភាគច្រើន​ត្រូវការ​ការព្យាបាល​សម្រាប់​ការ​ស្រូបយក​ឧស្ម័ន​បង្ហូរទឹកភ្នែក​ហើយ​ខ្លះទៀត​រងរបួស​ដោយសា​រ​គ្រាប់កាំភ្លើង​ជ័រ​។​

​មន្ត្រី​សុខាភិបាល​ម្នាក់​នៅ​ខេត្ត​ឌី​កា​បាន​និយាយថា អ្នក​តវ៉ា​ម្នាក់​ត្រូវបាន​សម្លាប់ និង ២ នាក់​ទៀត​បាន​រងរបួស​នៅក្នុង​ខេត្ត​ភាគខាងត្បូង​នេះ​។​

​ជាមួយ​ទង់ជាតិ​អ៊ីរ៉ាក់​ចង​លើ​ស្មា​របស់​ពួកគេ​ឬ​រុំ​នៅលើ​ថ្ងាស ពួក​បាតុករ​បាន​ប្រមូលផ្តុំ​គ្នា​នៅ​ទីលាន​និមិត្តរូប​ល្បីល្បាញ Tahrir ដោយ​បង្ហាញ​ការ​សោកសៅ​ជាច្រើន ប៉ុន្តែ​ជាក់ស្តែង​មើលទៅ​ដូចជា​គ្មាន​មេដឹកនាំ​ស្រុះគ្នា​នោះទេ​។​

“​ពួកចោរ​ទាំងនោះ​ប្លន់​យើង​!” ពួកគេ​បាន​ស្រែក​ដូច្នេះ​ដើម្បី​ថ្កោលទោស​ចំពោះ​វណ្ណៈ​នយោបាយ​នៅ​ប្រទេស​អ៊ីរ៉ាក់ ដែល​ត្រូវបាន​ចាត់ទុកជា​ប្រទេស​ពុករលួយ​បំផុត​ទី ១២ នៅក្នុង​ពិភពលោក​ដោយ​អង្គការ​តម្លាភាព​អន្តរជាតិ​។​

​អាប់​បាស ហ្វា​ដែល បាតុករ​អាយុ​៣០​ឆ្នាំ​និយាយថា “​បញ្ហា​គឺថា​សភា​គឺជា​បណ្តុំ​នៃ​ជន​អន្ធពាល ដែល​ចែកគ្នា​ស៊ីចុក​ក្នុងចំណោម​ពួកគេ​”​។

​អ្នកខ្លះ​ដើរ​តាម​ដងផ្លូវ​តវ៉ា​ចំពោះ​កង្វះ​សេវាសាធារណៈ រួមទាំង​ការ​ដាច់​ភ្លើង​ទ្រង់ទ្រាយ​ធំ កង្វះ​ទឹកស្អាត និង ភាព​អត់​ការងារ​ធ្វើ ជាពិសេស​ក្នុងចំណោម​យុវជន​។

​មូ​ស្តា​ហ្វា ខា​ឡេ​ត អាយុ ៣៤ ឆ្នាំ និយាយថា “​បង្ហាញ​ពួកយើង​មក​ថា​អ្នកឯង​អាចធ្វើ​បាន ៖ បង្ហាញ​យើង​នូវ​ផ្លូវថ្នល់​ស្អាត ទីក្រុង​ដែលមាន​ភាព​រីកចម្រើន ការសាងសង់ ការងារ សេវាសាធារណៈ​។ យើង​មិន​បានឃើញ​រឿង​ទាំងអស់នេះ​ទេ​”​។​

​ហើយ​អ្នក​ខ្លះទៀត​បានបង្ហាញ​រូបថត​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក អាប់​ឌុល​វ៉ា​ហាប់ អាល់​សា​អា​ឌី ដែល​ក្នុង​សប្តាហ៍​នេះ​ត្រូវគេ​ដក​ពី​តំណែង​ក្នុង​ទីភ្នាក់ងារ​ប្រឆាំង​ភេរវកម្ម​របស់​អ៊ីរ៉ាក់​នៅក្នុង​ចំណាត់ការ​ដ៏​ភ្ញាក់ផ្អើល​៕ ដោយ៖ កញ្ញាដាលីស