ស្វាឪ (gorilla) មួយក្បាលបានដើរបង្អួតរាងមើលតែតារាបង្ហាញម៉ូតយ៉ាងឡូយគួរឱ្យភ្ញាក់ផ្អើល នៅពេលវាដើរនៅក្នុងទ្រុងនៅសួនសត្វ។
អិនដូវី (N’Dowe) គឺជាអម្បូរស្វាឪ Western Lowland មួយក្បាលប្រចាំនៅសួនសត្វ Paignton Zoo ស្ថិតនៅក្នុងតំបន់ដេវ៉ុន (Devon) ប្រទេសអង់គ្លេស។ នៅសួនសត្វខាងលើនេះក៏មានក្រពើ បក្សីយក្ស emu ដែលស្រដៀងអូទ្រីស និងទោចផងដែរ។
ហើយស្វាឪឈ្មោលដែលមានអាយុ ១៦ ឆ្នាំនេះបានព្យាយាមបង្ហាញថា វាជាស្ដេចនៅក្នុងព្រៃ នៅពេលវាដើរបង្អួតរាងលើវាលស្មៅក្នុងទ្រុងរបស់វា និងធ្វើភ្នែកដាក់កាមេរ៉ា។ អ្នកថែសួន និយាយថា ស្វាឪដែលមានទម្ងន់រហូតដល់ទៅ ១៩០ គីឡូនេះចូលចិត្តចាប់ត្រីណាស់ហើយ សរសើរវាថាជាសត្វដ៏ឆ្លាត និងស្លូត ហើយស៊ីមិនចេះរើស។
ជាទូទៅ ស្វាឪត្រូវបានប្រទះឃើញនៅក្នុងព្រៃត្រូពិច និងតំបន់វាលទំនាបដីសើមនៅអាហ្វ្រិកកណ្ដាល ហើយចូលចិត្តស៊ីស្លឹករុក្ខជាតិដុះទាបៗ និងផ្លែឈើ។ នៅក្នុងព្រៃពួកវាស្ទើរតែដាច់ ពូជទៅហើយដោយសាររងការគំរាមកំហែងពីការប្រមាញ់ សង្គ្រាមនិងការបំផ្លិចបំផ្លាញជម្រក របស់ពួកវា៕ ប្រែសម្រួលៈ ខុម