ស្លាប់​៣​នាក់​ក្នុង​អំពើហិង្សា​ក្បែរ​រោងចក្រ​ប្រេង​ក្នុងប្រទេស​បូ​លី​វី​

179
ចែករម្លែក

ប៉ូលិស​និង​ទាហាន​កាលពី​ថ្ងៃ​អង្គារ​ទី​១៩​វិច្ឆិកា​បាន​អម​រថយន្ត​ដឹក​សាំង​ចេញពី​រោងចក្រ​ប្រេង​ដ៏​សំខាន់​មួយ​របស់​ប្រទេស​បូ​លី​វី ដែល​ត្រូវបាន​រាំងខ្ទប់​អស់​រយៈពេល ៥ ថ្ងៃ​ដោយ​អ្នកគាំទ្រ​អតីត​ប្រធានាធិបតី អេ​វ៉ូ ម៉ូ​រ៉ា​ឡេស ហើយ​យ៉ាងហោចណាស់​មនុស្ស ៣ នាក់​បាន​ស្លាប់ នៅពេល​ប្រតិបត្តិ​ការបើក​អម​នេះ​កំពុងដំណើរការ​។​

​ការិយាល័យ​មេធាវី​ការពារ​ក្តី​សាធារណៈ​ក៏បាន​រាយការណ៍​ផងដែរ​ថា មនុស្ស ១៨ នាក់​បានរ​ងរ​បួ​សប៉ុ​ន្តែ​និយាយថា​កាលៈទេសៈ​នៃ​ការស្លាប់​និង​របួស​មិនទាន់​ត្រូវបាន​កំណត់​នៅឡើយ​ទេ​។​

​អ្នកសារព័ត៌មាន Associated Press ម្នាក់​នៅ​តំបន់​នោះបាន​ស្តាប់ឮ​ការបាញ់ប្រហារ​នៅក្បែរ​រោងចក្រ​ប្រេងឥន្ធនៈ​។ ផ្សែង​បាន​ហុយ​ចេញពី​អគ្គិភ័យ​ដែល​ដុត​ដោយ​ក្រុមអ្នកតវ៉ា​ហើយ​ឧទ្ធម្ភាគចក្រ​យោធា​មួយ​ឃើញ​កំពុង​ហោះ​លើ​តំបន់​នោះ​។​

​យោធា​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ប្រតិបត្តិការ​រើ​ប្រេងឥន្ធនៈ​ពី​ទីក្រុង​អែល​អាល់​តូ​ទៅ​រដ្ឋធានី​ឡា​ប៉ាស​ក្បែរ​នោះ​គឺ​ធ្វើ​ដោយ​សន្តិវិធី​។​

​មេធាវី​ការពារ​ក្តី​សាធារណៈ​ឈ្មោះ ណា​ឌា គ្រូ​ស និយាយថា ការស្លាប់​នោះ​គឺ​បណ្តាលមកពី​ការបាញ់​កាំភ្លើង​។ លោកស្រី​បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាលបណ្តោះអាសន្ន​ដក​កងទ័ព​ចេញពី​ប្រតិបត្តិការ​អម​ក្បួន​រថយន្ត​ដឹក​សាំង​ដើម្បី​កាត់បន្ថយ​អំពើហិង្សា​។​

​ទីក្រុង​បូ​លី​វី​មួយចំនួន​បាន​ជួប​កង្វះខាត​ស្បៀងអាហារ​និង​ប្រេងសាំង​ដោយសារតែ​ការធ្វើ​បាតុកម្ម​ដោយ​ក្រុមគាំទ្រ​លោក​ម៉ូ​រ៉ា​ឡេស​៕ ដោយ៖ កញ្ញាដាលីស

ឧទ្ធម្ភាគចក្រ​យោធា​ហោះ​កាត់​រោងចក្រ​ប្រេង Senkata ដែល​ត្រូវបាន​រាំងខ្ទប់​ដោយ​បាតុករ​គាំទ្រ​អតីត​ប្រធានាធិបតី​ម៉ូ​រ៉ា​ឡេស