ស្លឹកគ្រៃ​នៅតែ​បន្ត​ហូរ​ចូល​ពី​វៀតណាម​មក​ទីផ្សារ​កម្ពុជា​រាប់រយ​តោន​ក្នុង​មួយឆ្នាំៗ​

390

(​ភ្នំពេញ​)៖​ស្លឹកគ្រៃ​គ្រាន់តែ​ជា​គ្រឿងផ្សំ​មួយផ្នែក​តូច​សម្រាប់​ម្ហូបអាហារ ត្រូវបាន​មន្ត្រី​នៃ​អង្គការ​កសិកម្ម​មួយ​អះអាងថា​នៅតែ​បន្ត​​នាំចូល​ពី​វៀតណាម មក​ទីផ្សារ​កម្ពុជា​ឥត​ស្រាកស្រាន្ត ។
​ ​
​លោក ពេជ្រ វណ្ណៈ មន្ត្រី​សិក្សា​ស្រាវជ្រាវ​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា​ហៅ​កាត់​ថា សេ​ដាក បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​កាលពីពេល​ថ្មីៗ​នេះ​ថាៈ នៅតែ​បន្ត​ហូ​ចូលមក​កម្ពុជា​ដដែល គឺ​រាប់រយ​តោន​ក្នុង​មួយឆ្នាំៗ ឬក៏​អាច​និយាយបានថា​នាំចូល​ប្រមាណ​ពី​២០ ទៅ​៣០​តោន​ក្នុង​មួយថ្ងៃ ។ បញ្ហា​នេះ​គឺ​យើង​ជា​សមត្ថកិច្ច​មិនអាច​ទប់ស្កាត់​និង​កាត់បន្ថយ​បានទេ ។ ​ចង់​ទប់ស្កាត់​លុះត្រាតែ​ការដាំដុះ​ក្នុងស្រុក​អាច​ផ្គត់ផ្គង់​លើ​ទីផ្សារ​ខ្លួនឯងបាន​គ្រប់គ្រាន់ ទើប​ការ​នាំចូល​មានការ​ថយចុះ ។ ការ​នាំចូល​ស្លឹកគ្រៃ​ពី​ប្រទេសក្រៅ​ចូលមក​កម្ពុជា​នេះ ត្រូវបាន​គេ​មើលឃើញ​បាន​នាំចូល​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។​ប្រការនេះ​ធ្វើ​ឲ្យ​គេ​រិះ គន់​ថា គ្រាន់តែ​ស្លឹកគ្រៃ​ដែលជា​ដំណាំ​ងាយ​ដាំ​បំផុត បែរជា​អត់​ស្លឹកគ្រៃ​បរិភោគ ហើយ​នាំចូល​ពី​ប្រទេស​ជិត ខាង​ទៅវិញ ។ មិន​ត្រឹមតែ​ទីផ្សារ​កណ្តាល​ក្រុងភ្នំពេញ​ទេ​ដែល​បរិភោគ​ស្លឹកគ្រៃ​នាំចូល សូម្បីតែ​នៅ​ខេត្ត មួយចំនួន​តាម​ជាយដែន​ក៏​ទិញ​ស្លឹកគ្រៃ​ពី​គេ​បរិភោគ​ដែរ ។
​ ​
​ក្នុង​បណ្តាញ​ហ្វេ​ស​ប៊ុ​ក​ដែលមាន​ឈ្មោះថា សូ​ភា ដែលជា​អ្នក​ចូលចិត្ត​ដំណាំ​កសិកម្ម​ផ្នែក សរីរាង្គ ស្ថិតក្នុង​ឃុំ​ពពែ​ត​ស្រុក​ស្វាយទាប​ខេត្តស្វាយរៀង​បាន​ចាប់អារម្មណ៍​ទៅនឹង​ការ​នាំចូល​ស្លឹកគ្រៃ​ពី​ប្រទេសជិតខាង ច្រើន​ហួសប្រមាណ​។​លោក​បាន​បញ្ចេញមតិ​ប្តេជ្ញា​ថា នឹង​ពង្រីក​ដំណាំ​ស្លឹកគ្រៃ​ឱ្យ បាន​មួយ​ម៉ឺន​គុម្ព នៅ​ឆ្នាំ ២០១៨​នេះ ដែល​ជួយ​រួមចំណែក​កាត់បន្ថយ​ការនាំ​ចូល​ពី​គេ ។ សូម្បីតែ​ផ្សារ​នានា​ក្នុង​ខេត្តស្វាយរៀង​ក៏​តម្រូវការ​ស្លឹកគ្រៃ​ប្រមាណ ៥០​តោន​ក្នុង​មួយថ្ងៃៗ ហើយ​ថ្លៃ​លក់​បោះ​ដុំ​នៅ​ទីនោះ ប្រមាណ ១៥០០​រៀល ក្នុង​មួយ​គីឡូក្រាម ៕​ដោយៈ មូល សម្បត្តិ​/sn