ស្លាប់ ១១ នាក់ និង​របួស​ជាង ៧០ ក្នុង​អំពើហិង្សា​នានា​កាលពី​ចុង​សប្តាហ៍​នៅ​ទីក្រុង​ឈី​កា​ហ្គោ​

623
ចែករម្លែក

​យ៉ាងហោចណាស់ មនុស្ស ១១ នាក់​ត្រូវបាន​បាញ់សម្លាប់ និង​ជាង ៧០ នាក់​បាន​រងរបួស​នៅក្នុង​ការផ្ទុះ​ហិង្សា​ចុង​សប្តាហ៍​នៅ​ទីក្រុង​ឈី​កា​ហ្គោ ដែល​ភ្លាមៗ​បាន​ក្លាយជា​បញ្ហានយោបាយ នៅពេល​មេធាវី​របស់លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ លោក រូ​ឌី ហ្គី​វលី​យ៉ា​នី បាន​បន្ទោស​ការសម្លាប់​រង្គាល​នេះ​ទៅលើ​ការគ្រប់គ្រង​របស់​បក្ស​ប្រជាធិបតេយ្យ​ដ៏​យូរអង្វែង​នៅក្នុង​ទីក្រុង​នេះ​។​

​កាលពី​ថ្ងៃ​ចន្ទ​ទី​៦​សីហា ប៉ូលិស​បាន​សន្ម​ត់​ថា​ការបាញ់ប្រហារ​ជាច្រើន​ករណីនេះ​កើតឡើង​ដោយសារ​ក្រុម​ជនពាល​ដ៏​ច្រើន លំហូរ​កាំភ្លើង​ខុសច្បាប់ និង អាកាសធាតុ​ក្តៅ​នា​ខែសីហា ដែល​ទាក់ទាញ​មនុស្ស​ជាច្រើន​ចេញមក​ខាងក្រៅ​។​

​យោងតាម​ប៉ូលិស​បានឱ្យដឹងថា ជនរងគ្រោះ​មាន​អាយុ​ពី ១១ ឆ្នាំទៅ ៦៣ ឆ្នាំ​។ ក្មេងស្រី​ជំទង់​ម្នាក់​បាន​ស្លាប់​បន្ទាប់ពី​ត្រូវបាន​គេ​បាញ់​ចំ​មុខ​។ ក្មេងប្រុស​ជំទង់​ម្នាក់​ត្រូវបាន​បាញ់សម្លាប់​យ៉ាង​ឃោរឃៅ​ខណៈ​កំពុង​ជិះ​កង់​កាលពី​រសៀល​ថ្ងៃអាទិត្យ​។ ការបាញ់ប្រហារ​ផ្សេងទៀត​បានកើត​ឡើង​នៅឯ​ពិធីជប់លៀង និង​ពិធី​បុណ្យសព​។​

​សូម្បីតែ​អ្នករស់នៅ​ទីក្រុង​ឈី​កា​ហ្គោ​ក៏​ស៊ាំ​ទៅនឹង​អំពើហិង្សា​ក្នុង​ផ្នែក​ខ្លះ​នៃ​ទីក្រុង​នេះ​ផងដែរ​។ កាសែត Chicago Tribune បាន​រាយការណ៍​ថា បើ​ធ្វើការ​ប្រៀបធៀប យ៉ាងហោចណាស់ មនុស្ស ៧ នាក់​ត្រូវបាន​សម្លាប់ និង ៣២ នាក់​បាន​រងរបួស​ក្នុងអំឡុងពេល​ចុង​សប្តាហ៍​នៃ​ទិវា​រំលឹក​គុណ​ទាហាន​ពលី​។​

​អភិបាលក្រុង​លោក រ៉ាំ អេ​ម៉ា​នូ​អែល បាន​និយាយថា “​ស្មារតី​របស់​យើង​ទទួល​អំ​រែក​ធ្ងន់ធ្ងរ​។ វា​មិនអាច​ទទួលយក​បានទេ ដែល​រឿង​ទាំងនេះ​កើតឡើង​នៅក្នុង​សង្កាត់​ណាមួយ​នៃ​ទីក្រុង​ឈី​កា​ហ្គោ​។ យើង​ជាទី​ក្រុង​ល្អប្រសើរ​មួយ​”​។​

​ដោយ​បន្ទរ​តាម​សម្តី​ដដែល​របស់លោក​ត្រាំ​អំពី​ទីក្រុង​ឈី​កា​ហ្គោ លោក​ហ្គី​វលី​យ៉ា​នី​បាន​ស្តីបន្ទោស​លោក​អេ​ម៉ា​នូ​អែល អតីត​នាយអគ្គសេនាធិការ​ប្រចាំ​សេត​វិមាន​របស់​អតីត​ប្រ​ធានា​បា​រ៉ា​ក់ អូ​បា​ម៉ា និង​ការគ្រប់គ្រង​រាប់​ទសវត្សរ៍​ដោយ “​គណបក្ស​ប្រជាធិបតេយ្យ​” នៅក្នុង​សារ​ធ្វី​ត​ធឺ​ជា​ហូរហែ​កាលពី​ថ្ងៃអាទិត្យ​និង​ថ្ងៃ​ចន្ទ​។​

​អតីត​ចៅហ្វាយក្រុង​ញូវយ៉ក​រូបនេះ (​ហ្គី​វលី​យ៉ា​នី​) ក៏បាន​បង្ហោះ​សារ​គាំទ្រ​របស់គាត់​ចំពោះ​បេក្ខជន​អភិបាលក្រុង​ឈី​កា​ហ្គោ​និង​ជា​អតីត​អគ្គមេបញ្ជាការ​ប៉ូលិស​លោក ហ្គា​រី ម៉ាក​កា​ធី ផងដែរ ដោយ​សំដៅលើ​គាត់​ថា ជា “​ជើ​រី​” និង​ហៅ​គាត់​ថា​ជា “​អ្នកមាន​ទេពកោសល្យ​ផ្នែក​ប៉ូលិស​”៕ ដោយ៖ កញ្ញាដាលីស

មនុស្ស​ស្លាប់​យ៉ាងតិច​១១​នាក់​ក្នុង​អំពើហិង្សា​បាញ់បោះ​ច្រើន​ករណី​នៅ​ទីក្រុង​ឈី​កា​ហ្គោ​កាលពី​ចុង​សប្តាហ៍