ស្លាប់ ៥៥ នាក់​ក្នុង​សង្គ្រាម​ប្រឆាំង​គ្រឿង​នៅ​ឥណ្ឌូនេស៊ី បន្ទាប់ពី​ប្រធានាធិបតី​ចេញ​បទបញ្ជា “​ជួប​បាញ់​នៅនឹងកន្លែង​”

623

​ការ​វាយឆ្មក់ ការបាញ់ប្រហារ ការសម្លាប់ គឺ​កើតឡើង​ដដែលៗ​។ ប្រទេស​ឥណ្ឌូនេស៊ី​កំពុងចម្លង​តាម​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​ដ៏​អាក្រក់​និង​មិន​ធ្លាប់មាន​ពីមុនមក ដែល​ត្រូវបាន​ធ្វើឡើង​ដោយ​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​តឺ​តេ ក្នុង​គោលបំណង​បង្ក្រាប​ការជួញដូរ​គ្រឿងញៀន​ដែល​កំពុង​រីក​រាលដាល​កាន់តែខ្លាំង​នេះ​។​

​ខណៈដែល​អាជ្ញាធរ​បាន​បញ្ចេញ​នូវ​ការមិនសប្បាយចិត្ត​រប​ស់​ពួកគេ​ចំពោះ​ការដាក់ទណ្ឌកម្ម​ស្រាលៗ​ជា​ញឹកញយ​លើ​ពួក​ជួញដូរ​គ្រឿងញៀន ដែល​ចុងបញ្ចប់​បាន​ជះ​លុយ​ដ៏​សម្បើម​ដើម្បី​រីករាយ​នឹង​ការរស់នៅ​ដ៏​ហ៊ី​ហា​ខណៈ​កំពុង​ជាប់​នៅក្នុង​ពន្ធនាគារ​នោះ គោលនយោបាយ “​ជួប​បាញ់​នៅនឹងកន្លែង​” អាច​ត្រូវបាន​គេ​យកទៅអនុវត្ត​សម្រាប់​ធ្វើជា​ផ្លូវ​កាត់​មួយ ដើម្បី​ជម្រះ​ក្រុម​ជួញដូរ​គ្រឿងញៀន​ឱ្យ​អស់ពី​ដងផ្លូវ​នៃ​ប្រជុំ​កោះ​នានា​របស់​ឥណ្ឌូនេស៊ី​។​

​ប្រធានាធិបតី ចូ​កូ វី​ដូ​ដូ និង អគ្គស្នងការ​ប៉ូលិស​ជាតិ លោក​ឧ​ត្ត​ម​សេនីយ៍ ទី​តូ កា​ណា​វ៉ាន់ បាន​ព្រមាន​អំពី​ការចម្លង​វិធីសាស្ត្រ​តាម​លោក​ឌូ​តឺ​តេ​នេះ ហើយ​ថា​គោលនយោបាយ​របស់ខ្លួន​អាច​នឹង​លើស​ឌូ​តឺ​តេ​ទៀត​។​

​អង្គការ​លើកលែងទោស​អន្តរជាតិ (Amnesty International) ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុង​ដ៍​បាន​និយាយថា​ជនជាតិ​ឥណ្ឌូនេស៊ី​និង​បរទេស​សរុប​ចំនួន ៥៥ នាក់​ត្រូវបាន​សម្លាប់​ដោយ​គ្មាន​ដំណើរការ​កាត់ក្តី​នៅ​តុលាការ​រវាង​ខែមករា​និង​ខែសីហា​ឆ្នាំនេះ ដោយ​ពួកគេ​ត្រូវបាន​បាញ់សម្លាប់​ដោយ​ភ្នាក់ងារ​សមត្ថកិច្ច​។​

​ខណៈពេលដែល​អង្គការ​នេះ​មិនបាន​ផ្តល់នូវ​តួលេខ​ប្រៀបធៀប​កាលពី​ឆ្នាំមុន​នោះ របាយការណ៍​ប្រព័ន្ធ​ផ្សព្វ​ផ្សាយបាន​បង្ហាញថា មិន​ដល់ ៥ នាក់​ទេ ត្រូវបាន​សម្លាប់​នៅក្នុង​ឆ្នាំ ២០១៦ ។​

​ចំនួន​អ្នកស្លាប់​នៅ​ឆ្នាំនេះ​មិនទាន់​ឈានដល់​កម្រិត​សម្លាប់​ក្រៅ​ប្រព័ន្ធតុលាការ​លើ​ពួក​អ្នកជួញដូរ​គ្រឿងញៀន​នៅក្រោម​អំណាច​លោក​ឌូ​តឺ​តេ នៅក្នុង​ប្រទេស​ហ្វីលីពីន​នោះទេ ដែល​អ្នកជួញដូរ​ថ្នាំញៀន​ចំនួន ៨.០០០ នាក់​បាន​ស្លាប់​ក្នុង​រយៈពេល ១១ ខែ​កន្លងមក ដែល​ក្នុងនោះ​មាន ២.៥០០ នាក់​បាន​ស្លាប់​នៅក្នុង​ការបាញ់ប្រហារ​អំឡុង​ការ​វាយឆ្មក់​។​

​ចំពេល​ដែលមាន​ការកើនឡើង​ចំនួន​អ្នកស្លាប់​នេះ លោក​វី​ដូ​ដូ​បាន​បន្ត​ឱ្យ​អនុវត្ត​បទបញ្ជា​របស់​គាត់​ជាថ្មី​ដដែល​ទៀត នៅ​ថ្ងៃទី ២១ ខែកក្កដា​ដើម្បីឱ្យ​មន្ត្រី​អនុវត្ត​ច្បាប់​បាញ់សម្លាប់​អ្នកជួញដូរ​គ្រឿងញៀន​ដោយ​គ្មាន​ការសោកស្តាយ ដែលជា​បទបញ្ជា​មួយ​នាំឱ្យ​ក្រុម​សកម្មជន​ជាច្រើន​ព្រួយបារម្ភ​ថា​នឹង​បង្កើន​ការសម្លាប់​និង​ផ្តល់នូវ​និ​ទណ្ឌ​ភាព​ដល់​ភ្នាក់ងារ​ប៉ូលិស​ដើម្បី​បាញ់សម្លាប់​មនុស្ស​បន្ថែម​ទៀត ជាង​ការការពារ​ខ្លួនឯង ដូចដែល​មានចែង​ក្នុង​ច្បាប់​៕ ដោយ៖ កញ្ញាដាលីស

គ្រឿងញៀន​ត្រូវបាន​បង្ហាញ​នៅ​សន្និសីទកាសែត​ក្នុង​ក្រុង​ហ្សា​ការ​តា​កាលពី​ថ្ងៃទី ១ សីហា