ស្លឹក​ត្របែក​អាចជួយ​បញ្ហា​ជ្រុះ​សក់

1085
ចែករម្លែក

នរណាម្នាក់​ក៏​ធ្លាប់​ជួបប្រទះ​នូវ​បញ្ហា​សក់​ផ្សេងៗ​ដែរ ជាពិសេស​នោះ គឺ​បញ្ហា​សក់​ជ្រុះ បើទោះជា​ខំ​ប្រើប្រាស់​ផលិតផល​ថែរក្សា​ការពារ​យ៉ាងណាក៏ដោយ​។ ប៉ុន្តែ​មាន​រូបមន្ត​បែប​ធម្មជាតិ​ជាច្រើន​ដែល​អាចជួយ​ដោះស្រាយ​បញ្ហា​សក់​ជ្រុះ​យ៉ាង​មាន​ប្រសិទ្ធិភាព ដោយ​មិន​ផ្ដល់​ផលប៉ះពាល់​គីមី​គ្រោះថ្នាក់​ថែមទៀត​។

រូបមន្ត​ពិសេស​មួយ​ក្នុងចំណោម​នោះ​ដែល​អ្នក​គួរ​សាកល្បង គឺ​ការប្រើប្រាស់​ស្លឹក​ត្របែក​។ ការប្រើប្រាស់​ស្លឹក​ត្របែក​លាប​លើស​ក់​អាចជួយ​ឲ្យ​សក់​ប្រែជា​ទន់​រលោង ហើយ​រស់​រវើក​។ ប៉ុន្តែ​សម្រាប់​អ្នក​ដែល​ជ្រុះ​សក់ ស្លឹក​ត្របែក​អាចជួយ​ធ្វើ​ឲ្យ​សក់​ប្រែជា​ក្រាស់ និង​មាន​ទម្ងន់​។ ស្លឹក​ត្របែក​មាន​ឥទ្ធិពល​ជម្រុញ​ដល់​ការលូតលាស់​នៃ​សក់ ដោយ​វា​ជួយ​ព្យាបាល​បញ្ហា ផ្សេងៗ​នៃ​ស្បែកក្បាល ដែលជា​ទូទៅ​បណ្ដាល​ឲ្យ​សក់​ជ្រុះ​។

ស្លឹក​ត្របែក​មាន​លក្ខណៈសម្បត្តិ​ក្នុងការ​ព្យាបាល​ដូចជា ប្រឆាំងនឹង​ការ​រលាក​,​ប្រឆាំងនឹង អុកស៊ីតកម្ម​, ជា​ថ្នាំ​បំបាត់​ការឈឺចាប់ និង​កម្ចាត់​បាក់តេរី​ហើយ​លក្ខណៈសម្បត្តិ​ទាំងអស់ នេះ គឺ​រួមចំណែក​ធ្វើឱ្យ​សុខភាព​ស្បែកក្បាល​ល្អប្រសើរ​។ អត្ថបទ​ខាងក្រោម នឹង​បង្ហាញ ឲ្យ​ដឹង​ពី​អ្វីដែល​អ្នកត្រូវការ និង​របៀប​ក្នុង​ប្រើប្រាស់​ស្លឹក​ត្របែក​បញ្ឈប់​បញ្ហា​សក់​ជ្រុះ ៖

១. អ្វីដែល​អ្នកត្រូវការ ៖
– ស្លឹក​ត្របែក​ស្រស់ ១ ក្ដាប់ដៃ​ពេញ​
– ទឹក​ធម្មតា ១ លីត្រ​
– កន្ត្រក ឬ​សម្រាប់​ត្រង​
– ឆ្នាំង ១

២. របៀប​អនុវត្ត​
– ចាក់ទឹក ១ លីត្រ ចូលក្នុង​ឆ្នាំង​
– ដាក់​ដាំទឹក​ក្នុង​ឆ្នាំង​នោះ​
– នៅពេល​ទឹក​ពុះ បន្ថែម​ស្លឹក​ត្របែក​ចូល​
– បន្ត​ដាំ​ស្លឹក​ត្របែក​ក្នុង​ទឹក​សម្រាប់​រយៈពេល ២០ នាទី​
– ចាក់​ស្រង​ស្លឹក​ត្របែក​ចេញ ដើម្បី​យក​ទឹក​។​
– ទុក​ឲ្យ​ទឹក​នៃ​ស្លឹក​ត្របែក​ចុះ​ត្រជាក់​សិន សឹម​លាប​វា​លើ​ស្បែកក្បាល​របស់​អ្នក​។​

​ត្រូវ​ប្រាកដថា អ្នក​បាន​កក់​សម្អាត​សក់​ស្អាត​រួចរាល់​ហើយ​នៅ​មុនពេល​ប្រើប្រាស់​ទឹក ស្លឹក​ត្របែក​។ អ្នក​អាច​ប្រើប្រាស់​សាប៊ូកក់សក់​ដូច​ធម្មតា និង​ទុក​ឲ្យ​សក់​ស្ងួត​សិន​បន្ទាប់ពី​កក់ ហើយ​សឹម​លាបទឹក​ស្លឹក​ត្របែក​លើ​ស្បែកក្បាល​។ ដើម្បី​ឲ្យ​កាន់តែ​ងាយស្រួល​អ្នក​អាចធ្វើ ការ​វែក​សក់ ខណៈពេល​លាបទឹក​ស្លឹក​ត្របែក​ក្នុង​សក់​។

​ចាប់ផ្ដើម​ម៉ាស្សា​ឲ្យ​ចូល​ស្បែកក្បាល​សម្រាប់​រយៈពេល​ប្រហែលជា ១០ នាទី ឬ​យូរ​ជាង​នេះ តាមចិត្ត​របស់​អ្នក​។ លាង​សម្អាត​សក់​ចេញ​នៅ​រយៈពេល ២ ម៉ោង​បន្ទាប់ ឬ​ទុកចោល មួយ​យប់ សឹម​លាង​ចេញ​នៅ​ព្រឹក​បន្ទាប់​៕ ដោយៈ health.com.kh