ស្វែង សុជាតិ រំភើប​មិន​ស្ទើរ ខណៈ​ក្ដោប​បាន​ពាន​កំពូល​១​ទៀត ក្នុងឆ្នាំនេះ​

261

​ក្នុងចំណោម​ភាពយន្ត​ដែល​រកចំណូលបាន​ច្រើនជាងគេ​ទាំង ១០ ប្រចាំឆ្នាំ​របស់​រោងភាពយន្ត Legend Cinema ភាពយន្ត​ខ្មែរ​ដែល​ផលិត​ដោយ​អ្នកស្រី Angelina Jolie ក្នុង​ខេត្តបាត់ដំបង ដោយ​ជា​ដក់ស្រង់​ចេញពី​រឿង​ពិត និង​ជាការ​ចងចាំ​របស់​កុមារី​កម្ពុជា​ម្នាក់ គឺ​រឿង «​មុនដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ា​របស់ខ្ញុំ​» ទទួលបាន​ពាន​ចំនួន​៣ ពី​កម្មវិធី ភាពយន្ត​ប្រចាំឆ្នាំ​២០១៧​។ ក្នុងនោះ ២​ពាន​គឺជា​តំណែង​ចំណាត់​ភាពយន្ត និង​១​ទៀត​ត្រូវ​បានប្រគល់​ទៅ​តួ​សម្ដែង​។​

​រឿង «​មុនដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ា​របស់ខ្ញុំ​»

​ពាន​ទាំង​២​ប្រភេទ​ដែល​ភាពយន្ត​ខាងលើ​ទទួលបាន​រួមមាន ទី​១ “​ពានរង្វាន់​ភាពយន្ត​ប្រចាំឆ្នាំ​” ក្នុងចំណោម​ភាពយន្ត​ល្បី​ទាំង​១០ ដែល​រាប់បញ្ចូល​ទាំង​ភាពយន្ត​បរទេស ភាពយន្ត​ហូលីវូដ​ល្បីៗ​ចំនួន​៥​។ ឯ​ទី​២​គឺ “​ភាពយន្ត​ខ្មែរ​ដែល​រកចំណូលបាន​ច្រើនជាងគេ​ប្រចាំឆ្នាំ​” ហើយ​ពាន​នេះ ជា​រង្វាន់​ភាពយន្ត​ខ្មែរ​ប្រចាំឆ្នាំ ត្រូវបាន​បោះឆ្នោតឱ្យ​ជាប់​ដោយ​មហាជន អ្នកតាមដាន​ទស្សនា​ភាពយន្ត​ទាំងអស់​។​

​អ្នកស្រី ស្វែង សុជាតា​

​លើសពីនោះ​ក៏មាន “​ពានរង្វាន់​តួឯក​ស្រី​ឆ្នើម​” មួយទៀត បាន​ធ្លាក់​ទៅដល់ អ្នកស្រី ស្វែង សុជាតា ដែល​សម្តែង​ក្នុង​រឿង «​មុនដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ា​របស់ខ្ញុំ​» ដូចគ្នា​។ សិល្បការិនី​ឆ្នើម ស្វែង សុជាតា ក៏​បង្ហាញ​សេចក្តីរំភើប​ជា​ពន់ពេក​។ អ្នកស្រី ចាត់ទុកថា នេះ​ជា​កាដូ​ចុងឆ្នាំ​របស់ខ្លួន ហើយក៏​មិន​នឹកស្មានថា​ភាពយន្ត ភាពយន្ត​និយាយ​ពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម ប្រមូលបាន​ពាន​ទាំងអស់​នៅថ្ងៃនេះ​ឡើយ​។​

​មិនមែន​ទើបតែ​ម្ដងនេះ​ទេ ក្នុង​ឆ្នាំ​ដដែល តារា​សម្ដែង​ជើងចាស់ ស្វែង សុជាតា បាន​ឱប​ពាន “​តារា​សម្ដែង​ស្រី​ឆ្នើម​” ម្ដង​ហើយ ពី មហោស្រព​ភាពយន្ត​អន្តរជាតិ​លើក​ទី​៧(CIFF) កាលពី​ថ្ងៃទី​៩​មីនា ឆ្នាំ​២០១៧​។ កាលណោះ ភាពយន្ត​ដែល​នាំ​ឲ្យ​នាង​ឆក់​បាន​តំណែង​នេះ គឺ​រឿង «​សតិ​ជាប់ទ្រុង​» និង «​មុនដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ា​របស់ខ្ញុំ​»​នេះឯង​៕

​អ្នកស្រី ស្វែង សុជាតា​

​អត្ថបទ​៖ Sunny/sn