ស្អី​គេ បារាំង​ដែលជា​មេដឹកនាំ​ប្រជាធិបតេយ្យ​នៅ​អឺរ៉ុប​បង្ក្រាប​សិស្ស​ដល់​ម្លឹ​ង​!

232

ហេតុតែខ្លាចស្រមោលកុបកម្មកាលពីចុងសប្តាហ៍កន្លងទៅ អាជ្ញាធរបារាំងចាត់វិធានាការសន្តិសុខប្លែកៗដែលមិនធា្លប់ត្រូវបានអនុវត្តនាពេលកន្លង ដូចជាបិទហាងនិងទីតាំងទេសចរណ៍ល្បីៗក្នុងក្រុងប៉ារីសនិងដាក់រថពាសដែលរួមទាំងកម្លាំងរាប់ម៉ឺនផងដើម្បីត្រៀមទប់ទល់ការតវ៉ាប្រឆាំងកុំអោយប្រែជាអំពើហិង្សាដ៏អាក្រក់ដូចកាលពីថ្ងៃសៅរិ៍ទី០១ធ្នូ។

ប៉ុន្តែមានរឿងហួសចិត្តមួយទៀត គឺថាក្មេងសិស្សសាលាអាយុមានដល់១២ឆ្នាំ បានស្ថិតចំណោមសិស្ស១៥៣នាក់ដែលត្រូវបានចាប់ឃាត់ខ្លួននៅសាលាមធ្យមសិក្សាមួយនៅបារាំង ខណៈច្បាប់និងសណ្តាប់ធ្នាប់បារាំងធ្លាក់ក្នុងបញ្ហានិងត្រូវការស្តារឡើងវិញ។

រូបវីដេអូរបស់ប៉ូលិសដែលឈរយាមក្មេងៗនៅសាលាLycée Saint-Exupéryនៅក្រុងម៉ង់តេហ្សូលី ចម្ងាយប្រមាណ៤៥គីឡូម៉ែត្រពីរដ្ឋធានីប៉ារីស ត្រូវបានបង្ហាញក្នុងបណ្តាញសង្គមកាលពីថ្ងៃសុក្រទី៧ធ្នូ។

កូនក្មេងនិងក្មេងជំទង់ ត្រូវបានបញ្ជាអោយដាក់ដៃលើក្បាលនិងលត់ជង្គង់ប្រៀបដូចជាឧក្រិដ្ឋជន ខណៈខ្លះទៀតដាក់មុខផ្ទប់នឹងជញ្ជាំង ហើយប៉ូលិសក្នុងឈុតបង្រ្កាបកុបកម្មស្រែកប្រាប់ទៅក្មេងៗថាពួកគេទាំងអស់ប្រឈមនឹងការចោទប្រកាន់ពីបទបង្កហិង្សាធ្វើអោយបាត់សណ្តាប់ធ្នាប់ រួមមានការចូលរួមក្នុងហ្វូងមនុស្សប្រដាប់អាវុធផង។

ពួកគេបានចូលរួមក្នុងកូដកម្មទូទាំងប្រទេសមួយថ្ងៃ ក្នុងបំណងរាំងខ្ទប់បិទទ្វារបណ្តាសាលានិងវិទ្យាល័យដើម្បីជាការតវ៉ាប្រឆាំងនឹងកំណែទំរង់ប្រព័ន្ធអប់រំ និងគាំទ្រចលនាបាតុកម្មអាវកាក់ពណ៌លឿងដែលកំពុងអុកឡុកបារាំងយ៉ាងក្រពុលមុខ។

អាវកាក់ពណ៌លឿងជាឈ្មោះអាវចាំងពណ៌របស់អ្នកបើកបររថយន្តទាំងអស់នៅបារាំងពាក់។ពួកគេបាននាំគ្នាពាក់អាវនេះដើម្បីជានិម្មិតរូបក្នុងអំឡុងពេលតវ៉ាប្រឆាំងការដំឡើងពន្ធប្រេង តែការតវ៉ារបស់ពួកគេឥឡូវវាទៅហួសពីប្រេងនិងទាមទារដល់ទៅជាង៤០ចំណុចអោយរដ្ឋាភិបាលដោះស្រាយ ខណៈក្រុមផ្សេងទៀតក្នុងសង្គមបារាំងបានឆ្លៀតពេលមានភាពវឹកវរនេះក៏ចេញមកតវ៉ាទាមទារផងដែរ រួមមានសិស្សនិស្សិត គ្រូពេទ្យនិងសហជីព។

ប្រឈមការតវ៉ាហិង្សានេះ ប្រធានាធិបតីអេម៉ានុយអែល ម៉ាក្រុងបានលុបចោលផែនការដំឡើងពន្ធប្រេង តែក្រុមអាវកាក់ពណ៌លឿងនេះមិនបានលុបចោលបាតុកម្មទាមទាររបស់ខ្លួនទេ។

បើតាមប៉ូលិសបារាំង ការបង្រ្កាបក្នុងរូបភាពអាក្រក់នេះត្រូវបានអនុវត្តដោយសារតែរថយន្តនិងធុងសម្រាមនៅសាលាក្នុងក្រុងម៉ង់តេហ្សូលីត្រូវបានដុតបំផ្លាញ និងមានការគំរាមដុតសាលាថែមទៀត។ក្មេងៗខ្លះដែលប្រព្រឹត្តកុបកម្មត្រូវចាប់ខ្លួនជាមួយនឹងស្នាប់ដៃ ដំបងនិងគ្រាប់បែកផ្សែង។

ប្រភពក្រសួងមហាផ្ទៃបារាំងបាននិយាយថា«ក្មេងសិស្សសាលាប្រមាណ៧០០នាក់ត្រូវបានចាប់ខ្លួននៅទូទាំងបារាំងពាក់ព័ន្ធនឹងការតវ៉ាប្រឆាំងនៅសាលាមធ្យមសិក្សា»ខណៈសាលារៀនជិត២៨០ត្រូវបានរំខានកាលពីថ្ងៃព្រហស្បតិ៍ ដោយ៤៥ត្រូវបានបិទមិនអោយបើកបង្រៀន៕ដោយ៖វាសនា