ស្លា​តាន់ អ៊ី​ប្រា​ហ៊ី​ម៉ូ​វី​ច ចង់បាន​កិច្ចសន្យា​រយៈពេល ១៨​ខែ​ជាមួយ​ក្លិប អា​សេ មី​លេន​

234
ចែករម្លែក

កីឡាករ ស្លា​តាន់ អ៊ី​ប្រា​ហ៊ី​ម៉ូ​វី​ច (Zlatan Ibrahimovic) បានសម្រេច​ចិត្ត​វិលត្រឡប់​ទៅកាន់​ក្លិប អា​សេ មី​លេន​( AC Milan) វិញ ប៉ុន្តែ​នៅ​រង់​ចាំមើល​ការផ្តល់​កិច្ចសន្យា​ដ៏​សមស្រប​សិន​មុននឹង សម្រេច​ចុះកិច្ចសន្យា​លេង​ផ្លូវការ​។

​ខ្សែប្រយុទ្ធ​វ័យ​៣៨​ឆ្នាំ​រូបនេះ​កំពុង​ស្វែងរក​ក្លឹប​ថ្មី ចាប់តាំងពី​ចាកចេញ​ពី​ក្លិប​អាម៉េរិក LA Galaxy កាលពី​ដំណាច់​រដូវ​កាល​ក្នុង​ក្របខ័ណ្ឌ MLS ហើយ​ទទួលបាន​ការចាប់អារម្មណ៍​ច្រើន​ពី​ក្លិប​នៅ ប្រទេស​អ៊ីតាលី​។

​កាលពី​ថ្ងៃ​ច័ន្ទ ក្លិប Bologna បានប្រកាសថា ពួកគេ​នឹងមិន​តាម​ប្រមាញ់​កីឡាករ​រូបនេះ​បន្ត ទៀត​ទេ​។ ហើយ​តាម​សេចក្តីរាយការណ៍​ថា ដោយសារតែ ស្លា​តាន់​បានសម្រេច​ចិត្ត​វិលត្រឡប់ ទៅ​ចូលរួម​ជាមួយ​ក្លឹប AC Milan នៅ​ខែមករា​ខាងមុខនេះ​។

​ប៉ុន្តែ​នៅមាន​បញ្ហា​ជុំវិញ​កិច្ចសន្យា ដោយសារតែ អ៊ី​ប្រា​ហ៊ី​ម៉ូ​វី​ច ចង់បាន​ការធានា​កិច្ចសន្យា​រយៈ ពេល ១៨​ខែ​ពី​ក្លិប AC Milan ។

​តាម​ព័ត៌មាន​ថា ក្លិប AC Milan នឹង​ផ្តល់ជូន ១,៧​លាន​ផោន​សម្រាប់​រយៈពេល ៦ ខែ​ដំបូង​និង ៣,៤​លាន​ផោន​ទៀត​សម្រាប់​រយៈពេល​នៅសល់​។

​ប៉ុន្តែ​បញ្ហា​គឺថា ក្លិប​នេះ​នឹង​ធានា​ផ្តល់​កិច្ចសន្យា​រហូតដល់​ចប់​រដូវ​កាល​នេះ​តែប៉ុណ្ណោះ ហើយ យុទ្ធនាការ​ឆ្នាំ​បន្ទាប់ គឺ​អាស្រ័យ​លើ​ការបង្ហាញ​សមត្ថភាព​នៅលើ​ទីលាន​ប្រកួត ហើយ​ថា លក្ខខណ្ឌ​នេះ​មិនត្រូវ​ចិត្ត អ៊ី​ប្រា​ហ៊ី​ម៉ូ​វី​ច ទេ​។

​មានការ​រំពឹងថា ស្លា​តាន់ នឹង​យល់ព្រម​ទទួលយក​លក្ខខណ្ឌ​នេះ ស្របពេល​ភ្នាក់ងារ​លោក មី​ណូ រ៉េ​អូ​ឡា (Mino Raiola) ចង់​សម្រេច​កិច្ចព្រមព្រៀង​ឲ្យ​បាន​ឆាប់​ជាមួយ​ក្លិប AC Milan ៕ ប្រែ​សម្រួល​: ពិសិដ្ឋ

កីឡាករ ស្លា​តាន់ អ៊ី​ប្រា​ហ៊ី​ម៉ូ​វី​ច (Zlatan Ibrahimovic)