ស្វែងរក​ទីផ្សារការងារ​បាន​ជោគជ័យ លុះត្រាតែ​សាមីខ្លួន​មាន​សមត្ថភាព​ពិតប្រាកដ​

1213
ចែករម្លែក

ដោយ​: បូកគោ / កំពត​: ដើម្បី​ដណ្តើម​ទីផ្សារការងារ​បាន​ជោគជ័យ លុះត្រាតែ​សាមីខ្លួន​ឆ្លងកាត់​ការសិក្សា​នៅ​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​ណាមួយ ប្រកបដោយ​គុណភាព និង​ទទួលបាន​នូវ​សមត្ថភាព​ពេញលេញ​។​

​នាឱកាស​នៃ​ពិធី​វាយតម្លៃ​លើ​បទ បង្ហាញ​នូវ​កម្រិត​សមត្ថភាព​របស់​និស្សិត​បរិញ្ញាបត្រ​ជាន់ខ្ពស់ សាកលវិទ្យាល័យ​ឯកទេស នៃ​កម្ពុជា​សាខា​ខេត្តកំពត នាពេល​ថ្មីៗ​នេះ លោក​បណ្ឌិត​ថោង យ៉ា​វ៉ាន់ ប្រធាន​គណៈកម្មការ បាន​មានប្រសាសន៍ថា ដើម្បី​ដណ្តើម​ទីផ្សារការងារ​បាន​ជោគជ័យ លុះត្រាតែ​សាមីខ្លួន​ឆ្លងកាត់​ការសិក្សា​នៅ​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​ណាមួយ ប្រកបដោយ​គុណភាព និង​ទទួលបាន​នូវ​សមត្ថភាព​ពេញលេញ​។ ជា​ក្រឹត្យក្រម មុននឹង​បញ្ចប់​ការសិក្សា​គ្រប់​និស្សិត​ថ្នាក់បរិញ្ញាប័ត្រ ក៏ដូចជា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ ចាំបាច់​ត្រូវតែ​ឆ្លងកាត់​ការវាយតម្លៃ​ពី​គណៈកម្មការ​ដ៏​ជាក់លាក់​នូវ​កម្រិត​សមត្ថភាព​នៃ​ការចងចាំ ទាំង​ទ្រឹស្តី​ទាំង​ការអនុវត្ត​ដើម្បីឱ្យ​ប្រាកដថា​សាមីខ្លួន​មាន​សមត្ថភាព​ពិត ក្នុង​ការចូលរួម​ប្រកួតប្រជែង​ដណ្តើម​ទីផ្សារការងារ ជាមួយ​បណ្តា​និស្សិត​មកពី​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​នានា​។

​លោក​បណ្ឌិត​បាន​បន្តថា​ធម្មតា ការសិក្សា​កាលណា​ជិត​ដល់ពេល​បញ្ចប់ ជាគោលការណ៍ និស្សិត​គ្រប់រូប​ត្រូវតែ​សរសេរ ហើយ​ការពារ​របាយការណ៍រ​បស់​ខ្លួន មុននឹង​ឈានទៅ​ប្រឡង​យក​សញ្ញាបត្រ​ពី​សាកលវិទ្យាល័យ​របស់​ខ្លួន​។ ការវាយតម្លៃ​លើ​របាយការណ៍​ស្រាវជ្រាវ​មិនមែនជា​ការដាក់​សម្ពាធ ឬ​គាបសង្កត់​ស្មារតី​របស់​និស្សិត​ឡើយ តែ​ជាការ​រកឱ្យឃើញ​នូវ​និស្សិត​មាន​សមត្ថភាព​ពិតប្រាកដ​ដែល​បាន​ឆ្លងកាត់​ការសិក្សា​កន្លងមក​។ បើ​និស្សិត​ធ្វើបាន​ត្រឹមត្រូវ ហើយ​ឆ្លើយ​សំណួរ​របស់​គណៈកម្មកា​រ​បានល្អ នោះ​បញ្ជាក់​ឱ្យឃើញថា​សាមីខ្លួន​ស្រាវជ្រាវ​ដោយ​ខ្លួនឯង និង​មាន​សមត្ថភាព​ពិតប្រាកដ​។​

​លោក​ថោង យ៉ា​វ៉ាន់​បាន​បញ្ជាក់ថា​សាកលវិទ្យាល័យ​មួយ បើសិនជា​មិន​វាស់​ស្ទង់​នូវ​ចំណេះដឹង​របស់​និស្សិត​នោះ ការប្រកួតប្រជែង​ស្វែងរក​ទីផ្សារការងារ ជាមួយ​បេក្ខជន​មកពី​សាកលវិទ្យាល័យ​ផ្សេងៗ​មិន​អា​ទៅរួច​ឡើយ​៕ ល​