ស្វែងយល់​ពី​ការប្រកាស​ឲ្យ​ប្រើ​រដ្ឋធម្មនុញ្ញ​?

1526
ចែករម្លែក
  • 171
    Shares

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ នៅ​ថ្ងៃទី​២៤ ខែកញ្ញា ស្អែក​នេះ គឺជា​ទិវា​ខួប​លើក​ទី​២៥​ឆ្នាំ (២៤ កញ្ញា ១៩៩៣-២៤ កញ្ញា​២០១៨) នៃ​ការប្រកាស​ប្រើ​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលជា​ទិវា​ប្រវត្តិសាស្ត្រ​ដ៏​មាន​សារសំខាន់​ដែលជា​រៀងរាល់ឆ្នាំ​រាជរដ្ឋាភិបាល​កម្ពុជា​តែងតែ​ប្រារព្ធ​ទិវា​នេះ​។​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម​សីហនុ​អតីត​មហាវីរក្សត្រ​ព្រះ​បរម​រតន​កោដ្ឋ​ព្រះអង្គ​បាន​ឡាយ​ព្រះ​ហត្ថលេខា​លើ​ព្រះរាជក្រម​ប្រកាស​ឲ្យ​ប្រើ​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ឆ្នាំ​១៩៩៣​។​

​លោក​តាំង រតនា អគ្គលេខាធិការ នៃ​ក្រុមប្រឹក្សាធម្មនុញ្ញ (​រូប​ថ​តៈ មុនី​រ័ត្ន​)​

​លោក​តាំង រតនា អគ្គលេខាធិការ នៃ​ក្រុមប្រឹក្សាធម្មនុញ្ញ បាន​ថ្លែងថា នៅក្នុង​បរិបទ​ជា​រដ្ឋ​ទំនើប គឺ​ចាប់តាំងពី​ឆ្នាំ​១៩៤៧​មក​គឺ​កម្ពុ​ជាមាន​រដ្ឋធម្មនុញ្ញ​ចំនួន​៦​ដែលមាន​ការផ្លាស់ប្តូរ​ពី​រដ្ឋធម្មនុញ្ញ​មួយ​ទៅ​រដ្ឋធម្មនុញ្ញ​មួយ អាស្រ័យ​ទៅតាម​បរិបទ​នយោបាយ​របស់​ប្រទេស ចាប់ពី​ឆ្នាំ​១៩៤៧ រហូតមកដល់​ឆ្នាំ​១៩៩៣ ដោយ​ក្នុងនោះ គឺ​រដ្ឋធម្មនុញ្ញ​ទី​១ ត្រូវបាន​អនុម័ត និង​ប្រកាស​ឲ្យ​ប្រើ​នៅក្នុង​ឆ្នាំ​១៩៤៧ (​នៅក្នុង​របប​ព្រះរាជាណាចក្រ​ទី​១)​។ រដ្ឋធម្មនុញ្ញ​ទី​២ ត្រូវបាន​ប្រកាស​ឲ្យ​ប្រើ​នៅក្នុង​ឆ្នាំ​១៩៧២ (​បន្ទាប់ពី​ផ្លាស់ប្តូរ​របប​)​។ រដ្ឋធម្មនុញ្ញ​ទី​៣ ត្រូវបាន​ប្រកាស​ឲ្យ​ប្រើ​នៅក្នុង​ឆ្នាំ​១៩៧៦ (​របប​កម្ពុជា​ប្រជាធិបតេយ្យ​)​។ រដ្ឋធម្មនុញ្ញ​ទី​៤ ត្រូវបាន​ប្រកាស​ឲ្យ​ប្រើ​នៅ ក្នុង​ឆ្នាំ​១៩៨១ (​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​)​។ រដ្ឋធម្មនុញ្ញ​ទី​៥ ត្រូវបាន​ប្រកាស​ឲ្យ​ប្រើ​នៅក្នុង​ឆ្នាំ​១៩៨៩ (​ក្នុង​របប​រដ្ឋ​កម្ពុជា​) ។ រដ្ឋធម្មនុញ្ញ​ទី​៦ ត្រូវបាន​ប្រកាស​ឲ្យ​ប្រើ​នៅក្នុង​ឆ្នាំ​១៩៩៣​។​

​លោក​បាន​បន្តថា រដ្ឋធម្មនុញ្ញ​ទាំង​៥ បាន​អនុវត្ត​កន្លងផុត​ទៅហើយ ផ្តើមចេញពី​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ា​រី​ស្តីពី​ដំណោះស្រាយ​រួម​នូវ​វិ​បិ​ត្ត​កម្ពុជា ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​១៩៩១ គឺ​កម្ពុជា​បាន​ផ្លាស់ប្តូរ​ចូលទៅក្នុងរ​បទ​ប្រវត្តិសាស្ត្រ​ថ្មី​មួយ ដោយមាន​ការឯកភាព​ផ្ទៃក្នុង ការដោះស្រាយ​បញ្ហានយោបាយ គឺ​កម្ពុជា​បានរៀបចំ​ការបោះឆ្នោត​នៅក្នុង​ខែឧសភា ឆ្នាំ​១៩៩៣ ដែលមាន​ការគាំទ្រ​ពី​អង្គការសហប្រជាជាតិ ដោយ​អាជ្ញាធរ​អ៊ុនតាក់​បាន​ជួយ​រៀបចំ ហើយ​រដ្ឋធម្មនុញ្ញ​បច្ចុប្បន្ន គឺមាន​ប្រវត្តិ​ជាប់ទាក់ទង​ទៅ​និង​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ និង​នយោបាយ​នៅក្នុង​ឆ្នាំ​១៩៩៣​។ ហើយ​នៅ​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​១៩៩៣ នៅក្នុង​មហា​ប្រាសាទ​ទេវាវិនិច្ឆ័យ នៅក្នុង​ព្រះបរមរាជវាំង ដែលជា​ទិវា​ប្រវត្តិសាស្ត្រ គឺ​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ អតីត​មហាវីរក្សត្រ ព្រះ​បរម​រតន​កោដ្ឋ ព្រះអង្គ​បាន​ឡាយ​ព្រះ​ហត្ថលេខា​លើ​ព្រះរាជក្រម​ប្រកាស​ឲ្យ​ប្រើ​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឆ្នាំ​១៩៩៣​។ ហើយ​នៅ​ថ្ងៃទី​២៤ ខែកញ្ញា គឺជា​ថ្ងៃ កំណើត​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៣ គឺ​ចាប់ពី​ឆ្នាំ​១៩៩៣ រហូតមកដល់​ឆ្នាំ​២០១៨ គឺ​រដ្ឋធម្មនុញ្ញ​កម្ពុជា​មាន​អាយុកាល​២៥​ឆ្នាំ​។​

​អគ្គលេខាធិការ​ក្រុមប្រឹក្សាធម្មនុញ្ញ​បាន​បញ្ជាក់ថា រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៣ គឺមាន​លក្ខណៈ​ស្របទៅតាម​គោលការណ៍​រួម នៃ​រដ្ឋធម្មនុញ្ញ​ទំនើប បែប​ប្រជាធិបតេយ្យ​។ ហើយ​ចំណុច​សំខាន់ៗ នៅក្នុង​រដ្ឋធម្មនុញ្ញ គឺ​របបរាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ របប​ប្រជាធិបតេយ្យ សេរី​ពហុបក្ស​។ រដ្ឋធម្មនុញ្ញ​កម្ពុជា​បានចែង​នូវ​គោលការណ៍ នៃ​ការបែងចែក​អំណាច រវាង​អំណាចនីតិប្បញ្ញត្តិ និតិប្រតិបត្តិ និង​តុលាការ បានអនុម័ត​នូវ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ និង​គោលការណ៍​នីតិរដ្ឋ​។​

​លោក​តាំង រតនា បានបញ្ជាក់​ទៀតថា រដ្ឋធម្មនុញ្ញ​កម្ពុជា បានធ្វើ​វិសោធនកម្ម​ចំនួន​០៨​ដង ក្នុង​រយៈពេល​២៥​ឆ្នាំ គឺ​ពី​ឆ្នាំ​១៩៩៣ រហូតមកដល់​ឆ្នាំ​២០១៨​នេះ​។ ហើយ​ពាក់ព័ន្ធ​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នេះ គឺ​សម្រាប់​តម្រូវការ​របស់​ជាតិ និង​ជា​វិធី​មួយ​ដើម្បី​ធ្វើការ​សម្របសម្រួល​នៅក្នុង​ប្រព័ន្ធ​ច្បាប់​នៅក្នុង​ប្រព័ន្ធគ្រប់គ្រង​រដ្ឋ ពីព្រោះ​ពីមួយ​ដំណាក់កាល​ទៅមួយ​ដំណាក់កាល នៃ​ការប្រព្រឹត្តទៅ​របស់​រដ្ឋ គឺ​តែងតែមាន​ការផ្លាស់ប្តូរ​។

​រដ្ឋធម្មនុញ្ញ​កម្ពុជា​ឆ្នាំ​១៩៩៣ រហូត​ម​មកដល់​ឆ្នាំ​២០១៨ គឺ​បានធ្វើ​វិសោធនកម្ម​ចំនួន​៨​លើក​ហើយ ដោយ​លើក​ទី​១. ធ្វើ​នៅក្នុង​ឆ្នាំ​១៩៩៤​។ លើក​ទី​២.​នៅក្នុង​ឆ្នាំ​១៩៩៩​។ លើក​ទី​៣.​នៅក្នុង​ឆ្នាំ​២០០១​។ លើក​ទី​៤. នៅក្នុង​ឆ្នាំ​២០០៥​។ លើក​ទី​៥. នៅក្នុង​ឆ្នាំ​២០០៦​។ លើក​ទី​៦. នៅក្នុង​ឆ្នាំ​២០០៧​។ លើក​ទី​៧.​នៅក្នុង​ឆ្នាំ​២០១៤ និង​លើក​ទី​៨.​នៅក្នុង​ឆ្នាំ​២០១៨៕សរន

​លោក​តាំង រតនា អគ្គលេខាធិការ នៃ​ក្រុមប្រឹក្សាធម្មនុញ្ញ (​រូប​ថ​តៈ មុនី​រ័ត្ន​)​